ក្រុម​ថ្មី​សមាជិក​ចាស់​ Prestiges អត់​ញញើត​ក្រុម​ណា​ឡើយ​ជើង​ឯក​ជាតិ​ E-Sports ​

  • 2017-11-27 04:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៧​​ជុំ​ផ្តាច់​ព្រ័ត្រ​នឹង​ចាប់​ផ្តើម​នា​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​សំបូរ​បទ​ពិសោធ​ច្រើន​​​ ប៉ុន្តែ​ក្រុម​ថ្មី​ Prestiges មិន​ខ្លាច​ញញើត​ក្រុម​ណា​មួយ​ឡើយ។

ក្រុម​ Prestiges

កីឡាករ​ ឡាវី ប្រធាន​ក្រុម​ Prestiges បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​ខ្លួន​ទើប​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧​នេះ​ និង​ជា​លើក​ដំបូង​ដែល​បាន​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​នេះ។ ទោះ​ជា​ក្រុម​ថ្មី​ទើប​បង្កើត​ឡើង​ ប៉ុន្តែ​សមាជិក​​ទាំង​៥​នាក់​សុទ្ធ​តែ​កីឡាករ​ចាស់​ៗ​​ដែល​មាន​បទ​ពិសោធ​ច្រើន​ដូច​គ្នា។ សមាជិក​របស់​ខ្លួន​មាន​៣​នាក់​ជា​អតីត​សមាជិក​របស់​ក្រុម​ខ្លាំង​ Never Care និង​២​នាក់​ជា​អតីត​សមាជិក​ក្រុម​របស់​ You Will Know។

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​នា​ពេល​ខាង​មុខ​នេះ ឡាវី​បាន​ឲ្យ​ដឹង​ថា ក្រុម​ទាំង​អស់​ដែល​​ទទួល​បាន​​កៅអី​មក​ជុំ​ផ្តាច់​ព្រ័ត្រ​​ឆ្នាំ​២០១៧​នេះ​​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ និង​​មាន​បទ​ពិសោធ​មិន​សូវ​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ ដូច្នេះ​ក្រុម​របស់​ខ្លួន​រំពឹង​ធ្វើ​បាន​ល្អ​ និង​ឈាន​ដល់​ជុំ​ចុង​ក្រោយ។ ទោះ​បី​ជា​យ៉ាង​ណា​ ប្រធាន​ក្រុម​រូប​នេះ​ឲ្យ​ដឹង​ថា Never Care, Secret និង​Successfull​ ​ជា​ក្រុម​លេច​ធ្លោ​ជាង​គេ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ។

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

៣​ក្រុម​នេះ​សុទ្ធ​តែ​ខ្លាំង​រំពឹង​ឈ្នះ​ជើង​ឯក​ជាតិ​ឆ្នាំ​នេះ​

បង្ហាញ​ឈ្មោះ​ក្រុម​ទាំង​​២៤​ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ​ E-Sports ថ្នាក់​ជាតិ​

អត្ថបទ៖ ជាន ចាន់រ៉ា