ចង់បានលុយធានារ៉ាប់រង កុហកថាគ្រោះថ្នាក់ចរាចរ ចុងក្រោយជាប់ទោសធ្ងន់ក

  • 2017-11-21 08:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ A Karhik ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ​រយៈ​ពេល ៤​ខែ​ពី​បទ​ក្លែង​បន្លំ​ថា ​បាន​រង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ ដើម្បី​ទទួល​បាន​ប្រាក់​ធានា​រ៉ាប់រង​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង China Taiping Insurance ចំនួន​ជាង ៥ ០០០​ដុល្លារ។

លោក A Karhik (អាវខៀវ)

កាល​ពី​មាន​អាយុ​១៧​ឆ្នាំ លោក Karthik និង មិត្ត​រួម​សាលា​ម្នាក់​ឈ្មោះ Krishna Kumar Rajagopal បាន​ទៅ​ជួ​ប​បុរស​ពីរ​នាក់​ទៀត​ ឈ្មោះ Suresh និង Noel Antney Kypas ដើម្បី​រៀប​ចំ​គម្រោង​បោក​ប្រាស់​លុយ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា​ ឆ្នាំ​២០១២។

លោក Suresh បាន​ប្រាប់ Karthik និង Krishna ឲ្យ​ស្នើ​សុំ​លិខិត​បញ្ជាក់​ពី​គ្រូ​ពេទ្យ​អំពី​ការ​រង​របួស​ក និង​ខ្នង​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​មួយ ​ដែល​ពួក​គេ​ជា​អ្នក​ដំណើរ​អង្គុយ​នៅ​ខាង​ក្រោយ​ និង​បើក​បរ​ដោយ​លោក Noel។ បន្ទាប់​មក​គ្រូ​ពេទ្យ​បាន​ចេញ​លិខិត​បញ្ជាក់​រយៈ​ពេល ៣​ថ្ងៃ ដែល​ពួក​គេ​យក​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​លុយ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន China Taiping Insurance និង Tokio Marine Insurance Singapore ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្រុម​ហ៊ុន TMI បាន​ដាក់​ពាក្យ​ស្នើ​សុំ​របាយ​ការណ៍​របស់​ប៉ូលិស​អំពី​គ្រោះ​ថ្នាក់​ចរាចរ​ ដែល​បាន​កើត​ឡើង​នៅ​ផ្លូវ Portsdown កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ​ឆ្នាំ​២០១២ ដោយ​សារ​តែ​ក្រុមហ៊ុន​គិត​ថា ​ពួក​គេ​បាន​ក្លែង​បន្លំ​ពាក្យ​ស្នើ​សុំ​ការ​ធានា​រ៉ាប់​រង។

ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង CTI និង TMI បាន​ទទួល​ការ​ស្នើ​សុំ​ធានា​រ៉ាប់​រង​ជា​ច្រើន​ ចំពោះ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​និង​ការ​រង​របួស ពី​មនុស្ស​ផ្សេង​គ្នា​ ដែល​បាន​អះ​អាង​ថា​ ពួក​គេ​ជា​អ្នក​ដំណើរ​ និង​អ្នក​បើក​បរ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​នោះ។

ក្រោយ​មក ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា​ គ្រោះ​ថ្នាក់​ចរាចរ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​រថយន្ត ៣គ្រឿង​ ហើយ​បុរស​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ឈ្មោះ Rahamat Mohd ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ​រយៈ​ពេល ៧៤ខែ​ ពី​បទ​ប៉ុន​ប៉ង​បោក​ប្រាស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ជាង ១​លាន​ដុល្លារ។

ព្រះ​រាជ​អាជ្ញា​រង លោក Ian Enst Chai បាន​បង្ហាញ​សារ​គំរាម​ខ្លាំង​ៗ​ទៅ​ដល់​សាធារណ​ជន​ថា​ការ​បោក​ប្រាស់​ការ​ធានា​រ៉ាប់​រង​ គឺ​ជា​ករណី​ដែល​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ឧក្រិដ្ឋ​កម្ម​បែប​នេះ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សាធារណ​ជន។

ប៉ុន្តែ​អ្នក​ស្រី Sadhana Rai មេធាវី​ការពារ​ក្ដី​របស់​លោក Kathik បាន​អះ​អាង​ថា ​ជន​ជាប់​ចោទ​គ្រាន់​តែ​ជា​ក្មេង​ជំទង់​ប៉ុណ្ណោះ នៅ​ពេល​ដែល​រូប​គេ​ប្រព្រឹត្ត​បទ​ល្មើស ​និង​មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ពី​ការ​រៀប​គម្រោង​នេះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ​អ្នក​ស្រី​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រាល​ទោស​ចំពោះ​លោក Kathik ផង​ដែរ។

យោង​តាម​នាយកដ្ឋាន​ពាណិជ្ជកម្ម​ បាន​ឱ្យ​ដឹង​ថា​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​រាយ​ការណ៍​ថា​ជា​ការ​ក្លែង​បន្លំ​បាន​កើន​ឡើង​ទ្វេ​ដង​ពី ១៣​ករណី នៅ​ឆ្នាំ ២០១៦ រហូត​ដល់ ២៦​ករណី នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។ ចំណែក​ឯ​តួ​លេខ​នៃ​ការ​កាត់​ទោស​ក៏​បាន​កើន​ឡើង​ផង​ដែរ សរុប​ចំនួន​មនុស្ស ៦៦ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ការ​ធានា​រ៉ាប់​រង​ កាល​ពី​ឆ្នាំ​មុន​ ដែល​កើន​ឡើង​ជិត ៤០ ភាគរយ​ពី​ចំនួន ៤៨ ករណី​គិត​ត្រឹម​ឆ្នាំ ២០១៤៕

ចុច​អាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី