ថ្នាក់រៀន​គ្មានជញ្ជាំងរបស់​សិស្ស​ ក្នុង​សហគមន៍​មួយ​នៅ​ រតនគីរី

  • 2017-10-10 06:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​គណិតវិទ្យា​ម្នាក់ និង​ជាអ្នក​ធ្លាប់​មាន​ជីវិត​ឆ្លង​កាត់​ជីវភាព​ក្រ​ខ្សត់​ផង​នោះ លោក គី ពិសិដ្ឋ បាន​ផ្តួច​ផ្តើម​បង្កើត​ថ្នាក់​រៀន​មួយ​សម្រាប់​បង្រៀន​ភាសាអង់គ្លេស​ដល់​កុមារ​ដែល​លោក​ថា​មក​ពី​គ្រួសារ​ក្រីក្រ​ក្នុង​សហគមន៍​របស់​លោក។

លោក​ គី ពិសដ្ឋ​ ជាគ្រូ​បង្រៀន​នៅ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគីរី ហើយ​ថ្នាក់​រៀន​ ដែល​លោក​ផ្តួច​ផ្តើម​កសាង​នេះ​មិនមាន​ជា​អគារ​មាំទាំអ្វី​នោះទេ ពោល​គឺ​លោក​ប្រើ​តែ​ឈើ​ដែល​លោក​មាន​បន្តិច​បន្តួច និង​ស័ង្គសី ដែល​អាណាព្យាបាល​សិស្ស​ផ្តល់​ឲ្យ​ និង​សង់​លើ​ដី​ឯក​ជន​មួយ​ប៉ុណ្ណោះ​។​ បន្ទប់​រៀន​នេះ​ លោក​ ហៅ​ថា​ «សាលា​មេត្តា» ឈ្មោះនេះ​លោកថា​សំដៅ​លើ​ការ​សិក្សា​ដោយ​មិនបង់​ប្រាក់ និងជាការ​​រួម​ចំណែក​ជួយ​កូន​ៗ​របស់​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ក្នុង​សហគមន៍​របស់​លោក​។

(កូន​ៗ​របស់​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​កំពុង​អង្គុយ​រៀន​ភាសាអង់គ្លេស)

បន្ទប់រៀន​ឬ​សាលា​មេត្តា នេះ​មាន​តែតំបូល​ប៉ុណ្ណោះ និង​គ្មានជញ្ជាំង​នោះទេ ហើយ​បាន​ដាក់​តុ​សម្រាប់​កុមារ​តូចជាង​១០​នាក់​អង្គុយ​រៀន។ លោក ពិសិដ្ឋ ថា​សាលា​នេះ​មាន​សិស្ស​ដែលចេះ​ភាសាអង់គ្លេស​មួយ​ចំនួន​ដែល​បាន​រៀន​នៅ​តាម​សាលាឯកជន​ក្នុង​ក្រុង​បាន​ស្ម័គ្រ​ចិត្ត​ជួយ​បង្រៀន​ផង​ដែរ​ក្រៅពី​រូប​លោក​ផ្ទាល់។

(យុវត្តីស្ម័គ្រ​ចិត្ត​ម្នាក់​កំពុង​បង្រៀន​ភាសាអង់គ្លេស​ដល់​ក្មេងក្នុង​សហគមន៍)

លោក​ គី ពិសិដ្ឋ ឲ្យ​ដឹងដែរ​ថាទោះបី​ជា​សាលា​​នេះ​មើល​ទៅ​ហាក់​មិន​ពេញ​លក្ខណៈ​ក៏​ដោយ​ចុះ ក៏​លោក​​​ពុំ​មាន​គោលដៅ​ ស្វែង​រក​មូលនិធិ​​ដើម្បី​រក​ទីតាំង​ច្បាស់​លាស់ ឬ​រឹង​មាំ​ជា​ង​នេះ​ឡើយ។ លោកបន្ត​​ថា សាលា​នេះ​បង្កើត​ឡើងដើម្បី​ចូល​រួម​​​ចែក​រំលែក និង​ផ្ដល់​ភាព​ងាយ​ស្រួលដល់​កុមារក្នុងគ្រួសារ​ក្រីក្រ ដែល​ថា​​ពុំ​មាន​លទ្ធភាព​រៀន​សាលា​ឯកជន ដើម្បី​បាន​ទទួល​ចំណេះ​ដឹង​ភាសា​អង់គ្លេស​មូល​ដ្ឋាន​​ប៉ុណ្ណោះ។​

(លោក គី ពិសិដ្ឋ ថតរូបជាមួយ​ក្មេងៗ​ក្នុង​សហគមន៍/រូបភាព៖ ផ្តល់​ឲ្យ)

លោក​ថ្លែង​ទៀតថា សាលារៀន​នេះ​មិន​ត្រឹម​តែ​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​ដល់​ក្មេងៗនោះទេ តែ​វាក៏ជាកន្លែង​មួយ​សម្រាប់​ឲ្យ​យុវជន​ធ្វើ​ការ​ងារស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ផង​ដែរ៕​ 

អត្ថបទដោយ៖ រុងរឿង ចិន្តា

អត្ថបទពេញនិយម