ផលិតករ​វ័យ​ក្មេង​២​រូប ​ប្រាប់​ពី​អត្ថប្រយោជន៍​ល្អ​បន្ទាប់​ពី​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​

  • 2017-10-09 04:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​​វ័យ​ក្មេង​២​រូប​ដែល​បាន​ចូល​រួម​ការ​ប្រកួត​​ភាពយន្ត​ខ្នាត​ខ្លី​ជា​មួយ​ Soyo រដូវកាលទី១ បាន​ចែក​រំលែក​ពី​បទពិសោធន៍ អត្ថប្រយោជន៍​​ដែល​ខ្លួន​ទទួល​បាន​ក្រោយ​ប្រកួត​កម្មវិធី​នេះ។ ​​​

ក្នុង​នោះ​ផលិត​ករ​រឿង "ផ្លូវ​វែង​អន្លាយ" និង "រទេះភ្លើង" លោក​ សាង ច័ន្ទវិសាល បាន​ឲ្យ​ដឹង​​ថា​ បទ​ពិសោធន៍​ និង​អ្វី​ថ្មី​ដែល​លោក​អាច​រៀន​សូត្រ​បាន​ពី​ការ​ចូលរួម​កម្មវិធី​នេះ គឺ​ការ​ចេះ​​​គ្រប់​គ្រង​ពេល​វេលា​នៃ​ការ​ផលិត​រឿង។ ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា ការ​ប្រកួត​នេះ​ត្រូវ​កម្រិត​រយៈ​ពេល​ ហើយ​វា​មិន​វែង​ឡើយ​សម្រាប់​លោក​ ដូច្នេះ​វា​ទាមទារ​ឲ្យ​លោក​ត្រូវ​ត្រូវ​ចេះ​បែង​ចែក​ពេលវេលា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​ក្រៅ​ពី​នេះ ​លោក​ត្រូវ​​ធ្វើ​ការ​ជា​មួយ​តួ​​សម្ដែង​ថ្មី ដែល​ពួក​គេ​ភាគ​ច្រើន​មិន​មាន​បទពិសោធន៍​ក្នុង​ការ​សម្ដែង​ទាល់​តែ​សោះ ទើប​វា​ក្លាយ​ជា​សម្ពាធ​សម្រាប់​ពួក​គេ។

សាង ច័ន្ទវិសាល

សរុប​មក​ បទ​ពិសោធន៍​ចម្បង​ដែល​លោក​ទទួល​បាន​គឺ ការ​​​ជម្នះ​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​តួ​ថ្មី​ ក្នុង​​រយៈ​ពេល​ខ្លី​នេះ។ អ្វី​ដែល​ពិសេស​នោះ​ គឺ​លោក​អាច​រៀន​​សូត្រ​បាន​ច្រើន​ពី​ការ​ធ្វើ​ការ​ជា​​ក្រុម​តូច និង​ថត​រយៈ​ពេល​ខ្លី ​ហើយ​អាច​បំបែក​សាច់​រឿង​ប្លែកៗ។

ជា​មួយ​គ្នា​នេះ​ដែរ ផលិតករ​រឿង "ចាប់​ជំរិត" លោក គីមអាន សុផាស័ក្ក បាន​លើក​ឡើង​ថា៖ "បើ​និយាយ​​ពិសោធន៍​ថ្មី​តែ​ម្ដង​ ព្រោះ​ខ្ញុំ​ជា​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ធ្វើ​រឿង​ប្រភេទ Action តែ​ពេល​មក​ធ្វើ​ជា​រឿង​បែបសប្បាយរីករាយ គឺ​ប្លែក​តែ​ម្ដង។ ទោះ​បី​រឿង​ខ្ញុំ​ មាន​ចំណង​ជើង​ថា​ "ចាប់​ជំរិត"​ មែន​​ តែ​វា​រឿង​កំប្លែង តួ​ថ្មី រសជាតិ​រឿង​បែបថ្មី"។ លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ការ​អនុវត្ត​ និង​ការ​បណ្ដុះ​បណ្ដាល​ខ្លះ​ពី​កម្មវិធី​ហើយ ​លោក​អាច​ដឹង​ពី​ចន្លោះ​ខ្វះ​ខាត​ ហើយ​នឹង​អាច​បំពេញ​​ឡើង​វិញ​សម្រាប់​ការ​ផលិត​ក្រោយ​ៗ​ទៀត។

គីមអាន សុផាស័ក្ក

ការ​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី​២​ ក្រោមប្រធានបទ «ស្នេហា» បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​​ប្រកាស​នេះ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​​ ឆ្នាំ​២០១៧​។ អត្ថប្រយោជន៍​មាន​ដូច​ជា​ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១ ០០០ ដុល្លារ​ សម្រាប់​ទ្រទ្រង់​ផលិតករ និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ទាក់​ទង​ជំនាញ​ផលិត​កុន។ ដើម្បី​ចូល​រួម​សូម​អាន​លក្ខណ​ខាង​ក្រោម​៖

​លក្ខខណ្ឌ៖

  • សរសេរ Script ទាក់ទងនឹងប្រធានបទ «ស្នេហា» ជាភាសាខ្មែរ និងអង់គ្លេស
  • ផ្ញើ Script មកផលិតកម្ម ComeTogether Films តាមរយៈ cometogetherfilms.kh@gmail.com ឲ្យបានមុនថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧
  • Script ដែលជាប់ក្នុងជម្រើស នឹងទទួលបានទឹកប្រាក់ ចំនួន១ពាន់ដុល្លារ សម្រាប់ផលិតជាភាពយន្ត
  • ផលិតភាពយន្តដែលមានរយៈពេលពី៥ ទៅ ២៥នាទី ឲ្យបានមុនថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៨

អ្នកឈ្នះចំនួន១០នាក់នឹងត្រូវជ្រើសរើសដោយគណៈកម្មការផ្អែក​ទៅ​លើ​ការដាក់​ពិន្ទុដូចជា ភាពយន្តល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) អ្នកសរសេរអត្ថបទរឿងល្អបំផុត (Best Screenplay) បច្ចេកទេសរូបភាពល្អ​បំផុត (Best Cinematography) សំឡេង​និង​បញ្ចូលល្អ​បំផុត (Best Sound & Design) ការ​រៀបចំ​ឆាកល្អ​បំ​ផុត​(Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត​(Best Actor) អ្នក​សម្តែង​ស្រី​ល្អ​បំផុត (Best Actress) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត​(Best Music)​។

ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចំពោះការប្រកួតប្រជែងភាគយន្តខ្នាតខ្លីនេះ កុំភ្លេចផ្ញើ Script ឥឡូវនេះមក!

​​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម