ចំណុច​ខ្លាំង​និង​ខ្សោយ​ទាំង ៣ ​មុន​ទិញ Pixel 2 ឬ Pixel 2 XL

  • 2017-10-09 22:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Pixel 2 និង Pixel 2 XL បាន​ប្រកាស​បង្ហាញ​កាល​ពី​យប់​ថ្ងៃ​ទី ៤ តុលាក្រោម​តម្លៃ​ប្រហែល​ ៦៤៩ ដុល្លារ និង ៩៤៩ ដុល្លារ (ទំហំ 128GB)។ ចំណុច​ពិសេស​ម្យ៉ាង​របស់​ស្មាតហ្វូន​នេះ ស្ថិត​លើ​ផ្នែក​កាមេរ៉ា ដែល​បាន​ឈរ​ចំណាត់​ថ្នាក់​ទី ១ ជា​ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​បំផុត​ក្នុង​លោក ទទួល​បាន​ពិន្ទុ​ដល់ ៩៨ ពី DxOMark។​

Sabay បង្ហាញ​ពី​ចំណុច​ខ្លាំង​និង​ខ្សោយ ៣ ​ម៉ូដែល ទាំង ២ ដែល​​អ្នក​គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ទិញ។

+ចំណុច​ខ្លាំង

១.គុណភាព​កាមេរ៉ា​ល្អ​ផ្តាច់​គេ

ដូច​បាន​បក​ស្រាយ​ពី​ខាង​លើ ថ្វី​បើ Pixel 2 និង Pixel 2 XL មាន​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ក្ដី តែ​កម្រិត​គុណភាព​បង្ហាញ​ចេញ​មក​ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ អាច​ធ្វើ​បាន​ប្រសើរ​ជាង​ទូរសព្ទ​ iPhone 8 Plus និង iPhone X ថែម​ទៀត​ផង។ នេះ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ Software ពិសេសៗ​ដែល Google បាន​សម្រិតសម្រាំង​យ៉ាង​ចាស់​ដៃ។​

២.មុខងារ Active Edge និង AR Core

Galaxy Note 8 មាន​ជំនួយការ​ពិសេស Bixby ខណៈ iPhone X មាន​មុខងារ ARKit ប៉ុន្តែ Pixel 2 អាច​ប្រើ​មុខងារ​ទាំង​នោះ​បាន​ដូច​គ្នា ជា​ពិសេស​គឺ​មុខងារ Active Edge ដែល​អ្នក​ត្រូវ​ច្របាច់​លើ​ស៊ុម​គែង​សង​ខាង​ទូរសព្ទ ស្រដៀង​នឹង HTC U11 ដើម្បី​ឲ្យ​បើក​មុខងារ​ជំនួយ​ការ Assistant របស់​ខ្លួន។ ដោយ​ឡែក​មុខងារ ARCore អ្នក​អាច​ប្រើ​កាមេរ៉ា​ដ៏​ស្រស់​ស្អាត​មួយ​នោះ ថត​បង្ហាញ​នូវ​ទិដ្ឋភាព​លេច​ធ្លោ ផ្សេង​ទៀត​ទៅ​ខាង​ក្រៅ ប្រហាក់ប្រហែល​ទៅ​នឹង​ស្ពត​ដែល Apple ធ្លាប់​បង្ហាញ​ពី ARKit។

៣.មុខងារ Always-On Display

ជា​មុខងារ​កើត​មាន​យូរ​មក​ហើយ​សម្រាប់​ត្រកូល Android ស៊េរី​ខ្ពស់ៗ ប៉ុន្តែ​ទន្ទឹម​ដែល Pixel 2 មាន​មុខងារ​ឆ្លាត​វៃ AI ជា​ជំនួយ ម្ល៉ោះ​ Google ក៏​បាន​បញ្ចូល​មុខងារ​នោះ​ត្រលប់​មក​ដាក់​លើ​ត្រកូល Pixel ថ្មី​នេះ​បន្ត​ទៀត។ វា​នឹង​បង្ហាញ Notification និង​ម៉ោង នៅ​លើ​អេក្រង់​ដែល​ងងឹត​ឈឹង អំឡុង​ពេល Lock Screen ប៉ុន្តែ​វា​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ប្រសើរ​ជាង​មុន។​​​

+ចំណុច​ខ្សោយ

1.Pixel 2 និង Pixel 2 XL មាន​កាមេរ៉ា​ស្មើ​គ្នា

ទាំង​គុណភាព​កាមេរ៉ា​ប្រព័ន្ធ Software កម្លាំង​ម៉ាស៊ីន ទូរសព្ទ Pixel 2 និង Pixel 2 XL មាន​ទំហំ​ស្មើ​គ្នា​ទាំង​អស់ ប៉ុន្តែ​តម្លៃ​នៃ​ការ​ចំណាយ រវាង​ស្មាតហ្វូន​ទាំង ២ គឺ​ខុស​គ្នា​ដល់​ទៅ ២០០ ដុល្លារ​។ បើ​អ្នក​សម្រេច​ចិត្ត​ថា​យក Pixel 2 XL ម្ល៉ោះ​មាន​ន័យ​ថា​ដើម្បី ស្មាតហ្វូន​អេក្រង់​ពេញ​និង​​ធំ​បន្តិច ក៏​ដូច​ជា​ថាមពល​ថ្ម​ខុស​គ្នា​បន្តិច អ្នក​ត្រូវ​ចាយ​បន្ថែម​ដល់ ២០០ ដុល្លារ ខុស​ពី iPhone 8 និង iPhone 8 Plus តម្លៃ​វា​ខុស​គ្នា​ប្រហែល​ ១០០ ដុល្លារ ប៉ុន្តែ​ Apple រចនា​លើ iP8 Plus មាន​គុណភាព​កាមេរ៉ា​ខ្ពស់​ជាង iP8 ឆ្ងាយ។

​2.ការ​លុប​រន្ធ​ដោត​កាស

មិន​ខុស​ពី​ក្រុមហ៊ុន Apple, Lenovo និង LeEco Google សម្រេច​ដើរ​តាម​គេ​លុប​រន្ធ​ដោត​កាស​ ៣.៥មម ចោល​ពី​ស្មាតហ្វូន Pixel 2។ ប៉ុន្តែ Google ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទិញ​ឧបករណ៍​ជំនួយ​ពី​ខាង​ក្រៅ ដែល​មាន​តម្លៃ ៤៤.៩៥ ដុល្លារ អាច​ឲ្យ​អ្នក​ស្ដាប់​ចម្រៀង​បណ្ដើរ និង​សាក​ថ្ម​បណ្ដើរ។ មធ្យោបាយ​មួយ​ទៀត អ្នក​អាច​ទិញ​កាស Pixel Bud ស្រដៀង​នឹង AirPods ថ្លៃ **១៥៩ ដុល្លារ​**ក៏​បាន។

3.អេក្រង់ Pixel 2 XL មិន​ដាច់​គែម​សង​ខាង​នៅ​ឡើយ

ត្រូវ​ទទួល​ស្គាល់​ថា​អេក្រង់ Pixel 2 XL មិន​ទាន់​រចនា​ដាច់​គែម​សង​ខាង​ស្អាត​ដូច​ Galaxy S8 និង Note 8 នៅ​ឡើយ ប៉ុន្តែ​អាច​ថា​ប្រសើរ​ជាង iPhone X ត្រង់​ការ​រចនា​ដាក់​រន្ធ​ស្រូប​សំឡេង​និង Sensor ​ខាង​លើ​ធ្លាក់​មក​កណ្ដាល ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ពេញ​ចិត្ត។ សម្រាប់ Pixel 2 XL ជា​ស្មាតហ្វូន​ប្រើ​អេក្រង់​ពេញ OLED ពិត​មែន ប៉ុន្តែ​គែម​សង​ខាង​នៅ​សល់​បន្តិច​បន្តួច តាម​ផ្នែក​ខាង​លើ, ខាង​ក្រោម និង​ចំហៀង​ឆ្វេង​ស្ដាំ។

​អាន​អត្ថបទ​បន្ទាប់

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា