អស្ចារ្យ! កូន​ខ្មែរ៣រូប​ មាន​ទេព​កោសល្យ​ខ្ពស់​លើ​ស្នាដៃ​​គំនូរ​សហសម័យ

  • 2017-11-23 23:25:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សិល្បករ​និង​វិចិត្រករ​ផ្នែក​សហសម័យ​ដែល​មាន​ទេពកោសល្យ​មិន​តិច​ទេ ជាង​នោះ​ទៅ​ទៀត​ស្នាដៃ​របស់​ពួក​គេ​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​មិន​តិច​ដែរ ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​លើ​ឆាក​អន្តរជាតិ។ ថ្ងៃ​នេះ Sabay សូម​លើក​យក​វិចិត្រករ​ផ្នែក​សហសម័យ​៣រូប មក​បង្ហាញ​ជូន​ប្រិយមិត្ត។

១. លោក ពេជ្រ សុភាព៖

លោក​កើត​នៅ​ខេត្ត​បាត់ដំបង ក្នុង​ឆ្នាំ១៩៧១។ ក្នុង​ឆ្នាំ១៩៨៤ លោក​រួម​និង​គ្រួសារ​បាន​ផ្លាស់​ទៅ​នៅ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​លោក​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ​នៅ​សាកល​វិទ្យាល័យ Massachusetts at Amherst ក្នុង​ឆ្នាំ១៩៩៥ និង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទោ នៅ​ក្នុង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ពី​សិល្បៈ​នៃ​ស៊ីហ្កាហ្គូ ឆ្នាំ១៩៩៩ រួច​មក លោក​ក៏​បាន​ត្រលប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ ២០០២។ បន្ទាប់​ពី​មក​ដល់​កម្ពុជា​វិញ លោក​បាន​ធ្វើ​ការ​ទាក់​ទង​នឹង​គំនិត​ច្នៃ​ប្រឌិត​លើ​សិល្បៈ​ដែល​លោក​បាន​រៀន។

លោក ពេជ្រ សុភាព

លោក ពេជ្រ សុភាព គឺ​ជា​វិចិត្រករ​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ស្នាដៃ​សិល្បៈ​ចម្លាក់​ដែល​បង្កប់​អត្ថន័យ​គ្មាន​ដែន​កំណត់។ ស្នាដៃ​ចម្លាក់​របស់​លោក មាន​រូប​បដិមា និង​រូប​ផ្សេង​ៗ​ទៀត ត្រូវ​បាន​ផ្សំ​ពីវត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក ដូច​ជា​ឫស្សី ផ្ដៅ ក្រមួនឃ្មុំ និង​វត្ថុធាតុ​ដើម​មួយ​ចំនួន​ទៀត ដោយ​ធ្វើ​នៅ​ក្នុង​រោងជាង​ដែល​មាន​ផ្ទៃដី​ប្រមាណ​២ហិចតា។ ស្នាដៃ​ទាំង​នោះល្បី​ល្បាញ​ខ្លាំង​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ ដោយ​បាន​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ Metropolitan នៃ​ទីក្រុង​ញីវយ៉ក នៅ​មជ្ឈមណ្ឌល Pompidou នៃ​ទីក្រុង​ប៉ារីស​ និង​នៅមជ្ឈមណ្ឌល​ឯកសារ Dokumenta de Kassel ។

រូបភាព trfineart.com

២. លោក លាង ស៊ីកន៖

លោក​កើត​ឆ្នាំ ១៩៧៤ នៅ​ខេត្ត​ព្រៃវែង​ ក្នុង​គ្រួសារ​កសិករ​ក្រីក្រ។ ក្នុង​អំឡុង​ឆ្នាំ១៩៩២ លោក​បាន​ជិះ​កង់​មក​ភ្នំពេញ និង​បាន​ចូល​រៀន​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ផ្នែក​គំនូរ។ ក្នុង​ឆ្នាំ​២០០០ រូប​គំនូរ​របស់​លោក​ស្ដីពី ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ទទួល​ជយ​លាភី​លេខ​២ នៅ​ក្នុង​ពិព័រណ៍​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​កម្ពុជា។ រូប​គំនូរបន្ទាប់​មក​ទៀត​ ស្ដីពី​ សិទ្ធិ​ស្ត្រី និង​បុរស បាន​ជាប់​ជយ​លាភី​លេខ​១ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​អង្គការ​សហប្រជាជាតិ​នៅ​អាមេរិក។

លោក លាង ស៊ីកន

វិចិត្រករ​រូប​នេះ​ធ្លាប់​បាន​ប្រាប់​ថា លោក​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​ច្រើនផ្នែក​គំនូរ តែ​លោក​បដិសេធ​មិន​ទៅ ក្រោម​ហេតុផល​ថា កម្ពុជា​ជា​អរិយ​ប្រទេស​មាន​វប្បធម៌​ប្រពៃណី​ និង​គំនិត​ច្នៃប្រឌិត​តាំង​ពី​បុរាណ​កាល​មក ដូច្នេះ​លោក​ចង់​បង្ហាញ​ថា ទោះ​ជាលោក​រៀន​តែ​នៅ​ក្នុង​ប្រទេស ក៏​អាច​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ដែរ។

សិល្បករ​រូប​នេះ មាន​ជំនាញ​ខ្ពស់​ខាង​គំនូរ​សហសម័យ ស្នាដៃ​របស់​លោក​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ។ គំនូរ​រាប់​រយ​ផ្ទាំង​របស់​លោក​ លាង ស៊ីកន ត្រូវ​បាន​ចុះ​កុងត្រា​តាំង​ពិព័រណ៍​នៅ​ក្នុង​វិចិត្រសាល​លំដាប់​ថ្នាក់​ពិភព​លោក​ដ៏​កម្រ​ឈ្មោះ Rossi&rossi ។ ស្នាដៃ​គំនូរ​សហសម័យ​របស់​លោក​មាន​បង្កប់​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​បំផុត ដោយ​បាន​បញ្ចូល​រឿង​ប្រវត្តិសាស្ត្រ​រវាង​ខ្មែរ​នឹង​ខ្មែរ ខ្មែរ​នឹង​បរទេស ប្រវត្តិសាស្ត្រ​ពិភពលោក និង​រឿងរ៉ាវ​ក្នុង​សម័យ​បច្ចុប្បន្ន​ផង​ដែរ។

៣. លោក ឯម រៀម៖

វិចិត្រករ​មក​ពី​ខេត្ត​កណ្ដាល ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ រូប​នេះ មាន​វ័យ៤៦​ឆ្នាំហើយ លោក​ជាកូន​គ្រួសារ​សិប្បករ​ឈើ។ អតីត​សិស្ស​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ២០០០ រយៈ​ពេល​៧ឆ្នាំ រៀន​ផ្នែក​គំនូរ​ទំនើប គំនូរ​រូបិយ គំនូរ​អ​រូបិយ និង​គំនូរ​ច្នៃ​ប្រឌិត។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ក្រៅ​ប្រទេស លោក​ ឯម រៀម បាន​ត្រលប់​​មក​កម្ពុជា​បើក​វិចិត្រសាល​តាំង​លក់​គំនូរ​របស់​ខ្លួន នៅ​ទីក្រុង​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន។ លោក​ធ្លាប់​បាន​យក​ស្នាដៃ​មួយ​ចំនួន​ទៅ​តាំង​ពិព័រណ៍​នៅ​ក្នុង​សារមន្ទីរ​ឈ្មោះ​ថា​​​(សារមន្ទីរ​ធម្មជាតិ) ប្រទេស​បារាំង និង​ប្រទេស​អ៊ីតាលី ក្នុង​ការ​តាំង​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។

លោក ឯម រៀម

វិចិត្រករ​រូប​នេះ​ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ឱ្យ​ថា​ជា បណ្ឌិត​ច្នៃ​ម៉ូដ លោក​មាន​ទេព​កោសល្យ និង​ភាព​ច្នៃ​ប្រឌិត​ច្រើន ទាំង​ផ្នែក​គំនូរ និង​គំនិត​ច្នៃ​ប្រឌិត​ផ្សេង​ៗ។ ស្នាដៃ​គំនូរ​របស់​លោក​គូ​នៅ​លើ​ផ្ទាំង​បាវ​ក្រចៅ​មាន​ភាព​ល្អ​ទាក់​ភ្នែក​មិន​គួរ​ឱ្យ​ជឿ ថា​វា​ជា​គំនូរ​ដែល​គូ​រដោយ​ដៃ។ ស្នាដៃ​សហសម័យ​ជា​ច្រើន​របស់​លោក ក៏​បាន​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ក្រៅ​បរទេស​មិន​តិច​ដែរ ជា​ពិសេស​ទៀត​នោះ​ស្នាដៃ​សហសម័យ​របស់​លោក​ក៏​ធ្លាប់​ទទួល​បាន​ពាន​ពី​ក្រៅ​ប្រទេស​ផង​ដែរ។

ចុចអាន៖ ស្អាតដូចវាំង! បន្ទប់វិចិត្រករខ្មែរ ច្នៃឡើងដោយ​​ការ​គិត​ស៊ី​ជម្រៅ អបអរ​សាទរ! បណ្ឌិត​ច្នៃ​ម៉ូដ ឯម រាម ត្រៀម​ទទួល​បានពាន​រង្វាន់មួយ​ពី​អន្តរជាតិ​


អត្ថបទ៖ ប៉ូ សាគុន