ទីបំផុត ត្បូងថ្មទម្ងន់ ៣០០តោន ជីកបានឆ្នាំមុន ត្រូវគេឲ្យតម្លៃ នឹកស្មានមិនដល់

  • 2017-11-17 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បូង​ថ្ម​មាន​ទម្ងន់ ៣០០​តោន​ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​ក្នុង​រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវ​បាន​គេ​​ឲ្យ​តម្លៃ ៧,៣​លាន​​ដុល្លារ ហើយ​គ្រោង​នឹង​កាត់​ជា​បំណែក​តូច​ៗ​មុន​នឹង​លក់​វា។​

ត្បូង​នេះ​មាន​ប្រវែង ៥,៧​ម៉ែត្រ ទទឹង​៤,៥​ម៉ែត្រ និង​កម្ពស់​៤,២​ម៉ែត្រ​ ហើយ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​តុលា ឆ្នាំ​២០១៦ នៅ​ជម្រៅ ៦០​ម៉ែត្រ​ក្នុង​ភ្នំ​មួយ ដោយ​ក្រសួង​ធនធាន​ធម្មជាតិ ​និង​អភិរក្ស​បរិស្ថាន រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ត្បូង Yadanar Taung Tann។

នៅ​ពេល​រក​ឃើញ​ដំបូង ត្បូង​ដ៏​ធំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ទម្ងន់​ត្រឹម​តែ ១៧៤តោន និង​តម្លៃ​ជាង ៥​លាន​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក​ទម្ងន់​និង​តម្លៃ​របស់​វា​ត្រូវ​បាន​គេ​រាយ​ការណ៍​ពី​ចំនួន​ជាក់​លាក់​ជា​បន្ត​បន្ទាប់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​រិះ​គន់​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​ត្បូង​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​ ត្បូង​ដ៏​ធំ​សម្បើម​នេះ​ត្រូវ​បាន​គេ​បន្ទាប​តម្លៃ​។ ក្រុម​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​មួយ​ចំនួន​បាន​និយាយ​ថា​ត្បូង​នេះ​អាច​មាន​តម្លៃ​រហូត​ដល់ ១៧០​លាន​ដុល្លារ​នៅ​ពេល​ដែល​គេ​កាត់ ​និង​យក​វា​ទៅ​ច្នៃ។ ការ​បន្ទាប​តម្លៃ​នេះ​គឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ពន្ធ​ដែល​ត្រូវ​បង់​ឲ្យ​រដ្ឋាភិបាល ដូច្នេះ​ហើយ​ម្ចាស់​ក្រុមហ៊ុន​ត្បូង​អាច​ទទួល​បាន​ចំណូល​ច្រើន។

តាម​ច្បាប់​របស់​មីយ៉ាន់ម៉ា ក្រុមហ៊ុន Yadanar Taung Tann នឹង​ត្រូវ​បង់​ពន្ធ​ដំបូង ២០% លើ​ត្បូង។ បន្ទាប់​មក​នៅ​ពេល​ដែល​ត្បូង​ត្រូវ​បាន​កាត់​យក​ទៅ​លក់ ក្រុម​ហ៊ុន​ត្រូវ​បង់​ពន្ធ​លើ​ការ​លក់ ២០% ពន្ធ​ពាណិជ្ជកម្ម ៥% និង​ថ្លៃ​សេវា​ផ្សេង​ៗ ៣% ទៀត។ ដូច្នេះ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ជាង ១,៥​លាន​ដុល្លារ​ពី​ត្បូង​នេះ។

តាម​ការ​ស៊ើប​អង្កេត​របស់​អង្គ​ការ Global Witness កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ រ៉ែ​ត្បូង​ដែល​មាន​នៅ​ក្នុង​រដ្ឋ Kachin នេះ​បាន​ផ្ដល់​ចំណូល​ជាង ៣១​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៤ ដែល​ស្ទើរ​តែ​ស្មើ​ពាក់​កណ្ដាល​នៃ GDP ទាំង​មូល​របស់​មីយ៉ាន់ម៉ា។

ឥឡូវ​នេះ​ត្បូង​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មួយ​នៅ​សង្កាត់ Dekkhinathiri ក្រុង Naypyidaw ស្ថិត​ក្រោម​ការ​ការពារ​ដ៏​តឹងរ៉ឹង។ បំណែក​តូច​ៗ​របស់​ត្បូង​នឹង​ត្រូវ​បាន​គេ​កាត់​យក​ទៅ​លក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ត្បូង​របស់​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខាង​មុខ​នេះ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទថ្មី