ញាក់សាច់! មុន​ទៅ​ប្រកួត​ Miss Universe ប៊ី សុធារី ធ្លាប់លើក​ពាន​ជា​ច្រើន​ពីអន្តរជាតិ (វីដេអូ)

  • 2017-11-27 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​មាន​ទេពកោសល្យ និង​​រូប​សម្ផស្ស​ស្រស់​សោភា​នោះ​ទេ បវរកញ្ញា​ចក្រវាល​ទី​១​តំណាង​កម្ពុជា​ ប៊ី សុធារី គឺ​ជា​បេក្ខភាព​តារា​ម៉ូដែល និង​កញ្ញា​​ឯក​ម្នាក់​ដែល​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​​ធ្លាប់​ចេញ​ទៅ​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​​លើក​ ថែម​ទាំង​ធ្លាប់​​នាំ​យក​ពាន​រង្វាន់ ​មក​កាន់​មាតុប្រទេស​វិញ​ទៀត​ផង។

ថ្លែង​ក្នុង​ពិធី​ជប់​លៀង​មុន​​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Universe ឆ្នាំ​២០១៧ ប៊ី សុធារី ប្រាប់​ Sabay ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​នាង​បាន​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ពោល​គឺ​នាង​បាន​ចេញ​ទៅ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ដោយ​ក្នុង​កម្មវិធី​ខ្លះ​នាង​មិន​ទទួល​បាន​ជោគជ័យ​ តែ​កម្មវិធី​ខ្លះ​ទៀត នាង​​​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ។

បវរកញ្ញា​​កម្ពុជា​ដែល​មាន​កម្ពស់ ១៧៥ សង់ទីម៉ែត្រ​ លម្អិត​​ថា​ បទពិសោធន៍​ដំបូង​ក្នុង​ការ​ឈាន​ជើង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ គឺ​នៅ​ប្រទេស​កូរ៉េ​ក្នុង​កម្មវិធី Asia New Star Model Contest ឆ្នាំ​២០១៣ ដែល​ជា​កម្មវិធី​ប្រកួត​បង្ហាញ​ម៉ូដ​លំដាប់​អាស៊ី ហើយ​មាន​បេក្ខភាព​៣​រូប​ពី​កម្ពុជា​ចូល​រួម តែ​កាល​ណោះ​នាង​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។

នៅ​ឆ្នាំ​ដដែល​ សុធារី​ បាន​បង្ហាញ​ខ្លួន​ ក្នុង​កម្មវិធី​ប្រកួត​សម្រស់​១​ ​មាន​ឈ្មោះ​ថា Miss ASEAN 2013 ដែល​ធ្វើ​ឡើង​នៅ ខេត្ត​ឈាង​រ៉ៃ​​ប្រទេស​ថៃ។ ជា​អកុសល នាង​មិន​ទទួល​បាន​​លទ្ធផល​ល្អ​ឡើយ​ បាន​ត្រឹម​តែ​បទពិសោធន៍​មក​វិញ​ប៉ុណ្ណោះ។

មក​ដល់​ឆ្នាំ​២០១៤ ស្រី​ស្អាត​ខាង​លើ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​​ម្ដង​ទៀត​ ដើម្បី​ប្រកួត​ក្នុង​កម្មវិធី Miss Southeast Asian 2014។ លើក​ទី​៣​នេះ នាង​ទទួល​បាន​ពាន​ដល់​ទៅ​២​គឺ Miss Elgant និង Best in Evening Wear។

ឆ្លង​កាត់​ការ​ប្រកួត​ជា​ច្រើន​លើក យុវតី​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​បោះ​ជំហាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​កាន់​តែ​ធំ​ឡើងៗ ដោយ​នៅ​ឆ្នាំ​២០១៥ នាង​បាន​តំណាង​កម្ពុជា​ចូល​រួម​កម្មវិធី​ Super Model International 2015 នៅ​ហ្វីលីពីន ដែល​មាន​បេក្ខភាព​មក​ពី​៤០​ប្រទេស​ចូល​ ហើយ​នាង​បាន​លើក​​ពាន់​ជា​កំពូល​ម៉ូដែល​ចំណាត់​ថ្នាក់​លេខ​៣​ថែម​ទៀត​ផង។​​

​ក្រោយ​ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Cambodia ឆ្នាំ​២០១៦ សិស្ស​វិទ្យាល័យ​ដែល​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​កីឡាការិនី​បាល់​ទះ​ប្រចាំ​សាលា​នេះ បាន​ក្លាយ​ជា​បេក្ខនារី​ខ្មែរ​ទី១​តំណាង​កម្ពុជា​ ចូល​រួម​កម្មវិធី​​ប្រកួត​សម្រស់​ធំ​ជាង​គេ​លើ​ពិភពលោក​ គឺ​បវរកញ្ញា​ចក្រវាល ឬ Miss Universe ឆ្នាំ​២០១៧ នៅ​ទី​ក្រុង Las Vegas សហរដ្ឋអាមេរិក​។

​លទ្ធផល ត្រូវ​បាន​ប្រកាស​កាលពី​​យប់​ថ្ងៃ​ទី​ ២៦​ខែ វិច្ឆិកា​​ ម៉ោង​នៅ Las Vegas ឬ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆកា​ ឆ្នាំ​២០១៧ ម៉ោង​នៅ​ភ្នំពេញ​ ដោយ​ម្ចាស់​​មកុដ​​​បវរកញ្ញា​កំពូល​សម្រស់​​អាណត្តិ​​ថ្មី​ គឺ​បាន​ទៅ​លើ​ បវរកញ្ញា Demi Leight Nel- Peter មក​ពី​ប្រទេស​អាហ្រិក​ខាង​ត្បូង។ ផ្ទុយ​ទៅ​វិញ សុធារី មិន​ទទួល​បាន​ជោគជ័យ​ឡើយ​ តែ​​​នាង​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ជា​ហូរហែ​ពី​អ្នក​គាំទ្រ​កម្ពុជា៕

ចុចអាន៖

អត្ថបទ៖ សុខណា