បុរសថៃអាយុ៨៥ឆ្នាំ ប្រឈមជាប់គុក ១៥ឆ្នាំ ព្រោះនិយាយរឿងមួយ ទាក់ទងនឹងស្តេចថៃ

  • 2017-10-10 07:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ អាយុ​៨៥​ឆ្នាំ​ម្នាក់ កំពុង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ រយៈពេល​១៥ឆ្នាំ បន្ទាប់​ពី​បាន​សួរ​ជនជាតិ​ថៃ ឲ្យ​គិត​យ៉ាង​ហ្មត់ចត់​ឡើង​វិញ អំពី​ជ័យជម្នះ​ស្ដេច​ថៃ ក្នុង​ការ​ប្រកួត​លើ​ខ្នង​ដំរី នៅ​ឆ្នាំ​១៥៩៣។

លោក Sulak Sivaraksa

ប៉ូលិស​បាន​ឃាត់​ខ្លួន និង​អម​ដំណើរ លោក Sulak Sivaraksa ដែល​ជា​អ្នក​រិះគន់​សង្គម ទៅ​កាន់​តុលាការ​យោធា​បាងកក នៅ​ថ្ងៃ​ទី០៩ ខែ​តុលា ឆ្នាំ២០១៧ ម្សិលមិញ​នេះ ដោយ​លោក Sulak ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ ពី​បទ​**ប្រមាថ​ព្រះមហាក្សត្រ**។

ករណី​នេះ​បាន​កើតឡើង​ដំបូង តាំង​ពី​ឆ្នាំ​២០១៤​មកម្ល៉េះ នៅ​ពេល​ដែល​លោក Sulak បាន​ប្រាប់​ទៅ​កាន់​វេទិកា​សាធារណៈ​មួយ ដើម្បី​ឲ្យ​គិត​ពិចារណា​យ៉ាង​ជ្រាលជ្រៅ​ឡើង​វិញ អំពី​ប្រវត្តិសាស្ត្រ​ថៃ និង​ចោទ​សួរ​ថា តើ​ព្រះមហាក្សត្រ​ថៃ ណារ៉ាសួន (Naraesuan) ពិត​ជា​បាន​ឈ្នះ​សង្គ្រាម Battle of Nong Sarai កាល​ពី​ជាង ៤០០ឆ្នាំ​មុន ដោយ​កម្ចាត់​ស្ដេច​ភូមា ក្នុង​ការ​ប្រយុទ្ធ​តទល់​គ្នា ខណៈ​ជិះ​នៅ​លើ​ខ្នង​ដំរី​មែន ឬ​យ៉ាង​ណា។

ព្រះមហាក្សត្រ​ថៃ ណារ៉ាសួន (Naraesuan)

លោក Sulak ដែល​ដើរ​ដោយ​ប្រើ​ឈើ​ច្រត់​ជា​ជំនួយ បាន​និយាយ​ថា លោក​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​រឿង​ក្ដី​នេះ នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ បន្ទាប់​ពី​លោក​បាន​និយាយ​វា​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ។

«ប្រហែល​ជា​ពួក​គេ​មិន​ចូលចិត្ត​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ដែល​បិទ​មាត់​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​និយាយ​ការ​ពិត។ ខ្ញុំ​គិត​ថា​វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ»។ លោក Sulak ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

គួរ​បញ្ជាក់​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ពី ៣ ទៅ ១៥ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង