គ្រឿងសម្អាងថៃ ជួយឲ្យស្បែកស មួយចំនួនធំ មានផ្ទុកសារធាតុបារត អាចបង្កជាមហារីក
- 2017-11-21 07:41:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងសម្អាងថៃ ជួយឲ្យស្បែកស មួយចំនួនធំ មានផ្ទុកសារធាតុបារត អាចបង្កជាមហារីក
ចន្លោះមិនឃើញ
បើយោងតាមការត្រួតពិនិត្យដោយចៃដន្យថ្មីៗនេះ ទៅលើផលិតផលគ្រឿងសម្អាងចំនួន ៥០ ដែលផ្សព្វផ្សាយជួយឲ្យស្បែកស បានបង្ហាញឲ្យឃើញថា គ្រឿងសម្អាងមួយចំនួនធំ មានផ្ទុកនូវសារធាតុបារត ដែលជាធាតុផ្សំដ៏គ្រោះថ្នាក់ និងត្រូវបានហាមឃាត់ពីឧស្សាហកម្មនេះ ដោយសារតែអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ផលិតផលប្រមាណ ១០ ក្នុងចំណោមផលិតផលចំនួន ៥០ ដែលត្រូវបានធ្វើតេស្ត នៅក្នុងបន្ទប់ពិសោធន៍របស់រដ្ឋាភិបាល រួមមានទាំង ឡេ និង គ្រឿងសម្អាងសម្រាប់ Makeup ផងនោះ ត្រូវបានគេរកឃើញសារធាតុបារត ដែលអាចធ្វើឲ្យខូចតម្រងនោម , ប្រព័ន្ធសរសៃប្រសាទ និង ប្រព័ន្ធដកដង្ហើម។
លោកវេជ្ជបណ្ឌិត Sukhum Kanchanapimai អគ្គនាយកនៃនាយកដ្ឋានក្រសួងសុខាភិបាល បានប្រកាសថា គ្រឿងសម្អាងទាំងនោះមានផ្ទុកបារតទម្ងន់ ពី ០,០៣៥ ដល់ ៣,៩៥៩ ភាគរយ។
សារធាតុបារត ត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់នៅក្នុងគ្រឿងសម្អាងទាំងអស់នៅប្រទេសថៃ យូរណាស់មកហើយ ដោយសារតែអាចបង្កជាជំងឺមហារីកជាច្រើន។ ការប៉ះ និង ការស្រូប ឬ ហិតម្ដងហើយម្ដងទៀត អនុញ្ញាតឲ្យសារធាតុនេះកកកុញនៅក្នុងខ្លួន និងបណ្ដាលឲ្យមានបញ្ហាថ្លើម និង តម្រងនោម , ស្លេកស្លាំង , ឆ្លងមេរោគផ្លូវទឹកនោម , ញ័រ និងការផ្លាស់ប្ដូរផ្លូវចិត្ត ដូចជា ឆាប់ខឹង និង ភ័យ ជាដើម។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Sukhum បានណែនាំឲ្យអ្នកប្រើប្រាស់ ទិញផលិតផលគ្រឿងសម្អាងពីម៉ាកល្បីៗ ដែលគេជឿទុកចិត្ត និងប្រយ័ត្នប្រយែងចំពោះផលិតផល ដែលលក់តាមអ៊ីនធឺណិត (online) ដោយសារតែសម្បូរផលិតផលក្លែងក្លាយ ហើយជារឿយៗមានផ្ទុកនូវសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ច្រើន។
ទោះជាយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងការរកឃើញបែបនេះ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ Medical Science Department របស់រដ្ឋាភិបាល បានបង្កើតកម្មវិធីមួយ មានឈ្មោះថា Natang Tuanpai Sukhapap (Health Warning Window) ដើម្បីផ្ដល់ព័ត៌មានដល់អ្នកប្រើប្រាស់ អំពីគ្រឿងផ្សំនៃគ្រឿងសម្អាង។ មិនតែប៉ុណ្ណោះ ពួកគេក៏មានផែនការបន្ថែមទៀត ដើម្បីធ្វើតេស្តគ្រឿងសម្អាង ដើម្បីស្វែងរកសារធាតុគ្រោះថ្នាក់គ្រប់ប្រភេទទៀតផង៕
ចុចអាន៖