ម៉ន់​ ចាន់តារា​ អាច​នឹង​បោះបង់​អា​ជីព​ប្រដាល់​ព្រោះ​ជួប​រឿង​អយុត្តិធម៌​ច្រើន​ពេក​

  • 2017-10-26 08:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ម៉ន​ ចាន់តារា អាច​នឹង​ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់​ ព្រោះ​ជួប​រឿង​អយុត្តិធម៌​ច្រើន​ពេក​ វ៉ៃ​ត្រូវ​គេ​ច្រើន​សម​នឹង​ឈ្នះ​ តែ​លទ្ធផល​ផ្ទុយ​រហូត​ ជា​ហេតុ​អស់​ទឹក​ចិត្ត​ចំពោះ​អាជីព​មួយ​នេះ។​

កីឡាករ ម៉ន ចាន់តារា

កីឡាករ​ ម៉ន​ ចាន់តារា បាន​ឲ្យ​ដឹង​ថា​ ភាព​អយុត្តិធម៌​ទៅ​លើ​ការ​ឲ្យ​ពិន្ទុ​ កាត់​សេចក្ដី​លំអៀង​ តាម​បក្ស​តាម​ពួក​ នេះ​បាន​ធ្លាក់​មក​លើ​រូប​គេ​ច្រើន​ដង​ណាស់​មក​ហើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​អស់​ចិត្ត​លែង​ចង់​ឡើង​ប្រកួត​តទៅ​ទៀត។​ «ពេល​ខ្លះ​គេ​ចោទ​ថា​លក់​ការ​ប្រកួត​ក៏​មាន​ដែរ​ ខ្ញុំ​ខំប្រឹង​ប្រកួត​ចង់​ងាប់​ តាំង​ពី​ចូល​វ៉ៃ​មក​ជិត​៥ឆ្នាំ​នេះ​មិន​ដែល​លក់​ការ​ប្រកួត​ម្ដង​ណា​ទេ» សម្ដី ម៉ន ចាន់តារា។​ សិស្ស​ប្អូន​ ម៉ន​ សាម៉េត​ ម្នាក់​នេះ​បន្ថែម​ថា​ បើ​ឲ្យ​ពិន្ទុ​ត្រឹម​ត្រូវ​ ចាញ់​គឺ​ចាញ់​ នោះ​គេ​មិន​ខឹង​អ្វី​ទាំង​អស់​ប៉ុន្តែ​ឈ្នះ​ហើយ​ឲ្យ​ចាញ់​វិញ​ទើប​ខ្លួន​អស់​ចិត្ត​តែ​ម្ដង។​

កីឡាករ ម៉ន ចាន់តារា ខៀវ

អ្នក​ប្រដាល់​វ័យ​២២ឆ្នាំ​ខាង​លើ​ ធ្លាប់​ចង់​ដើរ​ចេញ​ពី​អាជីព​មួយ​នេះ​ច្រើន​ដង​ណាស់​មក​ហើយ​ តែ​ដោយ​សារ​ចិត្ត​ស្រឡាញ់​ក៏​ធ្វើ​ឲ្យ​គេ​នៅ​បន្ត​ ហើយ​វិល​មក​រក​សង្វៀន​វិញ​ ប៉ុន្តែ​ម្ដង​នេះ​បែប​ឈប់​មែនទែន​ហើយ​ បើ​ទោះ​ជា​មិន​ទាន់​មាន​ការងារ​ធ្វើ​ក៏​ដោយ​ ព្រោះ​ធុញ​នឹង​ជួប​រឿង​បែប​នេះ​ដដែល​ទៀត។​ ពេល​ក្រោយៗ​បើ​មាន​ការ​រៀបចំ​ការ​ប្រកួត​បាន​ល្អ​ត្រឹមត្រូវ​ ប្រហែល​ជា​វិល​មក​សង្វៀន​វិញ។​

កីឡាករ ម៉ន ចាន់តារា ខៀវ

ម៉ន​ ចាន់តារា ជា​កីឡាករ​មក​ពី​ក្លឹប​ការិយាល័យ​ទី៥​កងទ័ព​ជើង​គោក​ ជា​កូន​សិស្ស​លោក​គ្រូ​ ម៉ាង​ ម៉ន​ ហើយ​គិត​មក​ដល់​ឆ្នាំ​២០១៧​ នេះ​ គេ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ប្រហែល​៥ឆ្នាំ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី