រឿង​រាវ​ រសើប​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោយ​ចាញ់​ហ្សកដានី ១-០

  • 2017-11-16 03:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង ហ្សកដានី ១-០ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល C ​​លើក​ទី​៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ពេល​ថ្មី​នេះ​​ ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ AFC Asian Cup 2019។

​ក្រោយ​បរាជ័យ​នេះ​មាន​មតិ​ជា​ច្រើន​បាន​​ពិភាក្សា​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ​​ថែម​ទាំង​មាន​អ្នក​ខ្លះ​ធ្វើ​ការ​ប្រៀបធៀប​​រវាង​ទម្រង់​លេង​របស់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leonardo Vitorino ​និង​លោក ប្រាក់ សុវណ្ណារ៉ា ។ ​​បន្ទាប់​ពី​​មាន​ការ​ជជែក​គ្នា​ច្រើន​​​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​ចំណុច​​រសើប​មួយ​ចំនួន​មក​ជម្រាប​ជូន​ប្រិយមិត្ត។

លោក ប្រាក់ សុវណ្ណារ៉ា

**១-​សម្ដី​របស់​គ្រូ​បង្វឹក៖** ​ - លោក​ ​ប្រាក់ សុវណ្ណារ៉ា ក្រោយ​ការ​ប្រកួត ៖ ​លោក​បាន​និយាយ​ថា មាន​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ការ​បរាជ័យ​របស់​កម្ពុជា​ ១-០ ក្រោម​ថ្វី​ជើង​ ហ្សកដានី ។ លោក​ក៏​មាន​មោទនភាព​ដែល​អាច​ចាញ់​ក្រុម​ខ្លាំង​ត្រឹម ១-០។

  • លោក Leonardo Vitorino អតីត​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​ក៏​បាន​សរសេរ​បង្ហោះ​លើ​ Page Facebook ផ្លូវ​ការ​របស់​លោក​ថា ​វា​ជា​រឿង​ដ៏​ឆ្កួត​បំផុត​ដែល​ពួកគេ​អបអរ​ជា​​ការ​​ចាញ់​តិច​គ្រាប់។ ​​​ខ្ញុំ​ចូល​ចិត្ត​ការ​​​អបអរ​ដែល​ឈ្នះ​ការ​ប្រកួត​ជាង។ ខ្ញុំ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្ញុំ​​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត និង​អភិវឌ្ឍន៍​កីឡាករ​ក្មេង​ៗ ។
លោក Leonardo Vitorino

២-ទម្រង់​លេង​គ្រូ​បង្វឹក​ទាំង​ពីរ៖ ទម្រង់​លេង​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា ជុំ​វិញ​ការ​​ចាញ់​ហ្សកដានី ១-០ គឺ ផ្ដោត​សំខាន់​ទៅ​លើ​ប្រព័ន្ធ​ការពារ បើ​ទោះ​មាន​បាល់​​​អាច​វាយ​បក​ក៏​កូន​ក្រុម​របស់​លោក​ទាត់​បាល់​ឡើង​មក​លើ ដើម្បី​​យក​រួច​ខ្លួន​​សិន​ដែរ។​ ទម្រង់​លេង​នេះ​បើ​ទោះ​ត្រូវ​បាន​​ ហ្សកដានី នាំ​មុខ​ ១-០ ក៏​ក្រុម​កម្ពុជា​គិត​តែ​ការពារ​បន្ត​ទៀត ​ដោយ​​បិទ​ដៃគូ​មិន​ឲ្យ​បន្ថែម​គ្រាប់​បាល់​រហូត​ដល់​ចប់​ការ​ប្រកួត។

​ទម្រង់​លេង​របស់​លោក Leonardo គឺ​ចូល​ចិត្ត​លេង​ពី​ក្រោម​ឡើង​មក​លើ ព្យាយាម​វាយ​សម្រុក ពិសេស​​​គឺ​កីឡាករ​​ហ៊ាន​លេង។ ក្រោម​ការ​ដឹក​នាំ​របស់​​លោក Leonardo គឺ​កូន​ក្រុម​របស់​លោក​​តែង​ព្យាយាម​វាយ​បក​នៅ​ពេល​ដៃ​គូ​​ធ្វើ​ការ​នាំ​មុខ ឬ​បង្កើត​ការ​វាយ​បក​នៅ​ពេល​​​​មាន​បាល់​លេង។ យ៉ាងណាមិញ ការលេងដូច្នេះ គឺធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ការ​ប្រកួត​ច្រើន​គ្រាប់ បើ​ប៉ះ​ក្រុម​ខ្លាំង តួយ៉ាង​ដូច​ចាញ់​ហ្សកដានី ៧-០ ​កាល​ពី​ជើងទី១កន្លងទៅ។

​​ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ AFC Asian Cup ​នេះ​ក្រុម​កម្ពុជា​នៅ​សល់​មួយ​ប្រកួត​ចុង​ក្រោយ​ដែល​ត្រូវ​តទល់​ជា​មួយ អាហ្វហ្គានីស្ថាន នា​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​របស់​ ​អាហ្វហ្គានីស្ថាន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម