ក្រុមហ៊ុន​ BMW ​ប្រកាស​រក​ដៃគូ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​

  • 2017-11-30 12:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​លោក​ Peter Schwarzenbauer ​ប្រាប់​ Reuters ​ថា​ ក្រុមហ៊ុន​ BMW ​កំពុង​ជជែក​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​រថយន្ត​នៅ​ទូទាំង​ពិភព​លោក​ដើម្បី​រក​មើល​ដៃគូ​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​នា​ពេល​អនាគត​ ។

Schwarzenbauer ​និយាយ​ថា​ ​យើង​កំពុង​ជជែក​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ជុំវិញ​ពិភព​លោក​មិន​មែន​តែ​នៅ​ក្នុង​ប្រទេច​ចិន​នោះ​ទេ​ពោល​គឺ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ខណៈ​ភ្លាមៗ​នេះ​មិន​ទាន់​មាន​ផ្លែផ្កា​នោះ​ទេ​ ។ បច្ចុប្បន្ន​ BMW ​មិន​ទាន់​បាន​ផលិត​រថយន្ត​ខ្នាត​តូច​នៅ​ក្រៅ​ទីផ្សារ​អឺរ៉ុប​នៅ​ឡើយ​ទេ​ ។ ដោយ​ឡែក​ក្រុមហ៊ុន​រថយន្ត​ចិន​ Great Wall Motors ​និយាយ​កាល​ពី​ខែ​មុន​ថា​ ខ្លួន​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​បណ្តាក់​ទុន​ដើម្បី​ផលិត​រថយន្ត​ខ្នាត​តូច​ក្នុង​ប្រទេស​ចិន​ ។ លោក​ Schwarzenbauer ​បដិសេធ​និយាយ​ពី​លទ្ធភាព​ពិភាក្សា​ជាមួយ​ Great Wall ​ដោយ​និយាយ​ថា​ វា​គឺ​ជា​រឿង​មិន​អាច​ស្មាន​ទុក​មុន​ ។ ​បញ្យ៉ាងណា​ក៏​ដោយ​ការ​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​គឺ​ជា​រឿង​ស្មុគស្មាញ​មិន​មែន​តែ​ដោយ​សារ​ការ​ចំណាយ​ហិរញ្ញ​វត្ថុ​ប៉ុន្តែ​ក៏​មានបញ្ហា​វិស្វកម្ម​ដើម្បី​ដាក់​បញ្ចូល​ថ្ម​ឱ្យ​ត្រូវ​នឹង​រថយន្ត​ធន់​តូច​អស់​ទាំង​នោះ​ ។ ទន្ទឹមគ្នា​នេះ​ដែរ​ការ​លក់​រថយន្ត​ខ្នាត​តូច​ក្នុង​ទីផ្សារ​អាមេរិក​បាន​ធ្លាក់​ចុះ​ ១០% ​ក្នុង​អំឡុង​ពេល​ ១០ ​ខែ​នៃ​ឆ្នាំ​ ២០១៧ នេះ​ខណៈ​អតិថិជន​ពេញ​និយម​រថយន្ត​ប្រភេទ​ SUV ​និង​រថយន្ត​ដឹក​ទំនិញ​ជាង​ ។

ក្រុមហ៊ុន​ BMW បាន​ធ្វើ​ការ​ជាមួយ​ដៃគូ​ប្រជែង​មុន​ពេល​ចែក​រំលែក​ការ​ចំណាយ​លើ​បច្ចេកវិទ្យា​រថយន្ត​គ្មាន​ជាតិពុល​ ។ ក្រុមហ៊ុន​បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ Toyota Motor Corp ​ដើម្បី​អភិវឌ្ឍ​រថយន្ត​ប្រើ​ឥន្ធនះ​ ។ BMW ​និយាយ​ថា​ ខ្លួន​គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ម៉ូដែល​ Mini ​ថ្មី​មួយ​គ្រឿង​នៅ​ឆ្នាំ​ ២០១៩ ​ហើយ​វា​អាច​ក្លាយ​ជា​ម៉ាក​រថយន្ត​អគ្គិសនី​ពេញលេញ​ផងដែរ​ដោយ​កំណត់​គោលដៅ​លក់​សម្រាប់​អតិថិជន​រស់​នៅ​ក្នុង​ទីក្រុង​ហើយ​នៅ​ឆ្នាំ​ ២០២១​ BMW ​នឹង​ផលិត​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​តម្លៃ​ក្រោម​ ១០ ​ម៉ឺន​ដុល្លារ​ ៕ ៕ ប្រែ​សម្រួល​៖​ សិរីបុទ្រ ប្រភព​៖​ https://www.reuters.com/article/us-autoshow-la-bmw/bmw-looking-for-partners-to-develop-electric-small-cars-idUSKBN1DT0ZW

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សិរីបុទ្រ