រកឃើញ​គម្រោង​វាយ​ប្រហារ​របស់​ខ្មាន់​កាំភ្លើង Las Vegas មុន​បាញ់រះ​មិនរើសមុខ

  • 2017-10-08 08:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្មាន់​កាំ​ភ្លើង​នៅ​សណ្ឋាគារ និង​កាស៊ីណូ Mandalay Bay ដែល​បាន​បាញ់​រះ​សម្លាប់​មនុស្ស ៥៨​នាក់ និង​របួស​ជាង​ ៥០០​នាក់​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​កំណត់​ហេតុ​លម្អិត​មួយ​អំពី​វិធី​សាស្ត្រ​​សម្លាប់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

អាជ្ញាធរ​អះអាង​ថា ខ្មាន់​កាំ​ភ្លើង Stephen Paddock អាយុ ៦៤​ឆ្នាំ ​បាន​បើក​រថយន្ត​នៅ​កាន់​វាល​ខ្សាច់ Nevada ​ដើម្បី​ហាត់​សម​បាញ់​កាំ​ភ្លើង​​រយៈ​ពេល ២​ថ្ងៃ ​មុន​បាញ់​រះ​មិន​រើស​មុខ​លើ​​អ្នក​ឈរ​មើល​ការ​ប្រគំតន្ត្រី​ជាង ២២ ០០០នាក់​។

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60 Minutes របស់​ទូរទស្សន៍​អាមេរិក CBS ​ប៉ូលិស ៤​នាក់ ដែល​បាន​ចូល​ទៅ​រារាំង​ដល់​បន្ទប់​សណ្ឋាគារ​របស់​ខ្មាន់​កាំ​ភ្លើង​​មុន​គេ បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ពួក​គេ​បាន​រក​ឃើញ​កំណត់​ហេតុ​លម្អិត​ស្ដី​ពី​ការ​បាញ់​ដ៏​សាហាវ​​ក្នុង​ប្រវត្តិសាស្ត្រ​នេះ។

ក្នុង​កំណត់​ហេតុ​នោះ​បាន​រៀប​រាប់​ថា ​ខ្មាន់​កាំ​ភ្លើង​បាន​គណនា​ចម្ងាយ និង​កម្លាំង​កាំ​ភ្លើង​ដើម្បី​ឲ្យ​គ្រាប់​បាញ់​ចេញ​ទៅ​ ចំ​គោលដៅ​ល្អ​​ពី​សណ្ឋាគារ។ បន្ទ​ប់​របស់​ជន​ល្មើស​បាន​ចាក់​សោ​ជាប់​ពេល​ធ្វើ​សកម្មភាព។

អ្នក​ស៊ើប​អង្កេត​ផ្សេង​ទៀត ក៏​​បាន​អះ​អាង​ស្រដៀង​គ្នា​ថា ​ពួក​គេ​ទទួល​បាន​វីដេអូ​​​កាមេរ៉ា​សុវត្ថិភាព​​បង្ហាញ​ពី ខ្មាន់​កាំភ្លើង​បាន​បើក​រថយន្ត​ឆ្ពោះ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​​នៅ​ជាយ​ក្រុង Mesquite រដ្ឋ Nevada ហើយ​មាន​អ្នក​ស្រុក​ឃើញ​គាត់​ហាត់​បាញ់​ពិត​មែន។

លោក Paddock ជា​អ្នក​រស់​នៅ​ទីក្រុង Mesquite រដ្ឋ Nevada ​បាន​បើក​រថយន្ត​រយៈ​ពេល ៩០នាទី​ទៅ​​បន្ទប់​សណ្ឋាគារ​ទីក្រុង​ Las Vegas។ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ Paddock ចាប់​ផ្ដើម​ប្រមូល​កាំ​ភ្លើង​ទុក​នៅ​ឆ្នាំ ២០១៦ ​ទិញ​កាំ​ភ្លើង ៣៣​ដើម​ នៅ​ខែ​តុលា​ឆ្នាំ ២០១៦ រាប់​បញ្ចូល​ទាំង​កាំ​ភ្លើង​វែង AR-15​ ផង។

យ៉ាង​ណា​​មក​ទល់​ពេល​នេះ​ ប៉ូលិស​​អាមេរិក​កំពុង​សាកសួរ​​មិត្ត​ស្រី​របស់​ខ្មាន់​​កាំភ្លើង ដើម្បី​ស្វែង​រក​តម្រុង​ខ្លះ​ៗ​ពី​មូលហេតុ​​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ខាង​លើ៕

ខ្មាន់​កាំភ្លើង​ រួម​នឹង​មិត្ត​ស្រី និង​សាច់​ញាតិ​មិត្ត​ស្រី​​ជនជាតិ​ហ្វីលពីន​ ថត​ជុំ​គ្នា​ពីរ​បី​ឆ្នាំមុន
ខ្មាន់​កាំភ្លើង (ស្ដាំ) និង​បង​ប្រុស

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ