ក្តៅៗ! ច្បាប់របស់ ត្រាំ ហាមឃាត់ពលរដ្ឋ ៨ប្រទេស មិនឲ្យចូលទឹកដីអាមេរិក ត្រូវតុលាការរារាំង

  • 2017-10-18 00:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅក្រម​សហព័ន្ធ​នៅ​ឯ​រដ្ឋ Hawaii សហរដ្ឋអាមេរិក បាន​រារាំង​ច្បាប់​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ហាម​ឃាត់​ពលរដ្ឋ​សរុប​ចំនួន ៨ប្រទេស មិន​ឲ្យ​ចូល​មក​ទឹក​ដី​អាមេរិក រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ច្បាប់​នោះ​ត្រូវ​បាន​កំណត់​ឲ្យ​មាន​ប្រសិទ្ធភាព។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNN។

ចៅក្រម Derrick Watson បាន​និយាយ​ថា ច្បាប់​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ដែល​ជា​កំណែ​ទម្រង់​ទី៣ នៃ​គោលនយោបាយ​របស់​លោក ត្រាំ គឺ​ជាការ​រើសអើង​យ៉ាង​ច្បាស់​ដោយ​ផ្អែក​លើ​សញ្ជាតិ

ជាមួយ​គ្នា​នេះ​ដែរ លោក Watson បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ហាមឃាត់​មនុស្ស​ប្រមាណ​ជា ១៥០លាននាក់ មក​ពី​ប្រទេស​ចំនួន ៦ ក្នុង​ចំណោម​ប្រទេស​ទាំង​៨​ខាង​លើ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក។

គួរ​បញ្ជាក់​ថា ច្បាប់​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ដែល​ជា​កំណែ​ទម្រង់​ទី២ របស់​លោក ត្រាំ បាន​បញ្ចេញ​កាល​ពី​ខែ​មិនា ដោយ​ហាម​ប្រាម​ពលរដ្ឋ​មក​ពី​ប្រទេស​ម៉ូស្លីម ចំនួន៦ គឺ អ៊ីរ៉ង់ , ស៊ីរី , លីប៊ី , ស៊ូដង់ , សូម៉ាលី និង យេមែន។ ចំណែក​ឯ​ការ​ដាក់​កំហិត​ថ្មី ដែល​ជា​កំណែ​ទម្រង់​ទី៣ ត្រូវ​បាន​កំណត់​ឲ្យ​មាន​ប្រសិទ្ធភាព នៅ​ថ្ងៃ​ពុធ ទី១៨ ខែ​តុលា ឆ្នាំ២០១៨ នេះ ដោយ​ហាម​ឃាត់​ប្រទេស​សរុប​ចំនួន ៨ រួមមាន ឆាដ , អ៊ីរ៉ង់ , លីប៊ី , កូរ៉េខាងជើង , ស៊ីរី , វេណេហ្ស៊ុយអេឡា , សូម៉ាលី និង យេមែន។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំជម្រះ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​រឹត​បន្តឹង ឬ​ហាមឃាត់ លើ​ប្រទេស​កូរ៉េខាងជើង និង​វេណេហ្ស៊ុយអេឡា នោះ​ទេ។

យ៉ាងណាមិញ អគ្គលេខាធិការ​សេតវិមាន លោកស្រី Sarah Sanders បាន​ហៅ​ការ​សម្រេច​នេះ​ថា​ជាកំហុស​ឆ្គង​យ៉ាង​ធ្ងន់ធ្ងរ

«ការ​ហាម​ឃាត់​ចំពោះ​បណ្ដា​ប្រទេស​ទាំង​នោះ គឺ​ផ្អែក​លើ​ភាព​អសមត្ថភាព ឬ​មិន​មាន​បំណង​ចែក​រំលែក​ព័ត៌មាន​សំខាន់ សម្រាប់​ការ​ដាក់​ពាក្យ​សុំ​សុវត្ថិភាព និង​ការ​វាយ​តម្លៃ​ការ​គំរាមកំហែង ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម អស្ថិរភាព និង​ការ​ព្រួយបារម្ភ​ផ្នែក​សន្តិសុខជាតិ»។ នេះ​បើ​តាម​សម្តី លោកស្រី Sarah បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង