កសិករចិន រកឃើញពីងពាងបុរាណ មានជើង១០ យ៉ាងកម្របំផុត

  • 2017-10-31 07:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ជនជាតិ​ចិន​ម្នាក់ មិន​ដែល​ចេះ​ខ្លាច​សត្វ​ពីងពាង​ឡើយ ប៉ុន្តែ​សត្វ​ពីងពាង​ដែល​កសិករ​រូប​នេះ បាន​រក​ឃើញ​មួយ​ក្បាល​នេះ ពិត​ជា​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ខណៈ​សត្វ​ពីងពាង​ធម្មតា មាន​ជើង​ត្រឹម​តែ ៨ សត្វ​ពីងពាង​បុរាណ​ដ៏​កម្រ​នេះ មាន​ជើង​ធាត់ៗ រហូត​ដល់​ទៅ ១០ ហើយ​មាន​រោម​ច្រើន​ទៀត​ផង។ មិនតែប៉ុណ្ណោះ វា​ហាក់​បី​ដូច​ជា​មាន​សំបក​រឹង គ្រប​ការពារ​លើ​រាងកាយ​ខាង​លើ​របស់​វា​ទៀត​ផង។ អ្វី​ដែល​ចម្លែក​បំផុត គឺ ផ្នែក​ខាង​ក្រោយ​របស់​វា ហាក់​បី​ដូច​ជា ការ​រចនា​ចម្លាក់​ពី​បុរាណ​អីចឹង។

កសិករ​ចិន​ខាង​លើ មាន​ឈ្មោះ​ថា Li Wenhua បាន​រក​ឃើញ​សត្វ​ពីងពាង​ដ៏​ចម្លែក​នេះ នៅ​ក្នុង​កសិដ្ឋាន​របស់​ខ្លួន នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ហើយ​ក៏​បាន​យក​វា​មក​ផ្ទះ​តែម្ដង។ ដោយសារតែ​មាន​ការ​ជួយ ពី​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត លោក Li បាន​ដឹង​ថា សត្វ​ពីងពាង​នោះ គឺ​ជា​សត្វ​ពីងពាង​ដ៏​កម្រ ហើយ​ធ្លាប់​ត្រូវ​គេ​រក​ឃើញ​ត្រឹមតែ ៦ក្បាល​ប៉ុណ្ណោះ ចាប់​តាំង​ពី​ឆ្នាំ២០០០ មក។

គួរ​បញ្ជាក់​ថា វា​ជា​ប្រភេទ​សត្វ​ពីងពាង Chinese Hourglass Spider ដែល​មាន​អាយុ​កាល​តាំង​ពី​សតវត្ស​ទី៥ ហើយ​ជា​ពូជ​កម្រ​មាន​បំផុត និង​មាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ។ ភស្តុតាង​ដំបូង​បង្អស់​នៃ​សត្វ​ពីងពាង​នេះ គឺ​នៅ​ក្នុង​វចនានុក្រម​បុរាណ ហៅថា Er Ya។

យ៉ាងណាមិញ លោក Zhao Li ជា​អ្នក​ជំនាញ​ម្នាក់ បាន​និយាយ​ថា «សត្វ​ពីងពាង​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ។ វា​ជា​ប្រភេទ​សត្វ​កម្រ​នៅ​ខេត្ត Sichuan។ ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ស្វែង​រក​វា ប៉ុន្តែ​រក​មិន​ឃើញ​សោះ»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម