ច្បាស់ការ​មែនទែនហើយ ពី​គ្រោងការ​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​របស់ប្រទេសកម្ពុជា​

  • 2017-10-19 07:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ត្រូវ​ការ​ចំណាយ​ខ្ទង់ ១៥០ លាន​ដុល្លារ​សម្រាប់​គម្រោង​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​ទៅ​កាន់​អវកាស ដែល​អាច​នឹង​ចាប់​ផ្ដើម​នា​ឆ្នាំ ២០២១។ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់ នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា(TRC) កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

រូប​តំណាង

យោង​តាម​ប្រភព​​ចុះ​ផ្សាយ​ដោយ​គេហទំព័រ KhmeTime នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​ពី "ការ​វាស់​ស្ទង់​តម្រូវ​ការ​ទីផ្សារ​សម្រាប់​គម្រោង​បង្ហោះ​សេវា​ផ្កាយ​រណប" លោក អ៊ឹម វុត្ថា អ្នក​នាំ​ពាក្យ​នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា(TRC) បាន​ថ្លែង​ថា ​ការ​បង្ហោះ​ផ្កាយ​រណប ជា​ចំណុច​សំខាន់​សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​យ៉ាង​ចាំ​បាច់​នៅ​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា។

សិក្ខាសាលា​ដែល​ប្រមូល​ផ្ដុំ​ដោយ​អ្នក​តំណាង​ជា​ច្រើន​រូប​មក​ពី ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍(MoPT) និង​និយ័តករ​ទូរគមនាគមន៍​កម្ពុជា(TRC) បាន​សង្កត់​ធ្ងន់​ទៅ​លើ វិស័យ​ទូរគមនាគមន៍ ការ​ផ្សាយ(Broadcasting) និង​បច្ចេកវិទ្យា ដើម្បី​ពិភាក្សា​លើ​លទ្ធភាព​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​របស់​កម្ពុជា។

ក្រុម​ហ៊ុន​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​សិក្សា​លទ្ធភាព​សម្រាប់​គម្រោង​បង្ហោះ​ផ្កាយ​រណប​មាន​ដូច​ជា បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប(Royal Group's Subsidiary Royal Blue Skies) និង​ក្រុមហ៊ុន Great Wall Industry Corporation ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ក៏​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​នេះ​ផង​ដែរ។

លោក វុត្ថា បាន​បន្ថែម​ទៀត​ថា "ពិត​ណាស់! គម្រោង​បង្ហោះ​ផ្កាយ​រណប ជា​គម្រោង​ធំ​ត្រូវ​ការ​ការ​ចំណាយ​ច្រើន(តម្លៃ​ថ្លៃ) ដូច​នេះ យើង​កំពុង​ស្វែង​រក​ការ​បញ្ចូល​ទាំង​អស់​ដែល​យើង​មាន ពី​ដៃ​គូ​សហការ ឬ​ភាគី​ពាក់​ព័ន្ធ​នានា​ជុំ​វិញ​រឿង​នេះ ដើម្បី​អាច​ដឹង​ថា តម្រូវ​ការ​ចំណាយ​ប៉ុន្មាន និង គួរ​វិនិយោគ​ប៉ុន្មាន?

លោក​បន្ត​ទៀត​ថា៖ "តាម​ខ្ញុំ​គិត ខ្ទង់​ចំណាយ​ប្រហែល​ជា ១៥០ លាន​ដុល្លារ​សម្រាប់​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​ក្នុង​គន្លង​អវកាស ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​​ដែល​មាន​អាយុកាល​ប្រើ​បាន​យ៉ាង​តិច ១៥ ឆ្នាំ។

"យើង​នឹង​អាច​ចំណាយ​ពេល​តិច​ជាង​បណ្ដា​ប្រទេស​ដទៃ ដោយ​សារ​មាន​ដៃ​គូ​សហការ​ដូច​ជា ក្រុមហ៊ុន Great Wall Industry Corporation ជា​ក្រុមហ៊ុន​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​មួយ​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ ២០១៥។

ចុច​អាន​៖ ​ប្រទេស​ឡាវ​បាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់​ខ្លួន Lao Sat-1​ ដំបូង​ទៅ​លើ​អាកាស​

ផ្កាយរណប​ Lao Sat-1 របស់​ឡាវ​

ជា​ទូ​ទៅ ស្ដង់​ដារ​សម្រាប់​រៀប​ចំ​ត្រៀម​បង្ហោះ​ផ្កាយ​រណប​មាន​រយៈ​ពេល ៧ ឆ្នាំ។ តែ​ខ្ញុំ​ជឿ​ជាក់​ថា វា​នឹង​អាច​រួច​រាល់​ត្រឹម​រយៈពេល ៣ ឆ្នាំ។ ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង​រៀប​រយ កម្ពុជា នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​ក្នុង​គន្លង​អវកាស នៅ​ឆ្នាំ ២០២១ ឬ ២០២២ ។ លោក​វុត្ថា បញ្ជាក់៖

កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​សួរ​ទៅ​ បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែល​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក ឲ្យ​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក(បរទេស) ក្នុង​ការ​បង្កើត​ក្ដី​ស្រម៉ៃ ឲ្យ​ចេញ​ជា​ការ​ពិត ចំពោះ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ទៅ​គន្លង​អវកាស​របស់​កម្ពុជា។

កម្ពុជា​គួរ​តែ​មាន​ផ្កាយ​រណប​ផ្ទាល់​ខ្លួន​ហើយ ដើម្បី​បង្កើន​កម្រិត​ការ​ផ្សាយ ឲ្យ​កាន់​តែ​ខ្ពស់ ទៅ​កាន់​ប្រជាពលរដ្ឋ។ ចំពោះ​ការ​ផ្ដល់​សេវា​អ៊ីនធើណិត​ដែល​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន សម្រាប់​ប្រជាពលរដ្ឋ ជា​ឧបសគ្គ​ដ៏​ធំ ហើយ​ក៏​ជា​ការ​វិនិយោគ​ដ៏​ធំ​មួយ​ដែរ តែ​វា​អាច​នឹង​ទៅ​រួច។ សម្តេច​បញ្ជាក់​បន្ថែម៖

​រំឮក​ដែរ​ថា កម្ពុជា បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ ខ្សែ​កាប​ទឹក​ទូរគមនាគមន៍​សម្រាប់​នាវា​មុជ​ដំបូង​គេ កាល​ពី​ខែ មីនា ដែល​ជា​គម្រោង​មួយ​ដែល​មាន​តម្លៃ​ជាង ១០០ លាន​ដុល្លារ។

ខ្សែ​កាប​ដែល​មាន​ប្រវែង ១ ៣០០ គីឡូម៉ែត្រ​នេះ​ជា​ការ​វិនិយោគ​រវាង​ក្រុមហ៊ុន Telecothech របស់​កម្ពុជា​ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន EZECOM និង​ក្រុមហ៊ុនTelekom Malaysia Berhad ដែល​មាន មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Symphony Communication Public Company Limited ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសថៃ៕

ចុច​អាន​បន្ត​៖

ប្រភព៖ KhmerTime

អត្ថបទ៖ រក្សា

អត្ថបទថ្មី