អត្ថន័យ​ឈុត "នាងឧសភី" របស់​​បវរកញ្ញា​កម្ពុជា​ដែល​កំពុង​ប្រកួត​នៅហ្វីលីពីន​

  • 2017-10-27 02:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​​សម្លៀកបំពាក់​ដែល ​កញ្ញា អែម គន់ថង អតីត​ជយលាភី​លេខ២​កញ្ញា​ឯក​កម្ពុជា​ ឆ្នាំ២០១៦ ដែល​បាន​ស្លៀក​​ចូលប្រកួតក្នុងកម្មវិធី Miss Earth 2017​ នៅប្រទេសហ្វីលីពីន មាន​ឈ្មោះ​ថា "នាងឧសភី" ជាឈុតតំណាងជាតិ (National Costume)។

តាម​ការ​ពន្យល់របស់​លោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិ​ Arise Agency ដែល​ជា​អ្នក​រៀបចំ​បញ្ជូន ​កញ្ញា អែម គន់ថង ទៅប្រកួតនេះ ថា ឈុត "នាងឧសភី" ច្នៃ​ដោយ​ក្រុម La Chhouk Recycled & Creative Fashion ដោយ​មួយ​ផ្នែក​ធំ​នៃ​រ៉ូប​នេះ បាន​ច្នៃ​ចេញ​ពី​សំរាម​ស្ងួត ឬ​សម្ភារៈ​ដែល​គេ​ប្រើ​ប្រាស់​រួច (Recycled Materials) មាន​ដូច​ជា​ឌីស គំរប​ដប បាវ​ ជាដើម។

លោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិ​ Arise Agency

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ឈុត​នេះ​បាន​ផ្សារ​ភ្ជាប់​ពី​អត្តសញ្ញាណ​ខ្មែរ ដោយ​យក​លំនាំ​តាមសត្វ​គោ​ព្រៃ ដែល​ជា​សត្វ​មួយ​តំណាង​ជាតិ ហើយ​យើង​ក៏បានបន្ថែម​ផ្នែក​ខ្លះ​នៃ​សម្លៀកបំ​ពាក់​របាំ​ខ្មែរ ដូច​ជា​សរុងក ខ្សែ​ឈៀង ។ ចំណែក​ឈ្មោះ ​"នាងឧសភី" មាន​ន័យ​ជា​ស្ដេច​គោញី ដោយ​យោង​តាម​ពាក្យថា ឧសភ ឬ ឧសភរាជ ប្រែ​ន័យ​សេចក្ដី​ថា ស្ដេចគោ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឈុត​នេះ​ផង​ដែរ​នៅ​ពេល​បង្ហាញ វា​នឹង​ឮសំឡេង​កណ្ដឹង យោលទៅ​យោលមក ប្រៀបបាននឹងសំឡេង​សត្វ​គោ​ពេល​ធ្វើ​ដំណើរ​ផង​ ហើយ​ក៏ជាចំណុច​ដែល​បង្កើន​នូវភាព​ទាក់​ទាញ​មួយ​កម្រិតទៀតដល់អ្នកទស្សនា។

លោក​ថា ហេតុ​បាន​ជា​យកសត្វព្រៃ និង វត្ថុ​ដែល​ប្រើ​ប្រាស់​រួច (Recycled Material ) ជា​ Concept គឺ​ចង់​បង្ហាញ​អត្ថន័យ​ពី​ការ​ចូលរួម​ការ​ការពារ​សត្វព្រៃ និង​បរិស្ថាន ឲ្យ​សម​ស្របទៅ​តាម​កម្មវិធី Miss Earth 2017 ដែល​គោល​ដៅ​ធំ​របស់​កម្មវិធី គឺ ការ​អប់រំ ការ​ការពារ​បរិស្ថាន។

នាយ​ប្រតិបត្តិ ខាង​លើ​ សង្ឃឹមថា ឈុត​មួយ​នេះ​នឹង​បាន​ចូលរួម​ចំណែក​លើក​មុខ​ប្រទេស​ជាតិ តាម​រយៈ​ការ​បង្ហាញ​របស់ Miss Earth Cambodia ​ទៅ​ដល់​បណ្ដាជន​នៃ​ប្រទេសដទៃ។

កញ្ញា អែម គន់ថង បាន​ចេញ​ពី​​ប្រកួត​កម្មវិធី​ខាង​លើកាលពីថ្ងៃ ០៨ ខែ តុលា ឆ្នាំ ២០១៧ ដោយ​កម្មវិធី គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី០៤ ខែ ​វិច្ចិកា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។ ស្រី​ស្អាត អែម គន់ថង មាន​វ័យ​១៨ឆ្នាំ កម្ពស់ ១៧២សង់ទីម៉ែត្រ មាន​ស្រុក​កំណើត នៅខេត្តព្រះសីហនុ។ ក្រៅ​ពី​ឈុត "នាងឧសភី" កញ្ញា អែម គន់ថង បាន​នាំ​ឲ្យ​សម្លៀក​បំពាក់​ជា​ច្រើន​ម៉ូដ​ថែម​ទៀត។

អត្ថបទៈ ស៊ុនហួត