រឿង​សំខាន់​៣​ ធ្វើឱ្យ​ផលិតករ​សិល្បករ​ សប្បាយ​​ចិត្ត ចាប់​ពី​ឆ្នាំ​២០១៨ តទៅ

  • 2017-11-07 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ដើម​ឆ្នាំ​ ២០១៨​ តទៅ រឿង​ធំៗ​សំខាន់៣យ៉ាង មិន​ធ្លាប់​មាន​ពី​មុន​មក ​​​នឹងធ្វើ​ឱ្យ​ក្រុម​ផលិតករ ​សិល្បករ​ សប្បាយរីករាយ ព្រោះ​កត្តាទាំងនេះ នឹង​ពួកគេ​មាន​ទីផ្សារ​កាន់​តែ​ខ្ពស់។  ​​

តាម​ប្រសាសន៍​​ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ បញ្ជាក់ថា ​​ក្រសួង​ព័ត៌មាន​នៅ​តែ​តម្រូវ​ឱ្យ​​បណ្ដា​ស្ថានី​យទូរទស្សន៍​ ចាក់​ផ្សាយ​កម្មវិធី​ផលិត​ក្នុង​ស្រុក​ដដែល ​ក្នុង​ចន្លោះ​ម៉ោងមាស ​ពី​ម៉ោង ៧​ ដល់​ម៉ោង ៩​យប់​។ ប្រការ​នេះ​នៅ​តែ​ធ្វើ​ឱ្យ​ក្រុម​ផលិតករ​សប្បាយ​រីករាយ​ ធ្វើ​ឱ្យ​ពួកគេមាន​លទ្ធភាព​ផលិត​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត។

ដោយ​ឡែក​រឿងសំខាន់ទី២ គឺ​ចាប់​ពី​ឆ្នាំ ​២០១៨ តទៅ​ ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដា​កញ្ចក់​ទូរទស្សន៍ ដែ​ល​មាន​តារា​បរទេស​ឈរ​ជា​តំណាង​ នឹង​លែង​មាន​តទៅ​ទៀត ដោយ​តម្រូវ​ឱ្យ​គ្រប់​បណ្ដា​ស្ប៉ត​ទាំង​អស់ ត្រូវ​តែ​យក​តារា​ខ្មែរ និង​ក្រុម​ផលិត​របស់​ខ្មែរ ​ជំនួស​វិញ។ ចំណុច​នេះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​តារា​នានា និង​បណ្ដា​ផលិតករ​ អាច​​ពង្រីក​ទីផ្សារ​របស់​ពួកគេ​ថែម​មួយ​កម្រិត​ទៀត ហើយ​បញ្ហា​នេះ​ទៀតសោត ​ក៏​ធ្លាប់​មាន​តំណាង​ផលិតករ និង​សិល្បករ ​ធ្លាប់​ទាមទារ​យូរ​មក​។

ចំណែករឿង​សំខាន់​ទី៣ ដែល​ក្រុម​ផលិតករ​នានា​ទាមទារ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​នានា ​​ផ្អាក​ការ​យក​ពន្ធ​ពី​ផលិតកម្ម​រយៈ​ពេល ១០​ឆ្នាំ ដើម្បី​ឱ្យ​ផលិតករ​​រឹងដៃរឹងជើង​ ស្រប​ពេល​វិស័យ​ភាពយន្ត​ កំពុង​មាន​ភាព​ផុសផុល​ឡើង​វិញ អាច​នឹង​មាន​ដំណឹង​ល្អ ខណៈ​ក្រសួង​វប្បធម៌ និង​ក្រសួង​ព័ត៌មាន ​​កំពុង​ដាក់​ស្នើបញ្ហា​នេះ​ទៅ​កាន់​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក ប៉ុក បូរក្ស ប្រធាន​ស្ដី​ទី​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

ទន្ទឹម​នឹង​ដំណឹង​ការ​ព្យួរពន្ធ​រយៈ​ពេល ១០​ឆ្នាំ ​សម្រាប់​ក្រុម​ផលិតករ​​ខ្មែរ ​អាច​នឹង​មាន​ផ្លែផ្កា​នា​ពេល​ឆាប់ៗខាងមុខ ​លោក ប៉ុក បូរក្ស ក៏​អះអាង​ចំណុច​សំខាន់​ជា​ច្រើន​មួយ​ចំនួន ​ដែល​ក្រសួង​វប្បធម៌​ បាន​អនុម័ត​រួច​កាល​ពី​ពេល​ថ្មីៗ អាច​ធ្វើ​ឱ្យ​ផលិតករ​កាន់​តែ​មាន​​សប្បាយ​រីករាយ។ ចំណុច​សំខាន់ៗ​ទាំង​នោះ ​មាន​ដូច​ជា តំឡើង​តម្លៃ​សំបុត្រ​កុន តាម​រោង​ភាពយន្ត អាចជួយ​​ឱ្យ​ចំណូល​របស់​ផលិតករ​ក្រោយ​ចែក​ជា​មួយ​រោង​កុន​រួច មាន​ការ​កើន​ឡើង។ ការ​អនុគ្រោះការ​ទិញ​​សម្ភារៈ​ថត​កុន​ពី​ក្រៅ​ប្រទេស ការ​សម្រួល​ទីតាំង​ថត​នៅ​ទូទាំង​ប្រទេស និង​ការ​ត្រួត​ពិនិត្យ​ភាពយន្ត​ បរទេស​ដែល​នាំ​ចូល​ស្រុក​ខ្មែរ​​ជា​ដើម ដើម្បី​ឱ្យ​ផលិតករ​ក្នុង​ស្រុក​ មាន​កម្លាំង​ចិត្ត​ផលិត​កុន​ថែម​ទៀត ដោយ​មិន​ឱ្យ​ហូរ​ចូល​ច្រើន​ដូច​មុនទៀត​ទេ៕

អត្ថបទៈ ចរិយា

អត្ថបទពេញនិយម