ធន់ សុភា ចង់ឲ្យជើងខ្លាំង ម៉ឺន សុភា ប្រកួតកម្ដៅសាច់ដុំ១ដងមុនឡើងកម្មវិធី Khmer Thai Fight
- អង្គារ, 17 តុលា 2017 06:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ សុភា ចង់ឲ្យជើងខ្លាំង ម៉ឺន សុភា ប្រកួតកម្ដៅសាច់ដុំ១ដងមុនឡើងកម្មវិធី Khmer Thai Fight
ចន្លោះមិនឃើញ
គ្រូប្រដាល់ដែលមានកេរ្តិ៍ឈ្មោះនិងបណ្ដុះបណ្ដាលកីឡាករបានច្រើន ធន់ សុភា ចង់ឲ្យកីឡាករ ម៉ឺន សុភា បានប្រកួតកម្ដៅសាច់ដុំយ៉ាងហោចណាស់១ប្រកួតមុនពេលឡើងកម្មវិធីប្រដាល់ Khmer Thai Fight នាចុងខែវិច្ឆិកា ២០១៧នេះ។
លោក ធន់ សុភា ដែលជាគ្រូបង្វឹករបស់កីឡាករ ម៉ឺន សុភា បានឲ្យដឹងថា លោកចង់ឲ្យកូនសិស្សរបស់ខ្លួនរូបនេះបានឡើងប្រកួតកម្ដៅសាច់ដុំយ៉ាងហោចណាស់ក៏បាន១ប្រកួតសិនដែរ មុនពេលឡើងប្រកួតតំណាងឲ្យកម្ពុជានៅ Khmer Thai Fight ព្រោះដើម្បីកុំឲ្យកីឡាករស្ពឹកស្រពន់មិនរហ័សរហួន និងមានស៊ុហ្វល្អផងដែរ។
គ្រូប្រដាល់ខាងលើបន្ថែមទៀតថា នៅពេលដែលកីឡាករបានឡើងប្រកួតកម្ដៅសាច់ដុំនោះ វារឹតតែល្អសម្រាប់គេ ដើម្បីជាការត្រៀមទុកមួយយ៉ាងមានទំនុកចិត្ត កីឡាករមានបទពិសោធបន្ថែម និងកម្លាំងពេញលេញតែម្ដង ណាមួយកម្មវិធី Khmer Thai Fight ជាកម្មវិធីដ៏ធំ មានអ្នកគាំទ្រច្រើន ហើយជាការប្រកួតផ្សព្វផ្សាយពីគុនខ្មែរ មុខមាត់ប្រទេសជាតិផងដែរ។
គូរំលឹកថា បើតាមគម្រោងនោះកម្មវិធី Khmer Thai Fight នឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នៅពហុកីឡដ្ឋានជាតិ ហើយកីឡាករដែលត្រូវឡើងសង្វៀនមួយនេះរួមមាន ពេជ្រ ម្ទេសខ្មាំង ឡៅ ចិត្រា ឃីម ឌីម៉ា និងអ្នកលេងកណ្ដាប់ដៃថ្ម ម៉ឺន សុភា៕