មក​ស្គាល់​ទូរសព្ទ​រាង​ចម្លែក​ជាង​គេ​ទាំង ១០ ក្នុង​លោក

  • 2017-10-10 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​បាច់លើក​ពី​បច្ចេកវិទ្យា ​ទូរសព្ទ​ទាំង​ ១០ នេះ​ត្រូវ​គេ​​ហៅ​ជា​ទូរសព្ទ​ដែល​មាន​រូបរាង​​ប្លែក​បំផុត​​។​ ទូរសព្ទ​ខ្លះមាន​អាយុ​កាល​ជិត ២០ ឆ្នាំទៀតផង។

១.N-Gage: Nokia បាន​ប្រកាស​បង្ហាញ​ទូរសព្ទ​រាង​ដូច​ដៃ​លេង​ហ្គេម N-Gage នា​ថ្ងៃ​ទី ៧ តុលា ឆ្នាំ ២០០៣។ ដំណើរការ​ដោយ​ប្រព័ន្ធ Symbian OS 6.1 ហើយ​គិត​ត្រឹម​ថ្ងៃ​ទី ៣០ កក្កដា​ឆ្នាំ ២០០៧ លក់​ដាច់​បាន​ជាង ៣ លាន​គ្រឿង។​

២.Nokia 7600: បង្ហាញ​ខ្លួន​នា​ឆ្នាំ ២០០៣ ជា​ទូរសព្ទ​ម៉ូដែល​ទី ២ មាន​បំពាក់​ប្រព័ន្ធ 3G បន្ទាប់​ពី Nokia 6650។​ មាន​ទម្ងន់ ១២៣ ក្រាម ភ្ជាប់​កាមេរ៉ា​ក្រោយ​ទំហំ 0.3MP និង​មាន​ថាមពល​ថ្ម​ប្រភេទ Nokia BL-5C Li-Ion ទំហំ 850mAh។

៣.Blackberry Passport: បង្ហាញ​ខ្លួន​នា​ខែ​មិថុនា ឆ្នាំ ២០១៤ មាន​រាង​ប្រហែល​ការេ​បួន​ជ្រុង ដោយ​វា​ចម្លែក​ត្រង់​ភ្ជាប់​ក្ដារ​ចុច QWERTY មក​ជាមួយ។ មាន​អេក្រង់ ៤.៥ អ៊ីញ ប្រភេទ IPS LCD បំពាក់ RAM 3GB និង​កាមេរ៉ា​ក្រោយ 13MP។​

៤.Motorola FlipOut: បង្ហាញ​ខ្លួន​នា​ខែ​មិថុនា ឆ្នាំ ២០១០ ភ្ជាប់​នូវ​ក្ដារ​ចុច QWERTY មក​ដូច​ម៉ូដែល​ខាង​លើ។ ទំហំ​អេក្រង់ ២.៨ អ៊ីញ ដំណើរការ​ដោយ​ Android Eclair ជំនាន់ 2.1 មាន RAM 512MB និង​កាមេរ៉ា​ 3.15MP។​

៥.Sidekick: មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ក្រុមហ៊ុន​និង​កាល​បរិច្ឆេទ​បង្ហាញ​ខ្លួន គ្រាន់​ដឹង​ត្រឹម​ថា​វា​ជា​ទូរសព្ទ​ដែល​មាន​ប្រើ​ប្រព័ន្ធ 2G មាន​មុខងារ Call Divert, Call Hold, Caller ID ស្រដៀង​ទូរសព្ទ​ពេញ​និយម​ស៊េរី​ចាស់​អំឡុង​ជាង ១០ ឆ្នាំ​មុន​ដែរ។

៦.Huawei KFC Edition: ថ្មីៗ​នេះ​ក្រុមហ៊ុន Huawei ទើប​តែ​បាន​សហការ​ជាមួយ​ហាង​លក់​មាន​បំពង KFC ក្នុង​ការ​ចេញ​លក់​ស្មាតហ្វូន​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ រចនា​តួ​ខ្លួន​មាន​ភ្ជាប់​ស្លាក​យីហោ KFC និង​កម្មវិធី​ក្នុង​ម៉ាស៊ីន​ស្រាប់​ជា​ច្រើន ទាក់ទង​ KFC ទាំង​អស់។​

៧.Vertu Signature Touch: មិន​ត្រឹម​ជា​ស្មាតហ្វូន​មាន​រាង​ចម្លែក តែ​វា​មាន​តម្លៃ​ថ្លៃ​ដល់​ទៅ ៨ ពាន់​ដុល្លារ។ ប្រើ​កម្លាំង​ម៉ាស៊ីន​ធន់​ធ្ងន់ មាន​ឈីប Snapdragon 801 ទំហំ RAM 2GB កាមេរ៉ា​ក្រោយ 13MP និង​អេក្រង់ ៤.៧ អ៊ីញ។

៨.Sirin Labs: ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ បាន​រចនា​ស្មាតហ្វូន​ប្រណីត​កាច់​ក្រុមហ៊ុន Vertu តម្លៃ​ទ្វេ មួយ​ជា​ពីរ គឺ​ជាង ១៦,០០០ ដុល្លារ​ឯណោះ។​

៩.Bluetooth Phone: ទូរសព្ទ​ម៉ូដែល​នេះ​មាន​រាង​តូច​ តម្លៃ​ថោក​ត្រឹម​តែ ២៤.៦២ ដុល្លារ។ គួរ​និយាយ​ថា​វា​ជា​កាស Bluetooth ក៏​បាន ប៉ុន្តែ​គ្រាន់​មាន​ប៊ូតុង​ចុច អាច​គាំទ្រ​ការ​ប្រើ​ស៊ីម​កាត ប្រព័ន្ធ 2G ដូច​ទូរសព្ទ​មួយ​ចំនួន​ដែរ។

១០.RED: ទូរសព្ទ​តម្លៃ​ជាង ១,២០០ ដុល្លារ ផលិត​ដោយ​ក្រុមហ៊ុន RED ថ្លៃ​នេះ​អាច​បំបាក់ iPhone X របស់ Apple បាន។​

ចុច​អាន​អត្ថបទ​បន្ទាប់

ប្រភព៖ thenextweb   ប្រែសម្រួល៖ កៅ រក្សា