​ផលិតករស្រី​វ័យក្មេង ចំណាយថវិកាផ្ទាល់ខ្លួន ផលិតកុន​ខ្លីនិយាយ​ពី​ភ្លើង​ស្នេហ៍​ក្នុង​សម័យ​វាល​ពិ​ឃាត

  • 2017-11-01 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​កម្រ​ និង​ពោរ​ពេញ​ដោយ​ទស្សនៈ​ «វាល​ស្រែ​ វាល​ស្រូវ​» មានរយៈខ្លី​ប្រមាណ​ ១៥​នាទី​ ដឹក​នាំ​សម្តែង​ និង​ផលិត​ដោយ​ ផលិត​ករ វ័យ​ ៣១​ឆ្នាំ​ អ្នក​ស្រី​ គង់ សុវណ្ណ​ស្រី​ឈូក​។

រឿង​នេះ និយាយ​រៀប​រាប់​ពី​ចំណង​ស្នេហ៍​ត្រី​កោណ ​ដែល​បុរស​ពីរ​នាក់​គឺ​ជា​នាយក​ង​កម្មា​ភិ​បាល​ខ្មែរ​ក្រហម​ បាន​ស្រលាញ់​លើ​នារី​ម្នាក់​ដែល​ជា​ប្រជា​ជន​ធម្មតា​ តែ​ដោយ​កម្មា​ភិបាល​ម្នាក់​ដែល​ជា​មនុស្ស​គ ​ធ្លាប់​ជួយ​យក​អាសា​ជីវិត​របស់​នាង​រស់​ដែល​ជា​តួ​អង្គ​ឯក​ នាង​រស់​ក៏​បាក់​ចិត្ត​ស្រលាញ់​កម្មា​ភិបាល​ គ​ នោះ​ ហើយ​ទាំង​ពីរ​នាក់​តែងតែ​បាន​សរសេរ​សារ​ស្នេហា​ឲ្យ​គ្នា​តាម​រយៈ​ស្លឹក​ឈូក​ដែល​នាយ​ គ​ បោះ​ឲ្យ​នាងខ្ចប់​នឹង​​ដំ​បាយ​។ ​

ក្នុងសាច់រឿងក៏បានរំលេចអារម្មណ៍ស្នេហាជ្រាលជ្រៅ តាមរយៈការណាត់ជួបគ្នាលួចលាក់ នៅទីស្ងាត់កំបាំង ឬក៏ណាត់គ្នាមើលដួងច័ន្ទជាដើម។

តាម​ការឲ្យពីផលិត​ករ​ដែល​មាន​រហ័ស​នាម​ ឈូក​ មាស​ រឿង​នេះ​ជា​ស្នាដៃ​និពន្ធ​ និង​ដឹក​នាំ​ជា​លើ​ក​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ក្នុង​២០១៦​ ហើយ​ចំណាយ​អស់​ថវិកា​ផ្ទាល់​ខ្លួន​ជាង​ ៣ ០០០ ដុល្ហា​អាមេរិក​ ក្រោម​ជំនួយ​ស្ម័គ្រ​ចិត្ត​ពី​តួ​អង្គ​សម្តែង​ និង​ក្រុ​ម​ការ​ងារ​បច្ចេក​ទេស​។

រម្លឹកដល់ការ​ផលិត​រឿង​ «វាល​ស្រែ​ វាល​ស្រូវ​» អ្នកស្រី ឈូក មាស ថា វា​បាន​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់ខ្លួន​បាន​ជោគ​ជ័យ​ ហើយ​នឹក​ស្មាន​មិន​ដល់​ថា​ ទឹក​ប្រាក់​ត្រឹម​ ៣ ០០០ ដុ​ល្លា និង​រយៈ​ពេល​ដ៏​ខ្លី​មួយ​អាច​ផលិត​រឿង​ដ៏​មាន​អត្ថ​ន័យ​ និង​រសជាតិ​ថ្មីប្លែក ទេស​ភាព​ ដ៏​កម្រ​រក​បាន​ដូច្នេះ។

អ្នក​ស្រី​ គង់ សុវណ្ណ​ឈូក​ បន្ត​ថា​៖ «បើ​និយាយ​ពី​អ្វី​ដែល​ចង​ចាំ​បំផុត​នោះ​គឺ​ ថា​ខ្ញុំ​ជា​មនុស្ស​ដែល​ខ្លាច​ដង្កូវ​បំផុត​ ហើយ​ពេល​ដែល​កំពុង​ថត​ ក៏មាន​ដង្កូវ​ ឡើង​តោង​លើ​ខ្ញុំ​ ខ្ញុំ​ភ័យ​ណាស់​ តែ​ខ្ញុំ​ធ្វើ​ចិត្ត​បាន​ ចាស៎!​ ព្រោះ​អី​ ខ្ញុំ​ជា​អ្នក​ដឹក​នាំ​ក្រុម​ ខ្ញុំ​មិន​អាច​ជា​មនុស្ស​ទន់​ខ្សោយ​នោះ​ទេ​»។ ហើយ​ជា​លទ្ធផល​ ក្រុម​ការងារ​បាន​សម្រេច​ជោគ​ជ័យ​ លើ​ការ​ថត​នៅ​កណ្តាល​វាល​ស្រែ​ ទាំង​ក្តៅ ទាំង​ភ្លៀង​ ទាំង​មាន​ដង្កូវ​ និង​បញ្ហា​ជា​ច្រើន​ទៀត​រយៈពេល៣យប់ ៣ថ្ងៃ និងប្រើពេលកាត់តអត់ងងុយជាង ១ខែ។

នេះ​ជា​លើក​ទី​១​ របស់​ផលិត​ករ​ ឈូក​ មាស​ លើ​ការ​ផលិត​ខ្សែ​ភាព​យន្ត​ តែ​ដោយ​ការ​ស្រ​លាញ់ ​និង​ចង់​បង្កើត​ទស្សន័យ​ភាព​សិល្បៈ​ភ្ជាប់​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ ពិសេស​ដោយ​ស្រលាញ់​ យ៉ាង​ខ្លាំង​លើ​អត្ថ​ន័យ​បទ​ចំរៀង​ដើម​ «វាល​ស្រែ​ វាល​ស្រូវ​» ផង ទើប​ខ្សែ​ភាព​យន្ត​ ត្រឹម​ ១៥​នាទី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ ដោយ​មិន​ខ្វល់​ពី​រឿង​ចំណេញ​ ឬ​ខាត។ ផលិត​ករ​រូប​នេះ​បន្ត​ថា​៖ «ខ្ញុំ​ចង់​ផលិត​ កុន​ Serious (កុន​បែប​ស៊ី​ជម្រៅ​) ដើម្បី​ជា​ចំណេះ​ដឹង​ផង​ និង​ការ​កម្សាន្ត​ប្រកបដោយ​អត្ថន័យ​ ដែល​ខ្ញុំ​គិត​ថា​នៅខ្មែរ​យើង​មិន​សូវ​មាន​ច្រើន​ទេ​»។

លើស​ពី​នេះ​ទៅ​ទៀត​ ផលិត​ករ​ភាព​យន្តខ្លី «វាល​ស្រែ​វាល​ស្រូវ​»​បន្ត​ថា​៖ ​«រឿង​ល្អ​មួយ​សូម្បី​តែ​ប្រាប់​គេ​ពី​គម្រោង​ស្រាវ​ជ្រា​វ​ ឬ​រៀប​វា​ជា​សៀវ​ភៅ​ក៏​ល្បី​មុន​ទៅ​ហើយ​...»។ ដូច​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» ល្បី​ជា​ស្នាដៃ​សៀវ​ភៅ​ មុន​ពេល​ផលិត​ជា​ខ្សែ​ភាព​យន្ត​ខ្លះ​បាត់​ទៅ​ហើយ​ ហើយ​ក៏​មាន​រឿង​ល្បីៗ​របស់​ហូលីវូដ ជា​ដើម​បង្កើត​ឡើង​បន្ទាប់​ពី​សៀវ​ភៅ​។​

តួ​យ៉ាង​សាច់​រឿង​ «វាល​ស្រែ​ វាល​ស្រូវ​» លើកពី​ concept សាច់​រឿង​ដែល​បាន​ពី​ការ​ស្រមើល​ស្រមៃ​ អារម្មណ៍​ និង​ព្រឹត្តិ​ការណ៍​សាច់​រឿង​ ត្រូវ​បាន​អ្នក​ស្រី​ សុវណ្ណ​ឈូក​​ ស្តាប់​ និង​សួរ​អ្នក​ជំនាន់​មុន​ដែល​ឆ្លង​កាត់​ និង​ជួប​ព្រឹត្តិ​ការណ៍​ពិត​ដូច​ក្នុ​ង​សាច់​រឿង​ខ្លី​នេះ​។ «ខ្ញុំ​ទៅ​សួរ​យាយ​ខ្ញុំ​ថា ​ពេល​សម័យ​ពល​ពត់​បើ​គេ​ស្រលាញ់​គ្នា​គេ​ធ្វើ​ម៉េច​ គេ​រ៉ូ​មែន​ទិកយ៉ាង​ម៉េច​?​ លោក​យាយ​ថា​ គេ​លបលួច​ជួប​គ្នា​ មើល​ព្រះ​ច័ន្ទ​ពេល​យប់​ តាម​វាល​ស្រែ​ តាម​ពំនូក​ចំ​បើង អី​ចឹង​ទៅ​ណា​»​។ ហើយ​អ្នក​ស្រី​ ក៏​បាន​ជួប​អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​ផ្ទាល់​ ដើម្បី​សួរ​អំពី​ពិធី​រៀប​ការ​សម័យ​នោះ ​ក៏​ដូច​ជា​ការ​លួច​ស្រ​លាញ់​គ្នា​ តើ​គេ​រក​វិធី​យ៉ាង​ណា​ដើម្បី​កំចាត់​ដៃ​គូរ​បក្ស​ដិ​បក្ស​អី​ជា​ដើម​ មុន​នឹង​ខ្សែ​ភាព​យន្ត​នេះ​ឡើង​។

ខ្សែ​ភាព​យន្ត​ខ្លី​ «វាល​ស្រែ​ វាល​ស្រូវ​» ​ធ្លាប់​បាន​ចាក់​បញ្ចាំង​ក្នុង​មហោ​ស្រព​ជាតិ​លើក​ទី​មួយ​កាល​ពី​ឆ្នាំ​ ២០១៦ និង​ជាប់​ជា​ជម្រើស​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​មហោ​ស្រព​ភាពយន្តខ្លី​ចតុ​មុខ​ ឆ្នាំ​ ២០១៧​នេះ ​ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ផលិត​ករ​ខ្សែ​ភាព​យន្ត​ជា​ច្រើន​។ រឿង​នេះ​ក៏​ផ្ញើ​ទៅ​ចូល​រួម​ប្រកួត​ក្នុ​ង​មហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​ ហើយ​ក៏​ត្រៀម​ខ្លួន​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​អន្តរ​ជាតិ​ផង​ដែរ​។

ចុចអាន៖យី កក្កដា សិល្ប​ករ​ពហុ​ជំនាញ ចេះគូរគំនូរ២ផ្ទាំងក្នុងពេលតែមួយ មាន​ប្រវត្តិ​កំសត់​នឹក​ស្មានមិនដល់​

អ្នក​សិល្បៈ​១០​រូប​ជួប​រឿង​សោកសង្រេង​ និង​តក់ស្លុត​​​បំផុត​នៅ​ឆ្នាំ​២០១៧

អត្ថបទ៖ Sunny