សត្វ​ល្អិត​កំពូល​គ្រោះ​ថ្នាក់​ទាំង៥ សម្លាប់​ជីវិត​ច្រើន​បំផុត​លើ​ផែន​ដី

  • 2017-10-11 07:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញ​សត្វ​ល្អិត​មាឌ​តូច​កុំ​ចង់​មើល​ងាយ ព្រោះ​រៀង​រាល់​ឆ្នាំ មាន​មនុស្ស និង​សត្វ​ជា​ច្រើន បាន​បាត់​បង់​ជីវិត​ដោយសារ​សត្វ​ល្អិត​ទាំង​នោះ។ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា​សត្វ​ល្អិត ៥​ប្រភេទ​ខាង​ក្រម​នេះ គ្រោះ​ថ្នាក់​បំផុត ហើយ​ក៏​សម្លាប់​ជីវិត​មនុស្ស-សត្វ​អស់​ច្រើន​ផង​ដែរ។

៥. ឪម៉ាល់​យក្ស​ជប៉ុន

Giant Japanese Hornet ជា​សត្វ​ដែល​មាន​ខ្លួន​ធំ​បំផុត​នៅ​ក្នុង​ពូជ​ឪម៉ាល់​ទាំង​អស់​លើ​លោក ហើយ​អាច​លូត​លាស់​បាន​រហូត​ដល់​ប្រវែង ២អ៊ីញ។ រៀង​រាល់​ឆ្នាំ មាន​របាយការណ៍​ថា មនុស្ស​ប្រហែល ៤០​នាក់ បាន​ស្លាប់​ដោយសារ​ឪម៉ាល់​នេះ។ ជា​ទូទៅ វា​បាន​ប្រមូល​ផ្ដុំ​រស់​នៅ​ជា​ក្រុម ដោយ​ក្នុង​មួយ​ក្រុម មាន​សមាជិក ៧០ឪម៉ាល់។

៤. Tsetse Fly

Tsetse Fly ជា​ប្រភេទ​សត្វ​ល្អិត​ម្យ៉ាង ដែល​មាន​ដើម​កំណើត​មក​ពី​ទ្វីប​អាហ្វ្រិក។ សត្វ​ល្អិត​មួយ​ប្រភេទ​នេះ ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ព្រោះ​បើ​វា​ខាំ​ហើយ អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឆ្លង​មេរោគ​ស្លាប់​បាន។ ដំបូង វា​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចេះ​តែ​ងងុយ​ដេក ហើយ​បន្ទាប់​មក​ក៏​យាយី​ដល់​អាយុ​ជីវិត បើ​គ្មាន​ការ​ព្យាបាល​ទាន់​ពេល។ តាម​ការ​ប៉ាន់​ស្មាន មាន​ប្រជាជន​អាហ្វ្រិក​ប្រហែល​កន្លះ​លាន​នាក់ ស្លាប់​ដោយសារ Tsetse Fly ។

៣. ឃ្មុំ​ពិឃាដ

ឃ្មុំ​ពិឃាដ ជា​ឈ្មោះ​ឃ្មុំ​ដ៏​គ្រោះ​ថ្នាក់​មួយ​ប្រភេទ ដែល​គេ​ប្រសិទ្ធិនាម​ឲ្យ ក្រោយ​ពេល​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន។ មុន​ពេល​ចាប់​ផ្ដើម​សកម្មភាព ឃ្មុំ​ពិឃាដ​តែង​តែ​ហោះ​តាម​ជន​រង​គ្រោះ​ប្រហែល​ជាង ១គីឡូម៉ែត្រ ទើប​ចាប់​ផ្ដើម​ទិច​ជា​ក្រុម​តែ​ម្ដង។

ឃ្មុំ​ពិឃាដ​តែង​តែ​វាយ​ប្រហារ​ទៅ​លើ​មុខ និង​ភ្នែក របស់​មនុស្ស។ ជាតិ​ពុល​នៃ​ឃ្មុំ​នេះ ហាក់​មិន​ខ្លាំង​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ទិច​ជា​ក្រុម អាច​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាន។ ជា​ទូ​ទៅ វា​ធ្វើ​សំបុក​រស់​នៅ​ជា​ក្រុម​ធំៗ ដែល​មាន​សមាជិក​រហូត​ដល់ ៨ម៉ឺន​ឃ្មុំ។

២. ស្រមោច Driver Ant

Driver Ant ជា​ស្រមោច​មួយ​ប្រភេទ ដែល​គ្រោះ​ថ្នាក់​បំផុត ចំពោះ​ជីវិត​មនុស្ស-សត្វ​ទាំង​ឡាយ។ ដែនដី​របស់ Driver Ant មាន​ច្រើន​ជាង​សត្វ​ល្អិត​នានា​លើ​ពិភពលោក ហើយ​វា​រស់​នៅ​ជា​ក្រុម​ដែល​អាច​មាន​សមាជិក​ដល់ ២២​លាន។ សូម្បី​តែ​ដំរី ក៏​ខ្លាច​ការ​វាយ​ប្រហារ​ពី​ស្រមោច​មួយ​ប្រភេទ​នេះ​ដែរ។ ជា​ធម្មតា Driver Ant អាច​សម្លាប់​ជីវិត​សត្វ​រាប់​ពាន់​ប្រភេទ ក្នុង​ប្រតិបត្តិការ​មួយ​លើក។ ពួក​វា​នាំ​គ្នា​ឡោម​ព័ទ្ធ និង​ខាំ​មនុស្ស ឬ​សត្វ ដោយ​ប្រើ​ថ្គាម​ដ៏​ធំ​របស់​វា។

១. មូស

ចំពោះ​សត្វ​ល្អិត ដែល​គេ​ចាត់​ទុក​ថា​គ្រោះ​ថ្នាក់​បំផុត​លើ​លោក គឺ​មូស។ ជា​រៀង​រាល់​ឆ្នាំ មូស បាន​សម្លាប់​ជីវិត​មនុស្ស ១​លាន​នាក់ ដោយ​កា​ចម្លង​ជំងឺ​គ្រុន​ចាញ់។ អង្គការ​សុខភាព​ពិភពលោក WHO បាន​ប៉ាន់ស្មាន​ថា រៀង​រាល់ ៣០​វិនាទី មាន​ក្មេង​ម្នាក់​បាន​ស្លាប់ ហើយ​ករណី​ជំងឺ​គ្រុន​ចាញ់​មាន ៥០០​លាន​រៀង​រាល់​ឆ្នាំ។ ក្រៅ​ពី​គ្រុន​ចាញ់ មូស​បាន​ចម្លង​ជំងឺ​ជា​ច្រើន​ទៀត ដូច​ជា​គ្រុន​ឈាម​ជា​ដើម៕

ចុចអានអត្ថបទ៖

ប្រភព៖ themysteriousworld   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម