ឆ្នោតកីឡាជាតិបានឧបត្ថម្ភអត្តពលិកមួយចំនួនកាលពីព្រឹកមិញ
- 2017-11-10 06:52:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នោតកីឡាជាតិបានឧបត្ថម្ភអត្តពលិកមួយចំនួនកាលពីព្រឹកមិញ
ចន្លោះមិនឃើញ
ក្រុមហ៊ុនឆ្នោតកីឡាជាតិកាលពីព្រឹកមិញនេះ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា និងបានឧបត្ថម្ភជាថវិកាមួយចំនួនដល់អត្តពលិកឆ្នើមផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នោតកីឡាជាតិជាក្រុមហ៊ុនមួយដែលជួយទ្រទុងវិស័យកីឡារបស់កម្ពុជា ហើយបើក្រុមហ៊ុនមួយនេះរីកចម្រើន និងដំណើរការទៅបានល្អនោះ ទំហំនៃការជួយជ្រោមជ្រែងក៏ដូចជាការឧបត្ថម្ភនានារឹតតែខ្លាំងទៅទៀត។ កីឡាករ កីឡាការិនីទាំងអស់គួរតែជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀតទៅដល់មហាជន ដើម្បីបានដឹងនឹងលេងគាំទ្រផងដែរ។
អគ្គលេខាធិការខាងលើបន្តថា ការផ្សព្វផ្សាយឲ្យមហាជនបានដឹង និងលេងនេះ ទី១ បានផ្សងសំណាងដើម្បីឈ្នះផង និងដើម្បីជួយលើកស្ទួយវិស័យកីឡាកម្ពុជាឲ្យរឹតតែរីកចម្រើនថែមទៀត។ លោកក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានរួមសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក ហើយដែលបានឧបត្ថម្ភជាថវិកាដល់អត្តពលិកឆ្នើមដូចជា ឃីម ឌីម៉ា ស៊ន សៀវម៉ី តឹក ប៊ុនវី រួមកីឡាករ កីឡាការិនីដែលមានជីវភាពខ្វះខាតមួយចំនួនទៀតក្នុងឱកាសព្រឹកមិញនេះ។
ការសំណេះសំណាលរបស់ក្រុមហ៊ុនឆ្នោតជាតិជាមួយកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាព្រឹកមិញនេះធ្វើឡើងនៅឯគណៈកម្មាធិការជាតិអូឡាំពិក(NOCC) ដែលមានតំណាងមកពីក្រុមហ៊ុនឆ្នោតកីឡាជាតិ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបណ្ដាគ្រូបង្វឹក កីឡាករ កីឡាការិនីជាច្រើនប្រភេទកីឡាករទៀតផងដែរ៕