ក្រុមហ៊ុនមួយនៅជប៉ុន បង្កើតច្បាប់គួរឲ្យភ្ញាក់ផ្អើល ចំពោះបុគ្គលិកដែលអត់ជក់បារី

  • 2017-11-06 02:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី​មួយ ដើម្បី​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ឈប់​ជក់​បារី។

ក្រុមហ៊ុន​ខាង​លើ​មាន​ឈ្មោះ​ថា Piala Inc. ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ បាន​ផ្ដល់​ឲ្យ​បុគ្គលិក​ដែល​មិន​ជក់​បារី នូវ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៦ថ្ងៃ​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ។ ច្បាប់​ថ្មី​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​ខែ​កញ្ញា។

លោក Hirotaka Matsushima អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន បាន​ប្រាប់​សារព័ត៌មាន The Telegraph ថា «បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​មិន​ជក់​បារី​របស់​យើង បាន​ដាក់​សារ​នៅ​ក្នុង​ប្រអប់​ផ្ដល់​យោបល់​របស់​ក្រុមហ៊ុន កាល​ពី​ដើម​ឆ្នាំ​នេះ ដោយ​និយាយ​ថា ការ​ឈប់​សម្រាក​ជក់​បារី​បាន​បង្ក​ឲ្យ​មាន​បញ្ហា»។

លោក Hirotaka បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា «នាយក​ប្រតិបត្តិ​របស់​យើង​បាន​ឃើញ​ការ​បញ្ចេញ​មតិ ហើយ​ក៏​បាន​យល់ព្រម ដូច្នេះ​យើង​កំពុង​ផ្តល់​ឲ្យ​អ្នក​ដែល​មិន​ជក់​បារី នូវ​ថ្ងៃ​ឈប់​សម្រាក​បន្ថែម ដើម្បី​ទូទាត់​សង​ពួក​គេ​វិញ»។

គួរ​ឲ្យ​ដឹង​ថា ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​នេះ ស្ថិត​នៅ​ជាន់​ទី២៩ ដូច្នេះ​បុគ្គលិក​ដែល​ចង់​ជក់​បារី ត្រូវ​ទៅ​បន្ទប់​ក្រោម​ដី ដោយ​ចំណាយ​ពេល​ប្រហែល ១៥នាទី សម្រាប់​ការ​ធ្វើ​ដំណើរ និង​សម្រាក​ជក់​បារី​ម្ដងៗ។

បើ​យោង​តាម​ក្រុមហ៊ុន​ខាង​លើ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​បាន​ជំរុញ​ឲ្យ​បុគ្គលិក​យ៉ាង​ហោច​ណាស់ ចំនួន​៤នាក់ បោះបង់​ចោល​ទម្លាប់​ជក់បារី។ មិនតែប៉ុណ្ណោះ យ៉ាង​ហោច​ណាស់​មាន​បុគ្គលិក​ចំនួន ៣០នាក់ ក្នុង​ចំណោម​បុគ្គលិក​ក្រុមហ៊ុន​ចំនួន ១២០នាក់ បាន​ទទួល​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​ពី​ច្បាប់​ថ្មី​នេះ។

គួរ​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក បាន​រាយការណ៍​ថា ជនជាតិ​ជប៉ុន​វ័យ​ជំទង់ ចំនួន ១៨,២ភាគរយ កំពុង​តែ​មាន​ទម្លាប់​ជក់បារី៕

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង