អង់គ្លេស vs ប្រេស៊ីល និង អាល្លឺម៉ង់ vs បារាំង ជា​គូ​ជក់​ចិត្ត​យប់​នេះ

  • 2017-11-14 07:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​កំណាត់​អង់គ្លេស​នឹង​បើក​ទ្វា​កីឡដ្ឋាន Wembley  ទទួល​ភ្ញៀវ​សំបា​ប្រេស៊ីល​ ប្រកួត​លក្ខណៈ​មិត្តភាព​កម្ដៅ​សាច់​ដុំ​​នៅ​​ពេវេលា​ម៉ោង​៣​រំលង​អាធ្រាត្រ។ ឯ​អាល្លឺម៉ង់ ត្រូវ​តទល់​នឹង​បារាំង​ដូច​គ្នា​នៅ​ម៉ោង ២:៤៥​រំលង​អាធ្រាត្រ។

លោក Gareth Southgate ដែល​ជា​គ្រូ​របស់​អង់គ្លេស​នឹង​ដាក់​បញ្ចូល​កីឡាករ​យុវជន​៣​នាក់​ផ្សេង​ទៀត​ដូច​ជា Solanke, Lewis Cook និងAngus Gunn ក្នុង​បញ្ជី​ឈុត​ធំ​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ប្រេស៊ីល។ នេះ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ក្មេង​សាជាថ្មី បន្ទាប់​ប៉ះ​អាល្លឺម៉ង់​កាល​ពី​សប្ដាហ៍​មុន​លោក Southgate បាន​ផ្ដល់​ពេលវេលា​ឲ្យ​កីឡាករ​ថ្មី​៥​រូប​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ។

ការ​ដែល​សម្រេច​ឲ្យ​យុវជន​ជាប់​ឈ្មោះ​​នេះ​ព្រោះ Southgate គិត​ថា​ពួក​គេ​អាច​នឹង​យល់​ចិត្ត​គ្នា​ច្រើន ស្រប​ពេល​សិស្ស​ច្បង​ក៏​បើក​ចិត្ត​ទូលាយ​ដូចគ្នា​ដើម្បី​ឲ្យ​ប្អូន​បាន​បទពិសោធន៍។ Eric Dier របស់ Spurs នៅ​តែ​ទទួល​តំណែង​ជា​ប្រធាន​ក្រុម​ដើម្បី​ដឹក​នាំ​លើ​ទីលាន។

ចំពោះ​ខាង​ប្រេស៊ីល​ដៃ​គូ​នៅ Liverpool ទាំង​ពីរ Philippe Coutinho និង Roberto Firmino អាច​នឹង​បង្ហាញ​ខ្លួន​លេង​បាន​នៅ​រាត្រី​នេះ បន្ទាប់​ត្រឹម​ជា​កីឡាករ​បម្រុង​​កាល​ប្រេស៊ីល​ឈ្នះ​ជប៉ុន​ ៣-១​កាល​ពី​ថ្ងៃ​សុក្រ។ ស្របពេល​អ្នក​ចាំទី​របស់ Manchester City កីឡាករ​ Ederson ក៏​សង្ឃឹម​នឹង​ចូល​លេង​ដែរ។​

ចំពោះ​មួយ​គូ​ទៀត លោក Joachim Low គ្រូ​របស់​ឥន្ទ្រី​ដែក​យល់​ថា បារាំង​គ្រោះ​ថ្នាក់​ជាង​អង់គ្លេស បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ជួប​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន។  Olivier Giroud នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ​ដោយ​សារ​របួស​ភ្លៅ អាច​នឹង​ត្រូវ​ជំនួស​ដោយ​កីឡាករ  Alexandre Lacazette របស់ Arsenal។ ជំនួប​ដែល​រៀបចំ​នៅ​ទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់​នឹង​ត្រូវ​រឹត​បណ្ដឹង​សុវត្ថិភាពខ្លាំង ដើម្បី​ការពារ​ពី​អំពើ​ភេវកម្ម​ណា​មួយ​ ដូច​ដែល​ធ្លាប់​កើត​ឡើង​នៅ​ទីក្រុង​ ប៉ារីស​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៥។

ការ​បង្កើត​ជា​ការ​ប្រកួត​មិត្តភាព​នេះ​ឡើង​ដើម្បី​ឲ្យ​គ្រូ​ទាំង​អស់​​វាស់​ស្ទង់​ទឹក​ជើង​កីឡាករ និង​ទម្រង់​លេង ដើម្បី​ងាយ​ស្រួល​ដាក់​បញ្ចូល​ឈ្មោះ​ទៅ​លេង World Cup ឆ្នាំ​ក្រោយ៕ ខាង​ក្រោម​ជា​គូ​មិត្តភាព​លេង​យប់​នេះ៖ ​​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម