មក​ដឹង​ប្រវត្តិ​រថយន្ត Mitsubishi តាំង​ពី​​​ឈប់​​​ផលិត​ រហូត​​​​​ឈរ​នៅ​លំដាប់​ទី ៦ នៅ​ជប៉ុន

  • 2017-10-22 04:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mitsubishi Motors Corporation ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ នា​ឆ្នាំ ២០១១ ក្រុមហ៊ុន​មួយ​នេះ ឈរ​នៅ​លំដាប់​ទី ៦ ក្នុង​ស្រុក និង​លំដាប់​ទី ១៦ នៅ​ទីផ្សារ​សកល។ គិត​ចាប់​ពី​ខែ​តុលា​ឆ្នាំ ២០១៦ Mitshubishi ផ្ដល់​ភាគហ៊ុន ៣៤ ភាគរយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Nissan ក៏​ដូច​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ Renault-Nissan-Mitsubishi។

​​ក្រៅ​ពី​នោះ​ក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ Mitsubishi Keiretsu ដែល​មាន​ភាគហ៊ុន ២០ ភាគរយ​ក្នុង​ក្រុមហ៊ុន Mitsubishi Motors និង​អតីតកាល​ Mitsubishi Fuso Truck and Bus Corporation ក៏​ធ្លាប់​ជា​ចំណែក​នៃ​ក្រុមហ៊ុន​ខាង​លើ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ក្រុមហ៊ុន Daimler AG ទិញ​យក។​

+ដើម​កំណើត:

Mitsubishi កើត​ឡើង​ដំបូង​បង្អស់​នា​ឆ្នាំ ១៩១៧ អំឡុង​ពេល​ដែល Mitsubishi Shipbuilding Co., Ltd ប្រកាស​បង្ហាញ​រថយន្ត Mitsubishi Model A។​ ជា​ប្រភេទ​រថយន្ត​មាន​កៅអី ៧ ផ្សំ​នឹង​តម្លៃ​ថ្លៃ​ធៀប​ទៅ​គូ​ប្រជែង​នៅ​ប៉ែក​អាមេរិក​និង​អឺរ៉ុប ប៉ុន្តែ​ផលិត​បាន​តែ ២២ គ្រឿង​ប៉ុណ្ណោះ រហូត​ដល់​ឆ្នាំ ១៩២១ ត្រូវ​បាន​បញ្ឈប់​ការ​ផលិត​វិញ។

ចូល​ដល់​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ក្រុមហ៊ុន​នេះ​បាន​ផ្អាក​ខ្លួន​មួយ​រយៈ ហើយ​ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​ក៏​សម្រុក​ផលិត​បន្ត​នូវ​រថយន្ត​ក្រុង Fuso និង​រថយន្ត​ដឹក​ទំនិញ​ខ្នាត​តូច​ប្រភេទ​កង់​បី ឲ្យ​ឈ្មោះ Mizushima និង​ប្រភេទ Scooter ឈ្មោះ Silver Pigeon។

ចូល​ដល់​ឆ្នាំ ១៩៧៣ ក្រុមហ៊ុន​ជប៉ុន​ Mitsubishi បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​យក្ស​អាមេរិក Chrysler ដោយ​មាន​ចំណែក​ភាគហ៊ុន ១៥ ភាគរយ ឆ្ពោះ​ដល់​ការ​ផលិត​រថយន្ត​ចន្លោះ​ពី​ ៥០០,០០០ ​គ្រឿង​ ក្នុង​ឆ្នាំ ១៩៧៣ កើន​ដល់ ៩៦៥,០០០ គ្រឿង​ នៅ​ឆ្នាំ ១៩៧៨ ដោយ​សន្ទុះ​លក់​ខ្លាំង​បាន​មក​ពី​រថយន្ត Galant ហើយ​ជា​គូ​ប្រជែង​ក្ដៅ​គគុក​ជាមួយ​ក្រុមហ៊ុន​អាមេរិក​រថយន្ត Dodge Challenger និង Plymouth Sapporo។

ក្នុង​ឆ្នាំ ១៩៨២ ជា​ពេល​ដំបូង​ដែល​ Mitsubishi បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​នៅ​ទឹកដី​អាមេរិក និង​ការ​នាំ​ចូល​រថយន្ត​ដឹក​ទំនិញ​ខ្នាត​ធំ​ទៅ​ទីផ្សារ​ប្រទេស​ចិន​នា​ចន្លោះ​ឆ្នាំ ១៩៨៤ ដល់ ១៩៨៥។ ឈ្មោះ Mitsubishi Motors បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៨៨ បន្ទាប់​ពី​ Mitsubishi Heavy Industries បាន​ដក​ហ៊ុន ២៥ ភាគរយ​ចេញ គាប់​ជួន​ Chrysler ទិញ​ហ៊ុន​ ២០ បន្ថែម​មក​វិញ។​ សម្រប​នឹង​ទីផ្សារ​កំពុង​គាំទ្រ​ខ្លាំង​នៅ​ប៉ែក​អាមេរិក ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​បាន​ជ្រៀត​ខ្លួន​ចូល​ទីផ្សារ​អាស៊ី​បន្ថែម​រួម​មាន ហ្វីលីពីន, ថៃ និង​ម៉ាឡេស៊ី។​

+ដៃ​គូ​សហការ​ធំៗ:

- Volvo: បន្ទាប់​ពី​លក់​ក្រុមហ៊ុន Volvo Cars ចែក​ទៅ​ឲ្យ​ Ford នា​ខែ​មករា ឆ្នាំ ១៩៩៩ ភ្លាម​នោះ Volvo Group បាន​ទិញ​ភាគហ៊ុន ៥ ភាគរយ​ពី Mitsubishi Motor នា​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​តែ​មួយ ប៉ុន្តែ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន DaimlerChrysler បន្ត​វិញ​នា​ឆ្នាំ ២០០១។

- Volkswagen: ក្នុង​ទីផ្សារ​អឺរ៉ុប Mitsubishi Motors លក់​រថយន្ត​ប្រើ​សាំង ដែល​ទទួល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Volkswagen សម្រាប់​ពពួក​រថយន្ត​ធន់​កណ្ដាល​មួយ​ផ្នែក​ធំ មាន​ដូច​ជា​ម៉ូដែល Lancer, Grandis និង Outlander។

- ​​​​​​Hyundai: ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Hyundai បាន​ផលិត​រថយន្ត​កូរ៉េ​ដំបូង​ម៉ូដែល Hyundai Pony នៅ​ឆ្នាំ ១៩៧៥ ជួន​ពេល​នោះ Mitsubishi បាន​ទិញ​យក​ភាគហ៊ុន ១០ ភាគរយ រហូត​ដល់​ការ​បែងចែក​ភាគហ៊ុន​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ខែ​មិនា ឆ្នាំ ២០០៣។

- ​Nissan: នៅ​ខែ​ឧសភា ឆ្នាំ ២០១៦ ក្រុមហ៊ុន Nissan បាន​ប្រកាស​ទិញ​ភាគហ៊ុន ៣៤ ភាគរយ​នៃ Mitsubishi Motors ដែល​នេះ​ជួយ​ឲ្យ​ក្រុមហ៊ុន Nissan ក្លាយ​ជា​បិតា​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ជប៉ុន​បាន ក៏​ដូច​ជា​បង្វែរ​ឲ្យ​ Mitsubishi Motors ចូល​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ Renault-Nissan Alliance។​ Nissan មាន​គម្រោង​នឹង​ចូលរួម​ចង្វាក់​ផលិតកម្ម​រថយន្ត​នា​ពេល​អនាគត​ជាមួយ Mitsubishi Motors។

+រថយន្ត​អគ្គិសនី:

Mitsubishi Motors ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី ប្រើ​អាគុយ​ lithium-ion ម៉ូដែល I MiEV នៅ​ឆ្នាំ ២០០៩ ចូល​ដល់​ឆ្នាំ ២០១០ ខ្លួន​ក៏​បាន​ប្រកាស​បង្ហាញ​ព្រម​គ្នា​នៅ​រថយន្ត​អគ្គិសនី​ចំនួន ៥ ម៉ូដែល​ផ្សេង​ទៀត។

+ការ​សហការ​ជាមួយ​តារា​សម្ដែង Jackie Chan:

Mitsubishi បាន​សហការ​ជាមួយ​លោក Jackie Chan (ឈិន ឡុង) អស់​ជាង ៣០ ឆ្នាំ​មក​ហើយ។ គាត់​តែង​តែ​ប្រើប្រាស់​រថយន្ត Mitsubishi ទាំង​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​និង​ការ​បំពេញ​ការងារ​របស់​លោក។​

ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​មាន​ឈ្មោះ Jackie Chan Cup បាន​បើក​នៅ​ឆ្នាំ ១៩៨៤ បណ្ដុំ​ដោយ​កំពូល​អ្នក​ប្រណាំង​រថយន្ត​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​រូប ធ្វើ​ការ​ប្រណាំង​ជុំវិញ​តំបន់​អាស៊ី។ នៅ​ឆ្នាំ ២០០៥ ក្រុមហ៊ុន​ជប៉ុន បាន​ផលិត​រថយន្ត​ពិសេស Jackie Chan Special Edition ម៉ូដែល Lancer Evo IX ចំនួន ៥០ គ្រឿង​លក់​នៅ​លើ​ទីផ្សារ៕

ចុច​អាន​បន្ត​៖

ប្រភព៖ Wikipedia   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី