Taylor Swift ធ្វើ​ឲ្យ​ពិធីករ​ និង​អ្នក​មើល​យំ​ពេញ​កម្មវិធី (វីដេអូ)

  • 2017-11-15 08:29:59
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា តារា​ចម្រៀង​ Taylor Swift មាន​វត្តមាន​ក្នុង​កម្មវិធី " The Tonight Show With Jimmy Fallon” ដើម្បី​សម្ដែង​បទ​ចម្រៀង​​នៅ​ក្នុង​អាល់ប៊ុម​ថ្មី “Reputation” របស់​នាង។

កម្មវិធី​នេះ​ទើប​តែ​ចូល​ខ្លួន​មក​បម្រើ​ទស្សនិកជន​វិញ​ ក្រោយ​ពី​ម្ដាយ​របស់​ Jimmy អ្នក​ស្រី Gloria បាន​ស្លាប់​កាល​ពី​សប្ដាហ៍​មុន​នេះ។ ពេល​ចាប់​ផ្ដើម​កម្មវិធី​ លោក​បាន​និយាយ​ពាក្យ​ខ្លះ​ទាក់​ទង​នឹង​ម្ដាយ​របស់​លោក​ដែរ។

គាប់​ជួន​ រឿង​រ៉ាវ​របស់​លោក Jimmy ក៏​ស្រ​ដៀង​ទៅ​នឹង​បទ​ចម្រៀង​ "New Year's Day" របស់​តារា​ចម្រៀង ​Taylor Swift ដែរ។ ក្នុង​បទ​ចម្រៀង​នោះ​មាន​ឃ្លា​ចម្រៀង​​ដែល​និយាយ​ពី​មនុស្ស​ជា​​ទី​ស្រលាញ់​ ហើយ​ក៏​បាន​ច្របាច់​ដៃ​គ្នា​៣ដង​ ពេញ​ដោយ​អារម្មណ៍​កក់ក្ដៅ​មិន​ចង់​ឲ្យឃ្លាត ដូចទៅ​នឹង​ Jimmy ដែល​ច្របាច់​ដៃ​ម្ដាយ​ ៣​ដង​មុន​ម្ដាយ​ទទួល​មរណភាព។

​ក្រោយ​ចប់​កម្មវិធី លោក ​Mike DiCenzo អ្នក​និពន្ធ​ និង​ជា​អ្នក​ផលិត​កម្មវិធី ​The Tonight Show បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ពាក់​ព័ន្ធ​នឹង​ភាព​ចៃដន្យ​គ្នា​នេះ​ដែរ។ លោក​ប្រាប់​ថា​ តាម​ពិត​ទៅ​ម្ចាស់​បទ “Look what you made me do” រូប​នេះ​មិន​មាន​កាល​វិភាគ​សម្ដែង​នៅ​ក្នុង​កម្មវិធី​នេះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ពួក​គេ​ចង់​ធ្វើ​អ្វី​ឲ្យ​ពិសេស​សម្រាប់​ការ​វិល​ត្រលប់​របស់​កម្មវិធី​ លោក​ក៏​បាន​​ស្នើ​សុំ​​នាង​ឲ្យ​មក​សម្ដែង ហើយ​នាង​ក៏​បាន​យល់​ព្រម​​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​អ្វី​បន្តិច​សោះ។

រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​​គឺ លោក Jimmy មិន​ដែល​ប្រាប់​នរណា​ម្នាក់​ពី​រឿង​ម្ដាយ​របស់​លោក​ពី​មុន​មក​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​ស្ដាប់​បទ "New Year's Day" ពី​មុន​មក​ដែរ ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ Taylor ច្រៀង​បទ​នេះ ទស្សនិកជន​ដែល​នៅ​ក្នុង​កម្មវិធី​នោះ​ផ្ទាល់​ចាប់​ផ្ដើម​យំ​គ្រប់​គ្នា។

ក្រោយ​ពី​បញ្ចប់​ការ​សម្ដែង​ភ្លាម តារា​ចម្រៀង​ Taylor បាន​ដើរ​ទៅ​រក​លោក​ Jimmy ហើយ​ឱប​លោក​យ៉ាង​ណែន​ ដែល​​​រឹត​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​កាន់​តែ​​រំជួល​ចិត្ត​ថែម​ទៀត៕

ចង់​ដឹង​ថា​ការ​សម្ដែង​របស់ Taylor Swift ធ្វើ​ឲ្យ​ទស្សនិកជន​រំជួល​ចិត្ត​ប៉ុណ្ណា​នោះ ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ចុចអាន៖


ប្រភព៖ buzzfeed ប្រែសម្រួល៖ អន សុភក្ត្រា