រក​ឃើញមូលហេតុ​បង្ក​ឲ្យ​តារា​កូរ៉េ Kim Joo Hyuk ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

  • 2017-10-31 08:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ តារា​សម្ដែង​ Kim Joo Hyuk បាន​ទទួល​មរណភាព​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ ប៉ុន្តែ​ពេល​នេះ​មាន​ព័ត៌មាន​ថ្មី​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក​ហើយ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​លោក Kim មានការ​ឈឺចាប់​ក្នុង​ទ្រូង​មុន​ពេល​លោក​ជួប​ហេតុការណ៍​ដ៏​អាក្រក់​ រហូត​ឆក់​យក​ជីវិត​លោក​ទៅ​នោះ​។

លោក​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ Konkuk ភា្លមៗ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​បេះដូង​របស់​លោក។ បើ​តាម​មន្ទីរ​ពេទ្យ​បាន​ឲ្យ​ដឹង​ថា៖ “លោកKim Joo Hyuk អាច​មាន​អការៈ​គាំង​បេះដូង​មុន​ពេល​លោក​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍”។

យោង​តាម​ការ​ពិនិត្យ​នេះ​ ប៉ូលិស​ក៏​បាន​បង្វែរ​ការ​ស៊ើប​អង្កេត​ ដោយ​បញ្ជាក់​ថា​ការ​ស្លាប់​របស់​លោក​ Kim អាច​បណ្តាល​មក​ពី​ជំងឺ​គាំង​បេះ​ដូង​ច្រើន​ជាង។ បើ​តាម​ប្រអប់​ខ្មៅ​នៅ​ក្នុង​ឡាន​មួយ​ទៀត​ដែល​បើក​ជិត​ឡាន​លោក​ បាន​បង្ហាញ​ថា​ ភ្លាមៗ​ឡាន​របស់តារា​ប្រុស​រូប​នេះ​ស្រាប់​តែ​បន្ថយ​ល្បឿន​ ហើយ​ក្រោយ​មក​ឡាន​នោះ​ ក៏​បើក​យ៉ាង​លឿន​ធ្លាក់​ផ្លូវ​តែ​ម្ដង។

អ្នក​ស៊ើប​អង្កេត​បាន​ដាក់​ការ​សង្ស័យ​ថា​ ជើង​របស់​លោក Kim អាច​ជាន់​ហ្គែរ​ដោយ​ចៃដន្យ​ ក្រោយពី​លោក​ក៏​គាំង​បេះដូង។

បើ​តាម​សាក្សី​ម្ចាស់​ឡាន​ម្នាក់​ ដែល​លោក Kim Joo Hyuk បើក​ប៉ះ​នោះ​បាន​បញ្ជាក់​ដែរ​ថា​ ខ្លួន​បាន​ឃើញ​លោក​ Kim យក​ដៃ​ក្តោប​ទ្រូង​ មុន​ពេល​គ្រោះ​ថ្នាក់​បាន​កើត​ឡើង។ ក្រោយ​កើត​ហេតុ​ ខាង​ផ្នែក​ពន្លត់​អគ្គីភ័យ​ និង​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ​បន្ទាន់​បាន​ព្យាយាម​ទាញ​លោក​ចេញ​ពី​ក្នុង​ឡាន​ឲ្យ​បាន​លឿន​បំផុត តែ​ជា​អកុសល​ ក្រោយ​ ២​ម៉ោង​លោក​ក៏​បាន​ស្លាប់។

ខណៈ​នេះ​ការ​ស៊ើប​អង្កេត​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ងាក​ទៅ​មិត្តភក្ដិ​ តារា​ល្បីៗ​ និង​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​តារា​ប្រុស​រូប​នេះ ដោយ​អារម្មណ៍​សោកស្ដាយ​ជាទី​បំផុត៕

ចុចអានអត្ថបទទាក់ទង៖ រន្ធត់​! ស្រលាញ់​គ្នា​មិន​បានប៉ុន្មាន​ផង តារាកូរ៉េ Kim Joo Hyuk បែរជាស្លាប់ចោលមិត្តស្រីស្រស់ៗ

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម