ស្មាតហ្វូន​ចម្លែក​បំផុត មាន​អេក្រង់​ពីរ​អាច​បត់​បាន​

  • 2017-10-18 04:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ZTE បាន​ប្រកាស​ចេញ​ស្មាតហ្វូន​​​ម៉ូដែល​ថ្មី​ Axon M ដែល​មាន​​បំពាក់​អេក្រង់​ទំហំ​ ៥,២ អ៊ីញ​ កម្រិត​ Full HD ដល់​ទៅ​ពីរ​ឯណោះ។ អេក្រង់​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​ស្មាតហ្វូន​ប្រែ​កាយ​ជា​​ Tablet បាន។

អេក្រង់​​ទាំង​ពីរ​របស់​ Axon M ត​ភ្ជាប់​គ្នា​ដោយ​ត្រចៀក​ ដែល​ដូច​ជា​ត្រចៀក​ទ្វារ​អ៊ីចឹង​ដែរ។ បញ្ជាក់​ថា​នេះ​មិន​មែន​ជា​ស្មាតហ្វូន​ដំបូង​ដែល​មាន​បំពាក់​អេក្រង់​ពីរ​នោះ​ទេ ពី​មុន​គេ​ធ្លាប់​ឃើញ​មាន​លើ​ Sony Tablet P ដែរ គ្រាន់​តែ​មាន​​រចនាបថ​ខុស​គ្នា។

Axon M អាច​ប្រើ​ប្រាស់​​ក្នុង​បែប​បទ​ ៣ ប្រភេទ​ផ្សេង​គ្នា​ ដោយ​គេ​អាច​បត់​វា​ចូល​គ្នា​ រួច​ប្រើ​អេក្រង់​តែ​មួយ។ ក្នុង​ការ​ប្រើ​ប្រាស់​របៀប​នេះ​​ មាន​តែ​អេក្រង់​មួយ​ប៉ុណ្ណោះ​ដែល​ដំណើរ​ការ​ ដោយ​អេក្រង់​មួយ​ទៀត​នឹង​ប្រែ​ជា​ងងឹត​ស្លុប​លែង​ដំណើរ​ការ។

ពេល​ដែល​លា​អេក្រង់​មួយ​ទៀត​ចេញ​មក​ អ្នក​នឹង​ទទួល​បាន​ Tablet រាង​បួន​ជ្រុង​មួយ។ ក្នុង​ការ​ប្រើ​ប្រាស់​ Tablet នេះ​ អេក្រង់​ទាំង​ពីរ​នឹង​ចែក​​គ្នា​បង្ហាញ​រូបភាព​ម្នាក់​ពាក់​កណ្ដាល​ អាច​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​លេង​ហ្គេម។

ចុង​ក្រោយ​អ្នក​អាច​ប្រើ​ Axon M ជា​ប្រភេទ​ "Tent Mode” ដោយ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រភេទ​នេះ​ អ្នក​អាច​ចែក​រំលែក​វីដេអូ​ ឬ រូបភាព​ ឲ្យ​អ្នក​នៅ​ជុំវិញ​ទស្សនា​បាន​ដោយ​ងាយ​ស្រួល​ មិន​បាច់​​ប្រជ្រៀត​គ្នា​ដូច​មុន​ឡើយ។

ចំពោះ​លក្ខណៈ​សម្បត្តិ​​រាង​ហួស​សម័យ​បន្តិច​ហើយ​ ព្រោះ​ថា​នៅ​ប្រើ​បន្ទះ​ឈីប​ Snapdragon 821 ដែល​ចេញ​កាល​ពី​ឆ្នាំ​ទៅ​នៅ​ឡើយ, មាន​ RAM ទំហំ​ ៤ GB និង​មាន​ថាមពល​ថ្ម​ ៣១៨០ mAh។

នៅ​សហរដ្ឋអាមេរិក​ Axon M នឹង​មាន​លក់​នៅ​ក្នុង​ខែ​វិច្ឆិកា​ ដោយ​អាច​បង់​រំលស់​មួយ​ខែ​ ២៤,១៧ ដុល្លារ​ ក្នុង​រយៈពេល​ ៣០ ខែ ដែល​មាន​ន័យ​ថា​តម្លៃ​លក់​រាយ​របស់​ស្មាតហ្វូន​នេះ​ស្មើ​ប្រមាណ​ ៧២៥ ដុល្លារ៕

លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ Axon M ៖

  • អេក្រង់ ៖ ៥,២ អ៊ីញ កម្រិត​ Full HD
  • វិមាត្រ ៖ ១៥០,៨ x ៧១,៦ x ១២,១ ម.ម
  • ទម្ងន់​ ៖ ២៣០ ក្រាម​
  • កាមេរ៉ា ៖ ២០ MP, Aperture f/1.8, អាច​ថត​វីដេអូ​ដល់​កម្រិត​ 4K 30 fps ជា​មួយ​មុខងារ​រក្សា​លំនឹង​
  • ម៉ាស៊ីន ៖ Snapdragon 821, RAM ៤ GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ៖ ៦៤ GB មាន​រន្ធ​ដោត​មេមូរី​កាត
  • ប្រព័ន្ធ​ប្រតិបត្តិការ ៖ Android 7.1 Nougat
  • ថ្ម ៖ ៣១៨០ mAh
  • ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ ៖ មាន
  • សមត្ថភាព​ធន់​នឹង​ទឹក ៖ គ្មាន

ទស្សនា​វីដេអូ​ពី​ការ​ណែនាំ​ Axon M ​៖​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម