ដឹងវិធីនេះ ដឹងតែ​ជួយ​ឲ្យ​ធ្មេញ​កូនតូចៗ មាន​សុខភាព​រឹងមាំ

  • 2017-11-23 07:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្តាយ​ជាអ្នក​ដើរតួសំខាន់​ក្នុងការជួយ​ថែរក្សា​ធ្មេញ​កូន​តួច​របស់​ខ្លួន​ឲ្យ​រឹងមាំនៅ​​ដំណាក់កាល​ដំបូង​ដែល​កូនតូច​របស់​ពួកគាត់​​ទើប​ដុះធ្មេញ។ ថ្វី​ត្បិត​តែ​កុមារតូច​ទើប​តែ​ដុះធ្មេញ​ព្រៃបាន​ចំនួន​ពីរ​ឬលើសពីនេះ​ក៏​ពិត​មែន តែធ្មេញ​ទាំងនេះ​ក៏​ត្រូវការ​ដុះ​សម្អាត​ផង​ដែរ ដើម្បី​ជួយ​កំចាត់​កាកសំណល់​នានា​ដែល​ជាប់​នៅ​នឹង​ធ្មេញ​កូន​តូច​នេះ​។

លោក សួង ផល្លី ទន្ត​បណ្ឌិត​ នៅ​មន្ទីរព្យាបាល​ធ្មេញ​សកល លើកឡើក​ឡើងថា​កុមារ​តូច​អាចចាប់​ផ្តើម​ដុះធ្មេញ​ព្រៃ​នៅអាយុ​ប្រាំបី​ខែ ហើយ​ថា​ពេល​ធ្មេញនេះដុះ​ចេញ​មក​ឪពុក​ម្តាយ​មាន​ភារៈជួយ​សម្អាត​ដើម្បី​ឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ។

(លោក សួង ផល្លី ទន្ត​បណ្ឌិត​ នៅ​មន្ទីរព្យាបាល​ធ្មេញ​សកល ពន្យល់ពី​វិធី​សម្អាត​ធ្មេញ​ឲ្យ​កុមារតូច) )

វីធី​សម្អាត​លោកទន្ត​បណ្ឌិត​រូបនេះ​បញ្ជាក់ថា​ឪពុកម្តាយ​ត្រូវ​ប្រើ​កំប្រេស ពាក់​នៅ​ចង្អុល​​ដៃ ដើម្បីដុស​សម្អាត​ធ្មេញ​ទាំងនេះ​ឲ្យបាន​ម្តង​ក្នុង​មួយ​ថ្ងៃ។ កំប្រេស​នេះលោក​ថា​អាចរកទិញ​បាន​នៅតាម​ឱសថស្ថាន ឬនៅតាម​ម៉ាតនានា។​​

ជាងនេះ​ទៅ​ទៀត​នៅពេល​កូន​ចាប់ផ្តើម​ចេះនិយាយ​ស្តាប់គ្នាបាន​លោក​ថា​ឪពុក​ម្តាយ​ត្រូវ​ទម្លាប់​បង្ហាត់កូន​ឲ្យ​ចេះ​ដុស​ធ្មេញ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​កូន​មាន​ទម្លាប់​ល្អ​ក្នុងការ​សម្អាតធ្មេញ​ពេលធំឡើង​។​

លោក សួង​ ផល្លី ណែនាំ​ដល់អា​ណាព្យា​បាល​កុំ​ឲ្យ​កូន​បរិភោគ​អាហារ ឬភេសជ្ជៈ​ណា​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ ដែល​ជាតិ​ស្ករនេះ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ធ្មេញ​ពុក។ លោក​បន្ថែមថាៈ « មិន​ត្រូវ​ឲ្យគាត់​ញ៉ាំ​ស្ករ​គ្រាប់​ដែល​គាត់​ទៅ​ទិញ​តាម​តូប​អី​ហ្នឹង​ បើអាច​ហាម​ផ្តាច់​តែម្តង ​ហើយ​ដូចជា​ផ្លែមៀន ទឹក​ក្រូច​ទឹក​អីនេះ​ត្រូវ​កាត់​បន្ថយ​ឲ្យបាន​ច្រើន អាជាតិ​ស្ករជាប់​នឹង​ធ្មេញ​គាត់​ហ្នឹង​ហើយ ដែល​គាត់​សម្អាត​មិន​បាន​ស្អាត ក្លាយ​ជាបាត់​តេរី​ធ្វើ​ឲ្យធ្មេញគាត់​ពុក»។

លោក​ឲ្យ​ដឹងទៀតថា​ពេល​កុមារ​ឈាន​ចូល​ដល់ អាយុ​ប្រាំមួយ​ឆ្នាំ​អាណាព្យាបាលគួរនាំកូន​មក​ជួប​ពេទ្យ​ជាប្រ​ចាំ​ ដោយ​ថា​មួយ​ឆ្នាំ​ចំនួន​ពីរ​ដង​ដូច​មនុស្សធំ​ដែរ ​ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ធ្មេញ​ ឲ្យមាន​សុខភាព​រឹងមាំ។

លោក​បន្ថែមថាៈ «នាំ​គាត់​មកជួប​គ្រូពេទ្យដូចមនុស្សធំដែរ គឺ​ប្រាំមួយ​ខែ​ម្តង ដើម្បី​ឲ្យគ្រូពេទ្យ​គាត់​មាន​ថ្នាំៗ​ពិសេស​របស់​គេ Fluorides លាប​សម្រាប់ការពារ​កុំឲ្យ​ធ្មេញ​ពុក អ៊ីចឹង​មានតែគ្រូពេទ្យ​ទេ​ដែល​អាច​មាន​ថ្នាំ​ហ្នឹង»។

លោក ទន្ត​បណ្ឌិត សួង ផល្លី ណែ​នាំថា​ដើម្បី​ឲ្យ​ធ្មេញ​មាន​សុខភាព​រឹងមាំ​ ការ​ពិសារ​បន្លែផ្លែឈើ​ដូចជា​ក្រូច ទំពាំង​បាយជូរ ល្ហុង ត្របែក ផ្កាខាត់ណា ស្ពៃក្តោប សណ្តែកគួ និង​ពោតបារាំង​ ជា​ដើម​សុទ្ធតែ​​ផ្តល់​ផល​ល្អដល់​សុខភាព​ធ្មេញ៕

អត្ថបទ៖ ទូច សុខា