បណ្ណាល័យជាតិនឹងត្រូវកែមុខមាត់ថ្មីនៅឆ្នាំក្រោយហើយ

  • 2017-10-10 07:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យ​ដ៏ចំណាស់​ជាងគេ​នៅកណ្ដាល​រាជធានី​ភ្នំពេញ​​ខាងលិច​​វត្តភ្នំ​ ដែលបាន​សង់​ឡើង​តាំង​ពីសម័យ​អាណានិគម​បារាំង​ ​នឹង​ត្រូវកែលម្អ​មុខមាត់ថ្មី​ ​ដើម្បី​ប្រែក្លាយ​​ជាកន្លែង​ស្រាវជ្រាវ​ដ៏មាន​សារៈប្រយោជន៍​​សម្រាប់​​សាធារណជន​ទូទៅ​។

(ប្លង់​គំរូរបស់​បណ្ណាល័យជាតិ)

​លោកស្រី​ ខ្លូត វិបុឡា ​ប្រធាន​បណ្ណាល័យ​ជាតិ​ដែលស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បានឲ្យ​ដឹងថា ​ក្រសួងវប្បធម៌​បានដាក់​គោលការណ៍​ជួសជុល​បណ្ណាល័យ​ជាតិទាំងមូល​ ដែល​គម្រោង​កែលម្អ​នេះ​នឹងចាប់ផ្ដើម​នៅឆ្នាំ ​២០១៨​ ​ខាង​មុខនេះ។​ ​លោក​ស្រីថាៈ« យើង​ត្រូវរៀប​ចំបណ្ដាញ​ប្រព័ន្ធ Network​ ​បំពាក់សម្ភារៈ​ទំនើប​ ​កុំព្យូទ័រ​ ​ម៉ាស៊ីនត្រជាក់...​ ​ហើយ​យើង​នឹង​ពង្រីក​អគារ​បន្ថែម ដើម្បី​តម្រូវការ​របស់​បណ្ណាល័យ​ជាតិ»។

(​លោកស្រី​ ខ្លូត វិបុឡា ​ប្រធាន​បណ្ណាល័យ​ជាតិ​)

លោក​ស្រី​បន្តថា ដោយសារ​បច្ចប្បន្ន​ បណ្ណាល័យជាតិ​មិនទាន់​បានរៀបចំ​ឲ្យបាន​ល្អ​ពេញ​លេញ​នៅ​ឡើយទេ ​ពោលគឺ​នៅលាយ​ឡំគ្នា​នៅឡើយ​ ដោយ​សារ​ទំហំអគារតូច​ ​ហេតុនេះ​ការពង្រីក​អគារនេះ​ ​ត្រូវការ​ចាំបាច់​ដើម្បី​បែងចែក​ជាផ្នែកៗ​ផ្សេងគ្នា​ ដូចជា​កន្លែង​សម្រាប់​ក្មេងអាន​​ កន្លែង​ស្រាវជ្រាវ​ ​កន្លែង​ទុកដាក់​សៀវភៅ​បានទូលាយ​​ ​ជាពិសេស ការរៀប​ចំសួនច្បារ​នៅខាង​មុខបណ្ណាល័យ​ សម្រាប់​អ្នកអាន​សៀវភៅ​ជាដើម​។ បច្ចុប្បន្ន ការអភិវឌ្ឍសួនច្បារខាងមុខបណ្ណាល័យ បានចាប់ផ្ដើមរៀបចំបណ្ដើរៗ ដើម្បីឲ្យទាន់ការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិចាប់ថ្ងៃទី ០៨ ដល់ ១០ ខែធ្នូ ខាងមុខនេះ។ ​លោកស្រី​បន្ថែម។ យ៉ាងណាលោកស្រី មិនទាន់បញ្ជាក់ពីការចំណាយជួសជុលកែលម្អនេះបានឡើយ។

ដោយឡែក លោកស្រីបានលើកឡើងថា កង្វះសៀវភៅនៅតែបញ្ហាប្រឈម។ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំបានផ្ដល់ជំនួយ ១៥ លានរៀល ដើម្បីទិញសៀវភៅថ្មីបន្ថែម ប៉ុន្តែតម្លៃសៀវភៅខ្លះថ្លៃរហូតដល់ជាង ១០០ដុល្លារក៏មាន ដូច្នេះបណ្ណាល័យចាំបាច់ត្រូវលៃលកតាមលទ្ធភាព។

(យុវជនម្នាក់​កំពុង​រក​មើល​សៀវភៅ​អាន​ក្នុង​បណ្ណាល័យជាតិ)

លោកស្រី​ឲ្យ​ដឹងថា​​ ​បន្ទាប់​ពីការ​កែលម្អ​អគារ​បណ្ណាល័យ​រួច លោកស្រី​ក៏​គ្រោង​រៀបចំពិព័រណ៍​សៀវភៅចាស់ៗ​ ​ដែលសល់​តាំងពីសតវត្សទី​​១៨ ជាស្នាដៃ​បុព្វបុរស​សរសេរ ដើម្បី​បង្ហាញ​ដល់កូន​ខ្មែរជំនាន់​ក្រោយ​ ​ខណៈ​សៀវភៅចាស់ៗ​ទាំងនោះ​ ​លែង​តម្រូវឲ្យ​ខ្ចីអាន និង​ត្រូវបាន​​ស្កេន​ចូល​ក្នុងប្រព័ន្ធ​ឌីជីថល​។ មកដល់សព្វថ្ងៃ ឯកសារប្រមាណ ២៣ ០០០ក្បាល នៅសេសសល់ពីសម័យ​អាណានិគម​បារាំង​​។ លោក​ស្រី​បញ្ជាក់។

ដើម្បី​លើក​ទឹកចិត្ត​ដល់អ្នកបោះពុម្ព​ទាំងឡាយ ​ប្រធាន​បណ្ណាល័យ​ជាតិ​ ក៏បាន​ស្នើដល់​អ្នកនិពន្ធ​សៀវភៅ​ថ្មី ឲ្យ​មក​ទទួល​លេខកូដ​ I.S.B.N ​មិនគិតថ្លៃ​ សម្រាប់​ធ្វើការចុះ​បញ្ជីរាល់​សៀវភៅ​ទាំងឡាយ​ ដែល​លេខកូដ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​អន្តរជាតិ​ជុំវិញ​ពិភពលោក​៕

ចុចអានបន្ទាប់

អត្ថបទ៖ ស៊ិន សាវ៉េត