មូលហេតុនេះ​ ទើប​ខេត្ត​សៀម​រាប រៀបចំបុណ្យ​អុំទូក​ដំណាលគ្នា​នឹង​ភ្នំពេញ​

  • 2017-10-31 09:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​ខេត្ត​សៀម​រាប មាន​ប្រសាសន៍​ឲ្យ Sabay ដឹង​ថា ខេត្ត​សៀម​រាប​នឹង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ បណ្ដែតប្រទីប សំពះព្រះ​ខែ និង​អក​អំបុក រយៈ​ពេល​ ២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពោល​គឺ​ដំណាល​គ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ​។

ឯកឧត្តមឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀម​រាប​ឲ្យដឹង​ថា រដ្ឋ​បាល​ខេត្ត​សម្រេច​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​ដំណាល​គ្នា​នឹង​រាជ​ធានី​ភ្នំពេញ​​ គឺក្នុង​គោល​​បំណង​​ផ្សព្វ​ផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍ ​បាន​យល់​ច្បាស់​ពីពិធី​បុណ្យ​ជាតិ​សំខាន់ៗ​​របស់​កម្ពុជា​មួយនេះ។

(ការតុបតែងនានាតាម​ដង​ផ្លូវ​នៅក្នុងខេត្ត​សៀម​រាប​សម្រាប់ពិធីបុណ្យ​អុំទូក)

ឯកឧត្តម​បញ្ជាក់ៈ «យើង​បាន​​សំណូម​ពរ​ទៅគណៈកម្មការ​រៀប​ចំពិ​ធី​បុណ្យ​អុំទូក​ថ្នាក់​ជាតិ ​ដើម្បី​​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​សៀម​រាប​ដំណាល​គ្នា​នឹង​រាជធានី​ភ្នំពេញ ​ដោយសារ​ខេត្តសៀម​រាប​ជាខេត្ត​ទេសចរ​ណ៍​ ហើយ​យើង​​ចង់​បង្ហាញ​អំពី​ថ្ងៃ​ខែ​ឆ្នាំ​ ដែល​ជា​បុណ្យ​ជាតិ​របស់​យើង​នៅ​នឹង​កន្លែង ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បាន​ដឹង និង​ចាំ​បាន​ច្បាស់​ថា​ដល់​ថ្ងៃ​នេះ​ ពួក​គេ​នឹង​មកលេង​ខេត្តសៀម​រាប ដើម្បី​​ចូល​រួម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​របស់​កម្ពុជាយើង»។

ឯកឧត្តម​ ឃឹម ប៊ុនសុង បញ្ជាក់បន្ថែមថាៈ «ប្រាសាទ​អង្គរ​គឺជា​អច្ឆរិយៈ(វត្ថុ)​មួយ​របស់​ប្រទេស​ជាតិ​យើង​  ហើយ​យើង​តែង​បង្អួតបង្ហាញ​ និង​​រៀបចំ​ពិធីបុណ្យ​ធំៗ​នៅ​ទីនេះ​ ជាក់​ស្ដែង​ដូច​ជា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ជា​ដើម​... ដូច្នេះ​ប្រសិន​បើយើង​រៀប​ចំ​ពិធីបុណ្យ​ខុស​ថ្ងៃ​នៅ​ខេត្ត​សៀម​រាប វា​អាច​នាំ​ឲ្យ​រំខាន ​និង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសច​រ​យល់​ច្រឡំ​ផង​ដែរ​»។

ឯកឧត្តម​បញ្ជាក់ទៀតថា​ទោះ​បី​ជាពិធី​បុណ្យអុំ​ទូក​នៅ​ខេត្ត​សៀម​រាប​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ដំណាល​នឹង​រាជ​ធានី​ភ្នំពេញក្ដី ក៏​ប៉ុន្ដែ​វា​មាន​រយៈ​ពេលត្រឹមតែ​២ថ្ងៃប៉ុណ្ណោះ​ នោះ​ក៏​ដោយ​សារ​តែ​ទូក​ចូលរួម​ប្រកួត​ប្រជែង​មានចំនួនតិច។  ឯកឧត្តម ឃឹម ប៊ុនសុង​ ឲ្យ​ដឹង​ថា​ មាន​ទូកង​ចុះឈ្មោះ​ប្រណាំង​ប្រជែង​សរុប​ចំនួន ៣០គ្រឿង​ ក្នុង​នោះ​មាន​ទូកបុរស ២៥គ្រឿង​ និង​ទូកនារី​ ៥គ្រឿង ​ហើយ​ចំណុះទូក​នីមួយៗ​មាន​ចំនួន ​២២​នាក់។

ឯកឧត្តម​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្ត​បាន​រៀប​ចំប្រាក់រ​ង្វាន់​សម្រាប់​ប្រគល់​ជូន​ដល់​ទូក​ដែល​បាន​ចូល​រួម​​រួច​ជា​ស្រេច ដោយ​ទូក​ជ័យ​លាភី​លេខ១ នឹង​ទទួល​បាន​ថវិកា ​៨លានរៀល​ លេខ២ ​ថវិកា ៥លាន​រៀល លេខ៣ ​ថវិកា ៣លាន​រៀល លេខ​៤ ថវិកា ២លានរៀល និង​ទូកដែល​មិនជាប់​ជ័យ​លាភី​ទទួល​បាន​ថវិកា ៥០ម៉ឺនរៀល​ផង​ដែរ​។

កាល​ពីឆ្នាំ​២០១៦​កន្លង​ទៅ មាន​ភ្ញៀវ​សរុប​ចំនួន ២០២ ០០០នាក់ ក្នុង​នោះ​បរទេស​ចំ​នួន ៣២ ០០០​នាក់ បាន​មក​ចូល​រួមកម្សាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យអុំ​ទូក​នៅ​ខេត្ត​សៀម​រាប​។ ឯកឧត្តម ​ឃឹម ​ប៊ុនសុង បាន​បង្ហាញ​ការ​រំពឹង​ទុក​ថា សម្រាប់​ការ​រៀប​ចំពិធី​បុណ្យ​ក្នុង​ឆ្នាំ​២០១៧​នេះ នឹង​មាន​ភ្ញៀវ​ទេសចរ​ចូល​រួម​ច្រើន​ជាង​ឆ្នាំមុន​ផង​ដែរ៕

អត្ថបទដោយ៖ រស់ សុជាតិ

រូបFeature៖ ហ្វេសប៊ុក​ឯកឧត្តម ឃឹម ប៊ុនសុង