ខែត្រជាក់អ៊ីចឹង ទៅលេង៤កន្លែងនេះនៅកម្ពុជាសប្បាយខ្លាំង មិនបាច់ចាយលុយទៅស្រុកគេ
- 2017-10-31 04:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែត្រជាក់អ៊ីចឹង ទៅលេង៤កន្លែងនេះនៅកម្ពុជាសប្បាយខ្លាំង មិនបាច់ចាយលុយទៅស្រុកគេ
ចន្លោះមិនឃើញ
ចាប់ពីខែវិច្ឆិកា នេះទៅនៅប្រទេសកម្ពុជាចាប់ផ្ដើមធ្លាក់ខ្យល់រំភើយៗ ហើយក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្ត នារដូវត្រជាក់នេះ។ ដូច្នេះនៅថ្ងៃនេះ Sabay សូមនាំប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្តប្រកបដោយទេសភាពដ៏ស្រស់បំព្រង និងសក្ដិសមបំផុតចំពោះអ្នកចង់ធ្វើដំណើរកម្សាន្តស្របពេលដែលកម្ពុជា ចាប់ផ្ដើមចុះត្រជាក់ខ្លាំង។ ដូច្នេះសូមប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្តទាំង ៤ខាងក្រោមនេះទាំងអស់គ្នា៖
១. Bamboo Bungalow
Bamboo Bungalow គឺជាកន្លែងលេងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងខេត្តកំពត ដែលមានកន្លែងគេងជាបន្ទប់ដាច់ពីគ្នា ហើយថែមទាំងមាននៅជាប់មាត់បឹងទៀតផង។ បើតាមការប្រាប់ពី អ្នកស្រី ម៉ូនីកា ជាម្ចាស់រីសតនេះតែម្ដងបានឱ្យដឹងថា Bamboo Bungalow ជាកន្លែងលម្ហែកាយបែបស្ងប់ស្ងាត់ និងរ៉ូមេនទិកបំផុត នៅទីនោះមានបន្ទប់ស្នាក់នៅ ១៧បន្ទប់ ប៉ុន្តែជាប់មាត់បឹងមានតែ ៣ បន្ទប់ប៉ុណ្ណោះ។ ម្ចាស់រីសតខាងលើ បានឱ្យដឹងទៀតថា ក្នុងមួយបន្ទប់មានតែគ្រែមួយ ប៉ុណ្ណោះ ចំពោះតម្លៃវិញ ៣០ដុល្លារក្នុងមួយយប់។
លក្ខណៈពិសេសដែលភ្ញៀវទេសចរណ៍ ទទួលបាន គឺអាចគយគន់ទេសភាពដ៏ស្រស់បំព្រងលក្ខណៈធម្មជាតិសុទ្ធសាធ ហើយនៅពេលល្ងាចអាច ជិះទូកមើលថ្ងៃរៀបលិច ជាពិសេសពេលយប់អាចគយគន់ហ្វូងអំពិលអំពែករាប់លានក្បាលទៀតផង។ ចំពោះការជិះទូកទស្សនា ភ្ញៀវខ្មែរ ៣ដុល្លារ ចំណែកឯភ្ញៀវបរទេសតម្លៃ ៥ដុល្លារ ចេញដំណើរពីម៉ោង ៥ និងត្រឡប់មកវិញម៉ោង៧។
Bamboo Bungalow មានចម្ងាយប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត នៅក្បែរផ្លូវរថភ្លើង ក្នុងស្រុកទឹកឈូ ខេត្ត កំពត។
២. ត្រពាំងសង្កែ
ខ្យល់សមុទ្រដ៏ល្អបរិសុទ្ធ ខណៈចូលដល់ជំរំនៃម្លប់ដើមកោងកាងយ៉ាងត្រឈឹងត្រឈៃ នឹងនាំអារម្មណ៍រីករាយសម្រាប់ភ្ញៀវទេសចរក្នុងពេលកំពុងធ្វើដំណើរលើស្ពានរាប់រយម៉ែត្រ ដែលហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់។ ភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនដី ប្រជាសហគមន៍នេសាទ បានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពត។
ធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ អ្នកដំណើរនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលរំលេចនូវរូបភាពទេសភាពដ៏ស្រស់ត្រកាលនៃភូមិទេសចរណ៍ធម្មជាតិមួយនេះ។ បន្ទាប់មក បត់ស្កាំចុះពីផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ នឹងចូលដល់ទីតាំងភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រមានឈ្មោះថា«ព្រែកក្បាលរមាស»។
ភូមិទេសចរណ៍ត្រពាំងសង្កែ ភ្ញៀវនឹងរីករាយនឹងខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ គយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមលើពីនេះទៀត ភ្ញៀវទេសចរណ៍អាចបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាស នៅអមសងខាងជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដើម្បីបានដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់។
៣. ផ្កាចាហួយរាប់ពាន់ដើមនៅខេត្តសៀមរាប
បើតាមការឱ្យដឹងពីលោក ឡូយ សុវណ្ណ រស់នៅក្បែរភ្នំអំពិល ក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់មកកាន់ Sabay ថា ចាប់ពីចុងខែតុលានេះទៅ ផ្កាចាហួយដ៏ស្រស់ស្អាតបំផុតនៅភ្នំអំពិល ចាប់ផ្ដើមរីកស្គុះស្គាយទៀតហើយ អ្នកដែលចូលចិត្តតំបន់ធម្មជាតិទេសភាពស្រស់ត្រកាលអាចទៅលេងកម្សាន្តបាន។
លោក ឡូយ សុវណ្ណ បានប្រាប់ទៀតថា បច្ចុប្បន្ននៅទីនោះមិនទាន់បានអភិវឌ្ឍ ជាតំបន់ទេសចរណ៍នោះទេ ភាគច្រើនអ្នកទៅលេងកម្សាន្តជាអ្នកស្រុកក្បែរនោះដែលស្គាល់តៗគ្នា។ ចំពោះភ្ញៀវទេសចរណ៍ ចង់ទៅលេងកម្សាន្តមិនអាចធ្វើដំណើរតាមរថយន្តបានទេ ត្រូវជួលគោយន្តអ្នកភូមិពាក់ស្នែងជិះពេញមួយថ្ងៃតម្លៃ ២០ដុល្លារប៉ុណ្ណោះ អាចជិះបានគ្នា២៤នាក់។
ទៅដល់ទីនោះភ្ញៀវទេសចរប្រាកដជាលង់នឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបំផុត មានវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក ជាពិសេសផ្កាចាហួយរំលេចពណ៌ផ្កាឈូកគួរឱ្យគយគន់ក្រៃលែង។ អ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារយកទៅញ៉ាំ ឬក៏អាចឱ្យអ្នកភូមិចម្អិនឱ្យក៏បានដែរក្នុងតម្លៃសមរម្យ និងជាអាហាររបស់ភូមិផ្ទាល់។
ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត។
៤. ភ្នំត្បែងនៅខេត្តព្រះវិហារ
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងអាចជាកន្លែងទេសចរណ៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តជាតិ ដោយនៅទីនោះមានទឹកធ្លាក់ រូងប្រជៀវ និងជាកន្លែងសក្ការ។ ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិដែលមានសម្រស់ស្រស់ស្អាត ដោយមានទាំងព្រៃធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និងតំបន់បុរាណឋានសម្រាប់ពិធីផ្សេងៗផងដែរ។
ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត តំបន់នេះត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងមក។
តំបន់បេតិកភណ្ឌភ្នំត្បែងនេះមានទីតាំងក្នុងខេត្តព្រះវិហារ និងគ្របដណ្ដប់លើស្រុកចំនួនប្រាំគឺ ស្រុកសង្គមថ្មី ស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុករវៀង និងក្រុងព្រះវិហារ ដែលមានផ្ទៃដីសរុបចំនួន២៥០០០ហិចតា។ ដើម្បីឡើងដល់ទីតាំងទឹកធ្លាក់ និងទីសក្ការទាំងនេះ អ្នកធ្វើដំណើរត្រូវធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំដែលមានចម្ការចេកធំល្វឹងល្វើយ និងត្រូវឡើងតាមជណ្ដើរកម្ពស់៤០០ម៉ែត្រ និងមានកាំជណ្ដើរចំនួន១៨០០កាំ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
មកស្គាល់ ៣កន្លែងស្អាតរកលេខដាក់គ្មាននៅកម្ពុជានេះសិន មុនចង់ទៅលេងស្រុកគេ
៥ កន្លែងល្អបំផុតសម្រាប់អ្នកចង់ស្រែកខ្លាំងៗរំសាយទុក្ខ ចំណែកទេសភាពស្អាតកប់