​ជម្រើស​ជាតិ​អង់គ្លេស​នឹង​​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែ​ឆ្កួត​មុន​ទៅ​ World Cup

  • 2017-10-12 12:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នឹង​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ Rabies ឬ​ជំងឺ​សត្វ​ឆ្កួត(ខ្មែរ​និយម​ហៅ​ថា​ជំងឺ​ឆ្កែ​ឆ្កួត) មុន​ពេល​ទៅ​លេង​ព្រឹត្តិការណ៍​ World Cup នៅ​រុស្ស៊ី​ឆ្នាំ​ក្រោយ ដោយ​សារ​តែ​រុស្ស៊ី​សំបូរ​សត្វ​ព្រៃ​ជា​ច្រើន​ផ្ទុក​ជំងឺ​នេះ​។

  បើ​តាម​នាយកដ្ឋាន​សុខភាព​សាធារណៈ​របស់​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី​គឺ​ជា​ប្រទេស​ដែល​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ Rabies ហើយ​ពលរដ្ឋ​អង់គ្លេស​ណា​ដែល​ទៅ​ទី​នោះ​គួរ​តែ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​នេះ​ជា​មុន​សិន។ នេះ​មាន​ន័យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក៏​នឹង​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​នេះ​ផង​ដែរ ដោយ​ក្រុម​កីឡាករ​បាល់ទាត់​ទាំង​នោះ​នឹង​ត្រូវ​ទៅ​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត​បាល់​ទាត់ World Cup ក្រោយ​ពី​កក់​កៅអី​បាន​សម្រេច​កាល​ពី​សប្ដាហ៍​មុន។  

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ បើ​តាម​ការិយាល័យ​ទេសចរណ៍​របស់​រុស្ស៊ី​​នៅ​ក្នុង​ទីក្រុង​ឡុងដុង បាន​និយាយ​ថា ព្រឹត្តិការណ៍ World Cup ធ្វើ​ឡើង​តែ​នៅ​ក្នុង​ទី​ក្រុង​ដែល​អភិវឌ្ឍ​ទំនើប​នៅ​ភាគ​ខាង​លិច​ប្រទេស​ប៉ុណ្ណោះ ដែល​តំបន់​ទាំង​នេះ​អត្រា​នៃ​ការ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ Rabies មាន​តិច​តួច​ណាស់។

គួរ​បញ្ជាក់​ផង​ដែរ ជំងឺ​ Rabies សម្លាប់​មនុស្ស​ប្រហែល ៦ម៉ឺន​នាក់​ក្នុង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ  ហើយ​ភ្នាក់​ងារ​ដែល​មាន​ផ្ទុក​ជំងឺ​នេះ មាន​ដូច​ជា​ សត្វ​ឆ្កែ ចចក ប្រចៀវ ក្ដាន់ កញ្ជ្រោង កាំប្រមា និង​កំប្រុក​ជា​ដើម៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី 

អត្ថបទថ្មី