AIA ​នាំ​គ្រូ Spurs ​២​នាក់​មក ​ណែនាំ​បច្ចេកទេស​​នៅ​អង្គការ​ផ្កាយ​សមុទ្រ

  • 2017-11-27 02:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AIA ​បាន​នាំ​យក​គ្រូ​បច្ចេកទេស​របស់​ក្រុម Spurs ​២​នាក់​មក​ណែនាំ​បច្ចេកទេស​ដល់​ក្មេង​ៗ​ជាង​១​ពាន់​នាក់​នៅ​អង្គការ​ផ្កាយ​សមុទ្រ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

Daniel Mitchell ​គ្រូ​បង្វឹក​យុវជន​របស់​ក្រុម Spurs

អង្គារ​ផ្កាយ​សមុទ្រ ​បាន​ចាប់​ដៃ​គូ​សហការ​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត AIA ​រយៈ​ពេល​៣​ឆ្នាំ ​និង​បាន​បង្កើត​ជា​ការ​ប្រកួត​ពាន​រង្វាន់ AIA-ISF Youth League ​១​ផង​ដែរ ​ដែល​មាន​ការ​ប្រកួត​តាម​លំដាប់ ​ក្រោម​អាយុ​១០​ឆ្នាំ ១៤​ឆ្នាំ​ ​និង​ក្រោម​អាយុ​១៨​ឆ្នាំ។ ក្នុង​ឱកាស​នៃ​ការ​បើក​ការ​ប្រកួត​និង​វិធី​ប្រកាស​ចាប់​ដៃ​គូ​សហការ​គ្នា​នេះ​ដែរ ​AIA ​បាន​នាំ​យក​គ្រូ​បច្ចេកទេស​របស់​ក្រុម Spurs ​២​រូប ​មក​ណែនាំ​ពី​របៀប​លេង​បាល់ ​និង​អត្ថប្រយោជន៍​នៃ​ការ​លេង​បាល់​ដល់​ក្មេង​ៗ។

លោក Leo Brogan

លោក Leo Brogan ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​ផ្កាយ​សមុទ្រ​បាន​និយាយ​ថា​៖ “​យើង​ពិត​ជា​រីករាយ​ដែល​បាន​ធ្វើ​ការ​ជាមួយ​ខាង AIA ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​គាំទ្រ ​និង​ជំរុញ​ឱ្យ​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ សម្រាប់​មនុស្ស​គ្រប់​រូប ​និង​សហគមន៍​ក្រីក្រ។ ការ​សហការ​គ្នា​នេះ ​នឹង​ធ្វើ​ឱ្យ​កុមារ​នៅ​កម្ពុជា​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​បច្ចេកទេស​​លេង​បាល់ទាត់ ព្រោះ​ក្រុមហ៊ុន​នេះ ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម Spurs ។ ពួកគេ​នឹង​ជួយ​យើង​កាន់​តែ​ច្រើន ​ចំពោះ​បច្ចេកទេស​ក្នុង​ការ​លេង​បាល់ទាត់”។

លោក Richard Bates ​អគ្គនាយក​ក្រុមហ៊ុន AIA

ដោយ​ឡែក ​លោក Richard Bates ​អគ្គនាយក​ក្រុមហ៊ុន AIA ​ក៏​រីករាយ​ក្នុង​ការ​សហការ​គ្នា​នេះ​ដែរ ​ដើម្បី​ជា​ការ​ជួយ​ដល់​សង្គម ​និង​អភិវឌ្ឍ​វិស័យ​បាល់ទាត់។ ស្រប​គ្នា​នេះ​ដែរ ​ក្រុមហ៊ុន​របស់​លោក ​នឹង​ធ្វើ​ការ​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត ​ក្នុង​ការ​ជួយ​ដល់​សង្គម ​តាម​រយៈ​ការ​បង្កើត​ជា​កម្មវិធី​ផ្សេង​ៗ ​ព្រោះ​ថា​អង្គការ​ផ្កាយ​សមុទ្រ​មាន​កម្មវិធី​ច្រើន​ទៀត​ដើម្បី​ធ្វើ ​នា​ឆ្នាំ​ក្រោយ​ៗ​នេះ។

បាន​ជួប​ជាមួយ​ក្មេង​ៗ​ជាង​១​ពាន់​នាក់​នៅ​កម្ពុជា ​Daniel Mitchell ​គ្រូ​បង្វឹក​យុវជន​របស់​ក្រុម Spurs ​បាន​និយាយ​ប្រាប់ Sabay ​ថា​៖ “ខាង​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់ ​ដែល​ត្រូវ​បាន​អញ្ជើញ​មក​កម្ពុជា​ ដើម្បី​បាន​ឃើញ​ក្មេង​ៗ​នៅ​ក្នុង​ប្រទេស​នេះ​ស្រលាញ់​បាល់ទាត់​ខ្លាំង។ ការ​ស្រលាញ់​កីឡា​ពេញ​មួយ​ជីវិត គឺ​ចាប់​ផ្ដើម​ពី​កុមារភាព​ទៅ ​ហើយ​វា​អាច​ផ្ដល់​ជា​ផល​វិជ្ជមាន​លើស​ពី​ការ​រំពឹង​ទុក​ថែម​ទៀត​ផង”។

កម្ម​វិធី​ប្រកួត AIA-ISF Youth League ​ឆ្នាំ​២០១៧-១៨ ​(U10 U14 U18)នេះ ​មាន​ក្រុម​ចូល​រួម​១០០​ក្រុម ​ហើយ​ធ្វើ​ការ​ប្រកួត​វិលជុំ ​ជា​រៀងរាល់​សប្ដាហ៍​នៅ​កីឡដ្ឋាន​របស់​អង្គការ​ផ្កាយ​សមុទ្រ ​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ