អាថ៌កំបាំង​ពី​ក្រោយ​រឿង​របស់ Disney ទាំង​៦ ដឹង​ហើយ​រន្ធត់​ចិត្ត​ក្រៃលែង

  • 2017-11-21 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​​​​ភាគ​ច្រើន​ធ្លាប់​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​របស់ Walt Disney ហើយ​ មិន​ថា​ជា​បែប​លក្ខណៈ​គំនូរជីវចល ឬ​​មនុស្ស​សម្ដែង​ពិត​នោះ​ទេ។ ភាគ​ច្រើន​នៃ​សាច់​រឿង​ចុង​​បញ្ចប់​ តួ​អង្គ​សំខាន់ៗ​តែង​តែ​​ទទួល​បាន​​ភាព​សប្បាយ​រីករាយ និង​សុភមង្គល​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​​មិន​ដូច​អ្វី​ដែល​ប្រិយ​មិត្ត​គ្រប់​គ្នា​បាន​ឃើញ​ឡើយ ការ​ពិត​នៃ​រឿង​នីមួយៗ​ ពិត​ជា​​ធ្វើ​ឲ្យ​​ប្រិយ​មិត្ត​គ្រប់​គ្នា​គិត​ថា​អ្វី​ដែល​បាន​មើល​កន្លង​មក​គឺ​ជា​ការ​កុហក។

១. រឿង​ “Cinderella”

ក្នុង​រឿង​របស់ Disney៖ តួ Cinderella ត្រូវ​​ម្ដាយ​ចុង​របស់​ធ្វើ​បាប មិន​ឲ្យ​ចូល​រួម​ពិធី​ជប់​លៀង​​របស់​ព្រះ​រាជ​បុត្រ ចុង​ក្រោយ​បាន​ជួប​រាជបុត្រ​ហើយ​ក៏​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​ពេល​ពាក់​កណ្ដាល​អាធ្រាត្រ ហើយ​ក៏​បាន​ជ្រុះ​ស្បែក​ជើង​មួយ​ចំហៀង​។ រាជបុត្រ​ក៏​បាន​ឲ្យ​មនុស្ស​ស្រី​ទូ​ទាំង​នគរ​សាក​ស្បែក​ជើង​នោះ។ ចុង​បញ្ចប់​បាន​រក​ឃើញ​ព្រះ​នាង ព្រម​ទាំង​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មាន​សុភមង្គល។

ក្នុង​រឿង​ពិត​៖ រឿង​ពិត​របស់​អ្នក​និពន្ធ Charles Perrault នៅ​ពេល​ដែល​រាជបុត្រ​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ស្រី​ក្រមុំ​ទាំង​អស់​សាក​ស្បែក​ជើង​នោះ ម្ដាយ​ចុង​របស់ Cinderella បាន​បញ្ជា​ឲ្យ​កូន​ស្រី​របស់​ខ្លួន​កាត់​ម្រាម​ជើង​របស់​ពួក​គេ​​ដើម្បី​​ឲ្យ​ពាក់​​ស្បែក​ជើង​នោះ​ចូល​ តែ​នៅ​តែ​មិន​ត្រូវ ។​ នៅ​ថ្ងៃ​រៀប​ការ​របស់​ Cinderella និង​ព្រះរាជបុត្រ ក៏​មាន​សត្វ​ព្រាប​មក​ចឹក​ភ្នែក​របស់​បងប្អូន​ស្រី​ចុង​របស់​ Cinderella ថែម​ទៀត​ផង។ ចំណែក​ Cinderella និង​ព្រះរាជបុត្រ ក៏​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត។

២. រឿង “Sleeping Beauty”

​ក្នុង​រឿង​របស់ Disney៖ ព្រះ​នាង​នៅ​ក្នុង​រឿង​នេះ បាន​មុត​ម្រាម​ដៃ​ ដោយសារ​ម្ជុល​កី​តម្បាញ​ហើយ​ក៏​បាន​ដេក​ជា​រៀង​រហូត។ ក្រោយ​មក​មាន​រាជបុត្រ​បាន​មក​សង្គ្រោះ​នាង​ដោយ​ការ​ថើប ហើយ​ពួកគេ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​​សុខ។

ក្នុង​រឿង​ពិត​៖ ក្នុង​រឿង​ពិត​របស់​អ្នក​និពន្ធ Giambattista Basile ព្រះនាង​មិន​បាន​ដឹង​ខ្លួន​ដោយ​សារ​តែ​ការ​ថើប​នោះ​ទេ តែ​ដោយ​សារ​ការ​សម្រាល​កូន​ភ្លោះ​របស់​នាង​ទៅវិញ។​ រាជបុត្រ​បាន​រួម​ដំណេក​ជាមួយ​នាង​ហើយ​ចាក​ចេញ​ចោល​នាង ព្រោះ​តែ​រាជបុត្រ​នោះ​មាន​មហេសី​រួច​ទៅ​ហើយ។

៣. រឿង “Beauty and the Beast”

​ក្នុង​រឿង​របស់ Disney៖ Belle​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​បិសាច​តោ ដែល​រស់​នៅ​ក្នុង​វិមាន​ដ៏​ប្រណិត​មួយ។ ក្រោយ​មក Belle  បាន​ដឹង​ថា​បិសាច​តោ​នោះ​បាន​ជាប់​បណ្ដាសារ នាង​ក៏​បាន​ថើប​លោក​ហើយ​ក្លាយ​ខ្លួន​ជា​រាជបុត្រ​ដ៏​ស្រស់​សង្ហា។

ក្នុង​រឿង​ពិត​៖ រឿង​ពិត​របស់​អ្នក​និពន្ធ Gabrielle-Suzanne Barbot de Villeneuve នាង​ Belle ​បាន​លួង​លោម​បិសាច​តោ​ឲ្យ​នាង​បាន​ទៅ​លេង​បង​ប្អូន​ស្រី​របស់​នាង​បាន​មួយ​សប្ដាហ៍។ ដោយ​សារ​តែ​ឃើញ​នាង​មាន​មាស​ពេជ្រ​ ពាក់​ពាស​ពេញ​ខ្លួន បង​ប្អូន​ស្រី​របស់​នាង​បាន​លួង​លោម​នាង​ នៅ​ឲ្យ​បាន​យូរ​ជាង​នេះ ក្នុង​គោល​បំណង​ពន្យារ​ពេល​ ដើម្បី​ឲ្យ​បិសាច​នោះ​ខឹង​ហើយ​សម្លាប់​នាង​ចោល។

៤. រឿង “Snow White”

ក្នុង​រឿង​របស់ Disney៖ ព្រះ​នាង ព្រិល​ស​ត្រូវ​បាន​​មេ​ធ្មប់​បំពុល​ ដោយ​សារ​​ប៉ោម​មួយ​ផ្លែ។ ​ប៉ុន្តែ​ក្រោយ​មក​រាជបុត្រ​ដ៏​ស្រស់​សង្ហា​ ក៏​បាន​មក​សង្គ្រោះ​ព្រះនាង​ឲ្យ​រស់​រាន​មាន​ជីវិត​ឡើង​វិញ។ ក្នុង​រឿង​នេះ​ មេធ្មប់​បាន​ស្លាប់ ព្រោះ​ធ្លាក់​ពី​លើ​ភ្នំ។

ក្នុង​រឿង​ពិត​៖ ក្នុង​​រឿង​ពិត​របស់​អ្នក​និពន្ធBrothers Grimm មេ​ធ្មប់​មិន​បាន​ស្លាប់​ដោយ​សារ​តែ​ធ្លាក់​ពី​លើ​ភ្នំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ នាង​ត្រូវ​ទទួល​​ទន្តកម្ម​ ដោយ​ឲ្យ​ពាក់​ស្បែក​ជើង​ដែក​ ហើយ​រាំ​នៅ​លើ​ភ្លើង​រហូត​ដល់​ស្លាប់។​

៥. រឿង “The Little Mermaid”

ក្នុង​រឿង​របស់ Disney៖ ព្រះ​នាង Ariel ដែល​ជា​បុត្រី​របស់​ស្ដេច​ទេព​មច្ឆា​នោះ​បាន​ផ្លាស់​ប្ដូរ​​​សំឡេង​​របស់​នាង​ ដើម្បី​បាន​ជើង​ដូច​ជា​មនុស្ស។ នាង​បាន​ស្រលាញ់​គ្នា​ជាមួយ​រាជបុត្រ Eric ហើយ​ក៏​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល។

ក្នុង​រឿង​ពិត​៖ ចំណែក​​រឿង​ពិត​របស់​អ្នក​និពន្ធHans Christian Andersen វិញ គឺ​នៅ​ពេល​ដែល Ariel មាន​ជើង​ដូច​ជា​មនុស្ស​នោះ ជើង​របស់​នាង​ឈឺ​រហូត។ ពេល​​ដើរ​ម្ដង​ៗ នាង​មាន​អារម្មណ៍​ថា​ ដូច​​ដើរ​លើ​កាំបិត​អ៊ីចឹង។ ដោយ​សារ​តែ​ការ​លំបាក​បែប​នេះ នៅ​ចុង​បញ្ចប់​ ព្រះរាជបុត្រ​បាន​រៀប​ការ​ជា​មួយ​​នារី​ម្នាក់​ផ្សេង​ទៀត ហើយ Ariel បាន​ទម្លាក់​ខ្លួន​របស់​នាង​ចូល​ទៅ​ក្នុង​សមុទ្រ​​ដោយសារ​ការ​ខូច​ចិត្ត​ហើយ​ខ្លួន​របស់​នាង​បាន​រលាយ​​ទៅ​ជា​ពពុះ​សមុទ្រ។

៦. រឿង​ "Mowgli”

ក្នុង​រឿង​របស់ Disney៖ Mowgli គឺ​ជា​ក្មេង​ប្រុស​ម្នាក់​ដែល​ ឪពុក​ម្ដាយ​បោះបង់​ចោល​ក្នុង​ព្រៃ។ ក្រោយ​មក​ ក៏​មាន​ខ្លាឃ្មុំ​ និង​ ខ្លារខិន​មួយ​ក្បាល​ រើស​មក​ចិញ្ចឹម​ ដោយ​បាន​បង្រៀន​ឲ្យ​ចេះ​ច្រៀង​ ចម្រៀង​ និង​ចេះ​ចិញ្ចឹម​ខ្លួន​ឯង។

ក្នុង​រឿង​ពិត៖ នៅក្នុងសៀវភៅរបស់អ្នក​និពន្ធ​ Rudyard Kipling វិញ​ ក្រោយពីបានសម្លាប់សត្វខ្លា​កំណាច​ Shere Khan មក​ Mowgli ក៏​បាន​ដឹង​ថា​ឪពុកម្តាយបង្កើត​របស់​ខ្លួន​ត្រូវ​ កសិករ​ក្នុង​ភូមិ​មូយ​ចាប់​ខ្លួន។ ដោយ​មាន​ជំនួយ​ពី​សត្វចចក​ និងដំរី ពេលនោះ​ Mowgli ក៏​បាន​បំផ្លាញភូមិនោះ​និងសម្លាប់ប្រជាជន​ទាំង​អស់​ក្នុង​ភូមិ​យ៉ាង​រង្គាល។ ក្រោយមក លោក​ត្រូវ​រត់​គេចខ្លួន រហូត​ រក​ឃើញ​សេចក្ដី​សុខ​នៅភូមិមួយ ដែលមាន​ការ​ត្រួតត្រា​ដោយ​ជនជាតិ​អង់គ្លេស៕

ចុចអាន៖

ប្រភព៖ buzzfeed   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម