ក្រុម​ BTS អាចនឹង​ក្លាយ​ជា​ក្រុម​ K-Pop ដំបូង​គេ​បង្អស់​ក្នុង​កម្មវិធី​ដ៏​ល្បី​របស់​ Ellen

  • 2017-11-06 10:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​ BTS អាច​នឹង​ក្លាយ​ទៅ​ជា​ក្រុម​តារា​ចម្រៀង​កូរ៉េ​ដំបូង​គេ​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​ល្បី The Ellen DeGeneres Show ក្នុង​ពេល​ឆាប់ៗនេះ។

កម្មវិធី The Ellen DeGeneres Show ជាកម្មវិធី​ដែលបង្កើត​ដោយ​តារា​កំប្លែង​សញ្ជាតិ​អាមេរិក​ដ៏​ល្បី​ល្បាញ​ឈ្មោះ​ Ellen DeGeneres ហើយបាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ល្បី​ៗ​ជា​ច្រើន​ចាប់​តាំង​ពី​កម្មវិធី​នេះ​ចាក់​ផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០០៣ មក​ម៉្លេះ។ ក្នុង​នោះ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើលមួយ បាន​កើត​ឡើង​ នៅ​ពេល​ដែល​ដឹង​ថា​ ក្រុម​តារា​ចម្រៀង​ BTS អាច​នឹង​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​កូរ៉េ​ដំបូង​គេ​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ។​

លោក​ Andy Lassner អ្នក​ដឹក​នាំ​កម្មវិធី “The Ellen DeGeneres Show” បាន​ឆ្លើយ​យ៉ាង​ជឿ​ជាក់​​នៅ​ពេល​ដែល​ឮសំណួរ​ទាក់​ទង​នឹង​វត្តមាន​របស់​ក្រុម​ BTS នៅ​ក្នុង​កម្មវិធី​នេះ​ថា៖ "វា​នឹង​កើត​មាន​ឡើង"។

ចំណែក​ ផលិតកម្ម Big Hit Entertainment បាន​ទទួល​ស្គាល់​ថា​ពួក​គេ​ពិត​ជា​បាន​ទទួល​សំណើ​អញ្ជើញ​ក្រុម​ BTS ឡើង​កម្មវិធី​របស់​ Ellen ពិត​មែន​ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពី​គម្រោង​ច្បាស់​ការ​នៅ​ឡើយ​ទេ។

ផលិតកម្ម​នេះ​ដដែល​ បាន​និយាយ​ទៀត​ថា៖ “ពួក​យើង​បាន​ទទួល​សំណើ​ ដើម្បី​ឡើង​កម្មវិធី​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ ហើយ​កម្មវិធី​ Ellen Show ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​នោះ​ដែរ។ ប៉ុន្តែ​លទ្ធផល​សម្រេច​ចុង​ក្រោយ​ មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ ថា​ ក្រុម BTS នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ​ ឬយ៉ាង​ណានោះ”។

ទន្ទឹម​នេះ​ដែរ​ អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ ក៏​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ព័ត៌មាន​ថ្មី​ផ្សេង​ទៀត​ទាក់ទង​នឹង​វត្តមាន​របស់​ក្រុម​តារា​ប្រុស​មួយ​នេះ​ លើ​ឆាក​កម្មវិធី​ជជែក​កម្សាន្ត​ “The Ellen Show”៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា