មាន​ក្រោម ៥០០ ដុល្លារ អាច​លៃលក​ស្មាតហ្វូន​ចិន​ខ្លាំងៗ​ទាំង ៥ នេះ

  • 2017-10-15 02:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទីផ្សារ​ស្មាតហ្វូន Apple របស់​អាមេរិក និង SAMSUNG របស់​កូរ៉េខាងត្បូង បច្ចុប្បន្ន​ទីផ្សារ​ស្មាតហ្វូន​ចិន​ក៏​កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ទាំង​ក្នុង​​និង​ក្រៅ​ស្រុក។​ បើមាន​លុយ​ក្រោម ៥០០ ដុល្លារ ហើយ​ចង់​បាន​ស្មាតហ្វូន​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​ជា​ស៊េរី​ខ្ពស់ អាច​មក​មក​មើើល​ ៥ ម៉ូដែល​នៅ​ខាង​ក្រោម​នេះ​បាន។

១.OnePlus 5

ជា​ស្មាតហ្វូន​ស៊េរី​ក្រោយ​របស់ OnePlus បំពាក់​ឈីប​កម្លាំង​ខ្លាំង Snapdragon 835 និង​មាន RAM 6GB ហើយ​អង្គ​ចងចាំ 64GB។ រចនា​ភ្ជាប់​នូវ​កាមេរ៉ា​ភ្លោះ​មួយ​គ្រាប់​ទំហំ 16MP ប្រភេទ SONY IMX398 មាន Aperture F/1.7 និង​មួយ​គ្រាប់​ទៀត 20MP ជា​ប្រភេទ Telephoto Lens បូក​ផ្សំ​កាមេរ៉ា​មុខ​ 16MP មាន Aperture F/2.0។

អេក្រង់​ធំ​ល្មម ៥.៥ អ៊ីញ កម្រិត Full HD ប្រភេទ AMOLED មាន​ថាមពល​ថ្ម 3,000mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Dash Charge 5V 4A និង​ដំណើរការ​លើ​ Android 7.0 Nougat ចេញ​ពី​ប្រអប់​ស្រាប់។ ស្មាតហ្វូន​នេះ​មាន​**តម្លៃ​ប្រហែល ៤៧៥ ដុល្លារ​**នៅ​ទីផ្សារ​ក្រៅ​ស្រុក។

២.Nubia Z17

​​​តម្លៃ​លក់​ខុស​គ្នា​ប្រហែល ៥០ ដុល្លារ ធៀប​នឹង OnePlus 5 ស្មាតហ្វូន​កំពូល​របស់ Nubia បាន​រចនា​បញ្ចូល​នូវ​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ដូច​គ្នា។ មួយ​គ្រាប់​ទំហំ 23MP មាន Aperture F/1.8 ភ្ជាប់​មុខងារ OIS និង​មួយ​គ្រាប់​ទៀត 12MP មុខងារ 2X Optical Zoom និង​កាមេរ៉ា​មុខ 16MP មាន Aperture F/2.0។​

លេង​ហ្គេម​ធំៗ​បាន​រលូន ដោយ​ប្រើ​ឈីប Snapdragon 835 មាន RA M 6GB និង​អង្គ​ចងចាំ 64GB។​

ប្រើ​អេក្រង់​ធំ ៥.៥ អ៊ីញ កម្រិត Full HD ប្រភេទ IPS និង​មាន​ថាមពល​ថ្ម 3,200mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Quick Charge 4.0។ ចំណុច​អន់​ចិត្ត​ម្យ៉ាង​លើ​ស្មាតហ្វូន​នេះ គឺ​ពុំ​មាន​រន្ធ​ដោត​កាស​ទំហំ 3.5mm ដូច iPhone 7 ដោយ​ចំណុច​នេះ មិន​ជា​មាន​ការ​ពេញ​ចិត្ត​ខ្លាំង​ប៉ុន្មាន​ឡើយ គ្រាន់​ថា​អ្នក​អាច​ប្រើ​ដុំ​ភ្ជាប់​ត​នៃ​កាស​និង​ខ្សែ​សាក​ព្រម​គ្នា ឬ​ប្រើ​ប្រភេទ Wireless Bluetooth។​

៣.Xiaomi Mi6

Xiaomi ទំនង​ជា​ត្រូវ​ប៉ាន់​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ចេញ​ជា​បន្ត​បន្ទាប់​នូវ​ស្មាតហ្វូន​ធន់​ខ្ពស់ Mi6។ លក្ខណៈ​សម្បត្តិ​នៃ​អង្គ​គណនា​ដូច OnePlus 5 និង Nubia Z17 គ្រាន់​បន្ថែម​អង្គ​ចងចាំ​ធំ​ជាង​ដល់ 128GB ប៉ុន្តែ​តម្លៃ​ថោក​ជាង**​ត្រឹម ៥០០ ដុល្លារ​**ប៉ុណ្ណោះ។​

អេក្រង់​ល្មម​កាន់​ពេញ​ដៃ ៥.១៥ អ៊ីញ កម្រិត Full HD ហើយ​នៅ​ផ្នែក​ខាង​ក្រោម​មាន​ប៊ូតុង Home អាច​ស្កេន​ខ្ចៅ​ដៃ​បាន។​ មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ដូច​គ្នា​ទំហំ 12+12MP មាន​មុខងារ OIS អាច​អនុញ្ញាត​ឲ្យ​អ្នក​ថត​រូប​បែប Portrait Mode ដូច​មាន​លើ​ iPhone 7 Plus អ៊ីចឹង​ដែរ។​ ថាមពល​ថ្ម​ធំ 3,350mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Quick Charge 3.0 និង​ប្រព័ន្ធ 4G LTE។

៤.Oppo R11

អ្នក​ឯកទេស​ Selfie នៃ​ក្រុមហ៊ុន Oppo បាន​បញ្ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​បន្ទាប់ មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ខាង​មុខ 20+16MP និង​ខាង​មុខ​ទំហំ 20MP ថត Selfie ស្អាត​មួយ​ចាស់​ដៃ។​ ចំណែក​ឯ​អង្គ​គណនា​ម៉ាស៊ីន​នៅ​ចាញ់​ស្មាតហ្វូន​ខាង​លើ ដោយ​ប្រើ​ត្រឹម​តែ Snapdragon 660 មាន RAM 4GB និង​អង្គ​ផ្ទុក 64GB។ ប៉ុន្តែ​ស្មាតហ្វូន​នេះ​អាច​ថត​វីដេអូ​កម្រិត 4K និង​ Slow-mo នៅ​លក្ខខណ្ឌ 120fps ហើយ​មាន​ថាមពល​ថ្ម 2,900mAh និង​រត់​លើ Android 7.0 Nougat។ ស្ថិត​ក្នុង​តម្លៃ ៤៥០ ដុល្លារ ឬ​អ្នក​អាច​ជ្រើសរើស​ម៉ូដែល R11 Plus មាន​អេក្រង់​ធំ​ដល់ ៦ អ៊ីញ​និង​ថាមពល​ថ្ម​ធំ​ជាង​ តែ​តម្លៃ​ខុស​គ្នា​ប្រហែល ១០០ ដុល្លារ។​

៥.Xiaomi Mi Note 2

បន្ទាប់​ពី Mi6 បើ​អ្នក​ស្រលាញ់​ស្មាតហ្វូន​អេក្រង់​ធំ ហើយ​ស្លាកយីហោ Xiaomi តែ​មួយ អ្នក​អាច​លៃលក​មើល​ម៉ូដែល Mi Note 2។ ខណៈ​តម្លៃ​របស់​វា​ចាប់​ផ្តើម​ពី​ខ្ទង់​ជាង ៣០០ ដុល្លារ ដល់​ជិត ៤០០ ដុល្លារ​ផ្អែក​លើ​ទំហំ RAM 4GB/6GB និង​អង្គ​ផ្ទុក 64GB/128GB ប៉ុន្តែ​វា​ប្រើ​នូវ​ឈីប​សេរ៊ី​មុន Snapdragon 821 នៅ​ឡើយ។

ប្រើ​អេក្រង់​ទំហំ 5.7 អ៊ីញ ប្រភេទ OLED ដែល​ផលិត​ដោយ LG និង​មាន​កាមេរ៉ា 22.5MP ប្រភេទ Sensor IMX318 របស់ SONY មាន Aperture F/2.0 អាច​ថត​វីដេអូ​កម្រិត 4K និង​វីដេអូ Slow-mo នៅ​លក្ខខណ្ឌ 120fps។​ កាមេរ៉ា​មុខ​ទំហំ 8.0MP មាន Aperture F/2.0 ដូច​គ្នា។ សម្រាប់ Mi Note 2 មាន​ថាមពល​ថ្ម​ធំ​ដល់ 4.070mAh និង​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Quick Charge 3.0 និង​គាំទ្រ​ប្រព័ន្ធ 4G LTE។

អាន​ព័ត៌មាន​បន្ទាប់

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា