អ្នកកាសែត NHK ជប៉ុន ស្លាប់​ក្រោយ​ធ្វើ​ការ​ថែម​ម៉ោង គ្មាន​ពេលសម្រាក

  • 2017-10-06 07:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត បន្ទាប់​ពី​ធ្វើ​ការ​លើស​​រហូត​ដល់ ​១៥៩​ម៉ោង​ក្នុង​រយៈ​ពេល​​​មួយ​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អធិការកិច្ច​ពលកម្ម។

អ្នក​ស្រី Miwa Sado ជា​អ្នក​កាសែត​យក​ព័ត៌មាន​ផ្នែក​នយោបាយ​នៅ​សារព័ត៌មាន​ល្បី​ឈ្មោះ​មួយ​របស់​ជប៉ុន​ បាន​ទទួល​រង​ជំងឺ​ខ្សោយ​បេះ​ដូង​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៣ ​តែ​​និយោជក​​ទើប​បង្ហើប​ឲ្យ​ដឹង​នៅ​សប្ដាហ៍​នេះ។

មន្ត្រី​នៅ​ទីក្រុង​តូក្យូ​បាន​អះអាង​ថា ​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ស្លាប់ ​អ្នក​ស្រី​បាន​ឈប់​សម្រាក​ចំនួន​តែ​ ២ថ្ងៃ​ប៉ុណ្ណោះ។ អ្នក​ស្រី​​ជា​អ្នក​កាសែត​របស់​ទូរទស្សន៍​ NHK ​សម្រាប់​យក​ព័ត៌មាន​នៅ​ទីក្រុង​តូក្យូ ហើយ​បាន​ស្លាប់ ​ក្រោយ​យក​ព័ត៌មាន​ស្ដី​ពី​ការ​បោះ​ឆ្នោត​សភា​ជប៉ុន​​នៅ​វិមាន​​ក្រុម​ប្រឹក្សា (House of Councillors )។

​មន្ត្រី​ជាន់​ខ្ពស់​​ស្ថាប័ន​ផ្សព្វផ្សាយ​ខាង​លើ​និយាយ​ថា ​"មរណភាព​របស់​អ្នក​ស្រី Sado ​មិន​មែន​ដោយ​សារ​​បញ្ហា​​ផ្ទាល់​ខ្លួន​​ឡើយ គឺ​ជា​បញ្ហា​​របស់​អង្គភាព​របស់​យើង​ទាំង​មូល រួម​មាន​​ប្រព័ន្ធ​ការងារ និង​ម៉ោង​យក​ព័ត៌មាន​ស្ដី​ពី​ការ​បោះ​ឆ្នោត​ផង"។

ចំណែក​ខាង​ទូរទស្សន៍ NHK ក៏​បាន​ចូល​រួម​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​គ្រួសារ​សព​ផង​ដែរ។ អ្នក​ស្រី​បាន​ធ្វើ​ជា​អ្នក​កាសែត​ឲ្យ​ទូរទស្សន៍​ NHK តាំង​​ពី​ឆ្នាំ ២០០៥ និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៤​កក្កដា។

គួរ​រម្លឹក​ថា​ កាល​ឆ្នាំ ២០១៥ បុគ្គលិក​ផ្នែក​ផ្សព្វផ្សាយ​ជប៉ុន​​អាយុ ២៤​ឆ្នាំ​ម្នាក់ ដែល​ធ្វើ​ការ​លើស​ម៉ោង​ដល់​ទៅ ១០០​ម៉ោង​ក្នុង​មួយ​ខែ​ បាន​ធ្វើ​អត្តឃាត​ផង​ដែរ៕

ការិយាល័យ NHK នៅ​ទីក្រុងតូក្យូ

ចុចអាន៖

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម