អតីត​តារា​ចម្រៀង​ មួន​ ម៉ារ៉ា​ បង្កើត​ពាន​រង្វាន់​ស្នូរឃ័រ​ មាន​ប្រាក់​រង្វាន់​ដល់​ទៅ​ ៤០លាន​រៀល

  • 2017-11-13 01:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ល្បីឈ្មោះ​នៅ​កម្ពុជា​​ លោក​ មួន​ ម៉ារ៉ា​ បង្កើត​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​ Champion Snooker League​ លើក​ទី១​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ជយលាភី​ដល់​ទៅ​ ៤០លាន​រៀល។​

លោក មួន ម៉ារ៉ា កណ្ដាលគេ

លោក​ មួន​ ម៉ារ៉ា​ ដែល​ជា​ម្ចាស់​ក្លឹប​ Champion Snooker​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Champion Snooker League​ ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃទី១០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ តទៅ​ ដែល​មាន​កីឡាករ​ចូលរួម​ប្រកួត​២៤រូប​ ធ្វើ​ការ​ប្រកួត​រយៈពេល​៥ខែ​ដើម្បី​រក​ជើង​ឯក។​ កីឡាករ​ទាំង​ ២៤រូប​នេះ​ នឹង​ត្រូវ​ប្រកួត​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ​ ហើយ​អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្ដង។​

ម្ចាស់​បទ​អូន​ទៅ​ភ្នំពេញ​រូប​នេះ​បន្ត​ថា​ គោល​បំណង​ធំ​ដែល​លោក​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង​គឺ​ ដើម្បី​ឲ្យ​មាន​ជា​សកម្មភាព​ប្រកួត​នានា​មុន​ពេល​ឈាន​ទៅ​បង្កើត​ជា​សហព័ន្ធ​ស្នូឃ័រ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ជា​ការ​ជំរុញ​ឲ្យ​វិស័យ​កីឡា​មួយ​នេះ​ចាប់​ផ្ដើម​ដំណើរ​ពី​ពេល​នេះ​តទៅ។​ ការ​ប្រកួត​នេះ​ដែរ​ក៏​ជា​ការ​ជ្រើសរើស​យក​កីឡាករ​ដែល​មាន​ទេពកោសល្យ​ និង​សមត្ថភាព​ ដើម្បី​យក​ទៅ​បង្វឹក​បន្ថែម​ឲ្យ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​នៅ​ពេល​ខាង​មុន​ ហើយ​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការ​នានា​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។​

កីឡាករ​កំពុងប្រកួត

អតីត​តារាង​ចម្រៀង​ខាង​លើ​ ក៏​សំណូមពរ​ដល់​អ្នក​ដែល​ចូលចិត្ត​លេង​កីឡា​ស្នូឃ័រ​នេះ​ អាច​មក​ចូលរួម​ប្រកួត​ប្រជែង​លើក​ក្រោយ​ៗ​ទៀត​បាន ​ដើម្បី​បញ្ចេញ​សមត្ថភាព​ ហើយ​បើ​ពួកគេ​ខ្លាំង​នោះ​នឹង​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​តំណាង​ឲ្យ​កម្ពុជា​ទៀត​ផង។​ លោក​ក៏​ចង់ឲ្យ​​ប្រជាជន​កម្ពុជា​ជួយ​គាំទ្រ​កម្មវិធី​ប្រកួត​ពាន​រង្វាន់​នេះ ដើម្បី​ឲ្យ​មាន​ដំណើរ​ការ​ជា​បន្តបន្ទាប់​ទៀត​ ប្រសិន​បើ​អ្នក​ណា​ចង់​ទស្សនា​ផ្ទាល់​ក៏​អាច​អញ្ជើញ​ទៅ​ក្លឹប​Champion Snooker​ ឬ​តាម​ហ្វេសបុក​ផេក​ Champion Snooker។​

ពិធីបើកការ​ប្រកួត​ម្សិលមិញនេះ

ការ​ប្រកួត​ពាន​រង្វាន់​ Champion Snooker League​ ប្រកួត​រៀងរាល់​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍​ និង​ អាទិត្យ​ នៅ​ឯ​ក្លឹប​ Champion Snooker​ ផ្ទះ​លេខ​ ២២​ សង្កាត់​បឹងកក់២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។​ ជយលាភី​លេខ១​ ទឹក​ប្រាក់​១៦លាន​រៀល​ លេខ២​ ទឹកប្រាក់​ ៨លាន​រៀន​ លេខ៣​ ទឹកប្រាក់​ ២លានរៀល​ និង​លេខ៤​ ទឹក​ប្រាក់​១លានរៀល​ និង​មាន​រង្វាន់​លើក​ទឹកចិត្ត​ជា​ច្រើន​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​