របរត្បាញ​កញ្ជើ​អ្នកស្រុក​ទ្រាំង អាចបាត់​បង់​នៅ​ថ្ងៃខាង​មុខ

  • 2017-11-17 07:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ត្បាញ​កញ្ជើ​លក់​ជា​មុខ​របរ​ប្រពៃណី​ដូន​តា​ច្រើន​ជំនាន់​របស់​កសិករ​​រស់​នៅ ​ឃុំសន្លុង​ ស្រុក​ទ្រាំង​ខេត្ត​តាកែវ​។ កាល​ពីទស​វត្ស​មុនៗ​កសិករ​ស្ទើរ​ទាំង​ក្មេង​ចាស់​សុទ្ធ​តែ​ចេះ​ត្បាញ​កញ្ជើ​សម្រាប់​លក់​តាម​ទីផ្សារ។

ទោះ​យ៉ាងណា​សព្វ​ថ្ងៃ​​ចំនួន​អ្នក​ផលិត​ថយ​ចុះ​ក្រោម​ហេតុ​ផល​ប្រាក់​កម្រៃតិច ហើយ​យុវជន​ជំនាន់​ក្រោយ​ងាក​ទៅ​ប្រកប​របរផ្សេង​ជំនួស​វិញ​។

(កញ្ជើ​ដែល​ផលិត​រួច)

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ដែល​បាន​ប្រ​កប​របរ​ត្បាញ​កញ្ជើ​លក់​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​នោះ​គឺ​អ្នកស្រី គាត ញ៉េន បាន​ប្រាប់​​​Sabay​ ថាកញ្ជើ​ដែល​ផលិត​បាន​​គឺ​លក់​ដាច់​ទាំងអស់​ ដោយ​មាន​ឈ្មួញ​កណ្តាល​មក​ទទួល​ទិញ​ដល់​ផ្ទះ។ ​ត្បិត​តែមាន​អ្នក​មកទទួលទិញ​ដល់​ផ្ទះមែន តែអ្នកស្រីថាតម្លៃ​វិញ​គឺ​កញ្ជើ​មួយ​លក់​បាន​តែ​៥ ០០០​រៀល​ប៉ុណ្ណោះ ខណៈ​ដែលមួយ​ខែ​អ្នកស្រី​ផលិត​បាន​តែ​២០​កញ្ជើ​តែ​ប៉ុណ្ណោះ។​

(អ្នកស្រី គាត ញ៉េន កំពុងចាក់កណ្តាប់​កញ្ជើ)

អ្នកស្រី​បន្ថែមថាៈ «ដូច​រដូវ​នេះ​ជារដូវ​ប្រមូល​ផល​ទៀត​អ៊ីចឹង​រិត​តែ​លក់​ដាច់​តែ​ប្រាក់​ចំណូល​តិច​តួច​ណាស់​​ បើ​លក់​ថ្លៃ​ជាងនេះ​អត់មាន​អ្នក​ទិញ»។ អ្នកស្រី​ឲ្យ​ដឹងទៀតថា​ទម្រាំ​ផលិត​កញ្ជើ​នេះ បាន​អ្នកស្រី​ត្រូវចំណាយ​ពេល​ដើរ​រក​មើលទិញ​ដើម​ឫស្សី និង​បិតឫស្សី​សម្រាប់​ត្បាញ​ដែល​ត្រូវ​ប្រើ​ពេល​យូរទៀត ហើយ​ឫស្សី​មួយ​ដើម​មាន​តម្លៃ​៤ ០០០ រៀល ដែល​ឫស្សី​មួយ​ដើមនេះ​អាច​ធ្វើជា​កញ្ជើ​តែ​បួន​ប៉ុណ្ណោះ។ ត្រង់ចំណុចនេះ​ហើយ អ្នកស្រី​ថា​ក្មេងជំនាន់​ក្រោយ​មិន​បន្ត​របរនេះនោះទេ។​

ស្រ្តី​ដដែល​បន្តថាៈ «​ប្រាក់​ចំណូល​ទាប​តែ​បើ​យើង​លក់​ថ្លៃ​ជាង​នេះ​ក៏​អត់​មាន​អ្នក​ទិញ​..​ពិបាក​ដែរ​សព្វ​ថ្ងៃ​ក្មេងៗ​គេទៅ​រោង​ចក្រ​អស់​ហើយ​»។

(បុរសវ័យចំណាស់​ម្នាក់​កំពុង​ដឹង​កញ្ជើ​លក់​តាម​ផ្លូវ)

ចំណែក​អ្នកស្រី រើន វ័យ​៦៦ឆ្នាំ ជា​អ្នក​ត្បាញ​កញ្ជើ​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា ​អ្នកភូមិ​ទាំង​ក្មេង​ទាំង​ចាស់ សុទ្ធតែ​ចេះ​ត្បាញ​កញ្ជើ​ទាំង​អស់​ តែ​ប៉ុន្មាន​ឆ្នាំ​នេះ​អ្នកស្រីថា​ក្មេងៗ​មិន​សូវ​ធ្វើការងារនេះទេ​ ដោយថា​អ្នកទាំងនោះ​ទៅ​ធ្វើការ​នៅ​រោង​ចក្រវិញ​ដែលអាចទទួលបានចំណូល​ច្រើន​ជាង​។

អ្នកស្រី​ឲ្យ​​ដឹងថាៈ​ «តាំង​ពី​កើត​មក​ឃើញ​តែ​ឪពុក​ម្តាយ​ត្បាញ​កញ្ជើ​ម្លោះ​ហើយ​កូនៗ​ចេះ​ធ្វើ​កញ្ជើ​រហូត​មក​តែ​កូន​ប្រុស​ស្រី​ខ្ញុំ​គេ​ចាប់​របរ​ជួញ​ដូរ​វិញ​...អ្នកខ្លះគេទៅរោងចក្រ​បាន​លុយ​ច្រើនជាង»។

តាម​លោក​មេភូមិ អៀង ភន ឲ្យ​ដឹង​ថា​ភូមិ​ជ្រៃ​នេះ មាន​កសិករ​ប្រមាណ​ជា​ជាង​១០០គ្រួសារ​សុទ្ធ​តែ​ប្រកប​របរ​ធ្វើ​កញ្ជើ​លក់​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​តែ​ភាគ​ច្រើន​ជា​អ្នក​មាន​វ័យ​ចំណាស់​ៗ៕

ចុចអាន៖

អត្ថបទដោយ៖​ ជិន វេន

អត្ថបទពេញនិយម