ព្រះអង្គម្ចាស់​លាក់​ប្រវត្តិ​ចូល​ក្លឹប​រាត្រី ស្រលាញ់​នារី​ម្នាក់​រហូត​រៀប​អភិសេក​ជាមួយ

  • 2017-10-18 03:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ដើម​ទង​​រហូត​ឈាន​ដល់​ពិធី​អភិសេក ហាក់​ដូច​ជា​រឿង​និទាន​ដែល​កើត​ឡើង​ដំបូង​នៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ក្រុង​វ៉ាស៊ីងតោន សហរដ្ឋអាមេរិក ១២​ឆ្នាំ​មុន។ ព្រះ​អង្គ​ម្ចាស់​អេត្យូពី បាន​ទាក់​ទង​នារី​ម្នាក់​នៅ​ក្នុង​ក្លឹប​រាត្រី​នោះ ដោយ​មិន​បាន​បង្ហាញ​សាវតារ​ថា​ព្រះ​អង្គ​ជាប់​សែ​ស្រឡាយ​រាជវង្ស​នោះ​ទេ លុះ​ពេល​ស្រលាញ់​ខ្លាំង ទើប​បង្ហាញ​ប្រវត្តិ​ពិត និង​រៀប​អភិសេក​នៅ​ខែ​មុន​នេះ។

កាល​ពី ១២​ឆ្នាំ​មុន នារី​ជន​ជាតិ​អាមេរិក Ariana Austin ដែល​បច្ចុប្បន្ន​មាន​អាយុ ៣៣​ឆ្នាំ បាន​ចូល​លេង​ក្លឹប​រាត្រី​ជាមួយ​មិត្ត​ភក្តិ​ផ្សេង​ទៀត។ ពេល​នោះ ស្រាប់​តែ​លេច​មុខ​ព្រះ​អង្គម្ចាស់  Joel Makonnen ចូល​មក​និយាយ​ជាមួយ ដោយ​នាង​មិន​ដឹង​ថា​ជា​សែស្រឡាយ​រាជវង្ស​នោះ​ទេ។ ដោយ​កាយវិការ​សាសង​ចំ​ៗ​របស់​ព្រះ​អង្គម្ចាស់ ធ្វើ​ឲ្យ Ariana បាក់​ចិត្ត រួច​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តែ​ម្ដង។

នៅ​ពេល​នោះ ព្រះ​អង្គ​ម្ចាស់​ព្រះជន្ម ៣៥​វស្សា Joel Makonnen មិន​បាន​ប្រាប់​ទៅ​នារី​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​ភ្លាមៗ ពី​សាវតារ​ពិត​នោះ​ទេ។ ក្រោយ​ពេល​ទាក់​ទង​គ្នា​យូរ ស្រលាញ់​គ្នា​កាន់​តែ​ខ្លាំង ទើប​ព្រះ​អង្គ​ម្ចាស់​បាន​ប្រាប់​ពី​ប្រវត្តិ​ពិត ថា​ព្រះ​​អង្គ​គឺ​ជា​រាជ​ទាយាទ​របស់​ព្រះ​ចៅ Haile Selassie I ដែល​ជា​អធិរាជ​ចុង​ក្រោយ​របស់​ប្រទេស​អេត្យូពី។

ព្រះ​ចៅ Haile Selassie គឺ​ជា​មហាក្សត្រ​ទី២២៥ និង​ជា​មហាក្សត្រ​ចុង​ក្រោយ​បង្អស់​ដែល​​ដឹក​នាំ​ប្រទេស​អេត្យូពី​អស់​រយៈ​ពេល ៤០​ឆ្នាំ។ ក្រោយ​មក​យោធា បាន​ធ្វើ​រដ្ឋ​ប្រហារ​កាន់​កាប់​ប្រទេស​នៅ​ឆ្នាំ១៩៧៤ ហើយ​គ្រួសារ​រាជវង្ស​ដែល​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​នេះ ក៏​បាន​បែក​ខ្ញែក​គ្នា​រស់​នៅ​តាម​ប្រទេស​នានា។ ចំណែក​ព្រះ​អង្គម្ចាស់ Joel Makonnen បាន​ប្រសូត​នៅ​ប្រទេស​អ៊ីតាលី និង​កំពុង​បំពេញ​ការងារ​ជា​មេធាវី​នៅ​សហរដ្ឋអាមេរិក។

ព្រះ​អង្គ​ម្ចាស់ Joel Makonnen បាន​សម្រេច​ព្រះ​ទ័យ​រៀប​អភិសេក​ជាមួយ​មហេសី Ariana Austin ដែល​ជា​ជន​ជាតិ​អាមេរិក នៅ​រដ្ឋ Maryland កាល​ពី​ខែ​មុន ដោយ​មាន​អាចារ្យ ១៣​នាក់ ព្រម​ទាំង​អ្នក​ចូល​រួម​ជា​ច្រើន​ទៀត ហើយ Ariana Austin នឹង​មាន​ងារ​ជា​ម្ចាស់ក្សត្រី៕ ​

ចុចអានអត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល