សិស្ស​បឋម​សិក្សា​ ១ ៣២៦នាក់​ ចូលរួម​ប្រកួត​​ជើង​ឯក​ទូទាំង​ប្រទេស​ឆ្នាំ​២០១៧​នេះ

  • 2017-11-07 03:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ សិស្ស​បឋម​សិក្សា​ ឆ្នាំ​ ២០១៧​ ដែល​ធ្វើ​កម្មវិធី​បើក​ម្សិលមិញ​នេះ​ មាន​កីឡាករ​ កីឡា​ការិនី​រហូត​ទៅ​ដល់​ ១៣២៦នាក់​ ចូលរួមដើម្បី​ប្រកួតប្រជែង​យក​ជ័យជម្នះ​លើ​៤ប្រភេទ​កីឡា។​

ពិធី​បើ​ជើង​ឯក​សិស្ស​បឋម​សិក្សា​ម្សិលមិញ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ដួង​ មាសចំរើន​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ លើក​ឡើង​ថា​ ដើម្បី​អនុវត្ត​តាម​ផែនការ​ប្រចាំ​ឆ្នាំ​ ២០១៧ ​នេះ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​រៀបចំ​ការ​ប្រកួត​កីឡា​បឋម​សិក្សា​ជ្រើសរើស​ជើង​ឯក​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​ ២០១៦-២០១៧។​ ការ​ប្រកួត​នេះ​ដែរ​មាន​៤ប្រភេទ​កីឡា​ ទី១​ បាល់ទាត់​ ទី២​ បាល់ទះ​ ទី៣​ បាល់បោះ​ និង​ទី៤​ អត្តពលកម្ម។​

ដួង​ មាសចំរើន​ ប្រធាន​គណៈ​កម្មការ​ប្រកួត​

ប្រធាន​គណៈ​កម្មការ​ប្រកួត​ខាង​លើ​បន្ត​ថា​ ទាំង​៤ប្រភេទ​កីឡា​នេះ​ បាល់ទាត់​ មាន​១៩​ក្រុម​ បាល់ទះ​មាន​២១ក្រុម​ បាល់បោះ​១៦ក្រុម​ និង​អត្តពលកម្ម​មាន​១៩ក្រុម​ ហើយ​សរុប​ទាំង​អស់​មាន​ចំនួន​​ ៣២៦នាក់​ ក្នុង​នោះ​ស្រី​ ៥៣៩នាក់​ផង​ដែរ។​

លោក​ ស៊ាន​ បូរ៉ាត​ រដ្ឋលេខាធិការ

លោក​ ស៊ាន​ បូរ៉ាត​ រដ្ឋលេខាធិការ ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ក៏​ថ្លែង​នៅ​ពេល​នោះ​ដែរ​ថា​ ការ​ប្រកួត​ការ​ប្រកួត​ជើង​ឯក​ទូទាំង​ប្រទេស​សិស្ស​បឋម​សិក្សា​នេះ​ គឺ​ដើម្បី​ចម្រាញ​រក​មើល​កីឡាករ​ កីឡា​ការិនី​ដែល​មាន​សមត្ថភាព​លើ​ប្រភេទ​កីឡា​នានា ​សម្រាប់​រៀបចំ​យក​ទៅ​បណ្ដុះបណ្ដាល​ធ្វើ​ជា​យុវជន​ថ្នាល​ និង​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ ហើយ​ត្រូវ​ប្រកួត​តំណាង​ឲ្យ​ប្រទេស​ទៀត​ផង។​

ពិធី​បើ​ជើង​ឯក​សិស្ស​បឋម​សិក្សា​ម្សិលមិញ

ការ​ប្រកួត​ជើង​ឯក​សិស្ស​បឋម​សិក្សា​ទូទាំង​ប្រទេស​ឆ្នាំ​ ២០១៧​នេះ​ មាន​រយៈពេល​៥ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី៥​ រហូត​ដល់​ ទី១០ ​វិច្ឆិកា​ ២០១៧​នេះ​ ហើយ​សិស្ស​ដែល​ចូលរួម​ទាំង​អស់​មាន​ចំនួន​ ១៣២៦នាក់​ មក​ពី​២៤​រាជធានី​ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​