ពិសេសមែន! ម្នាក់ចប់ IT ម្នាក់​ចប់ច្បាប់ ចុងក្រោយក្លាយជាថៅកែហាងកាហ្វេកំពុងល្បីមួយ

  • 2017-12-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្ដើម​ពី​ការ​ចូលចិត្ត​ផឹក​កាហ្វេ និង​មាន​ចំណង់ចំណូល​ចិត្តរឿង​រកស៊ី​ផង​នោះ យុវជន​វ័យ​ក្មេង​២​រូប បាន​ចូល​ហ៊ុន​គ្នា​ម្នាក់​ជាង ៥ ០០០​ដុល្លារ បង្កើត​ហាង​កាហ្វេ​មួយ​ឈ្មោះ​ថា កាហ្វេភូមិ កំពុង​ទទួល​បាន​ការ​ចាប់​យ៉ាង​ខ្លាំង​ពី​យុវវ័យ​ចូល​ផឹក​ឥត​ដាច់។

និយាយ​ទាំង​ទឹក​មុខ​ស្រស់​ស្រាយ លោក​សោម ចំណាន​សង្ហា វ័យ​២៧​ឆ្នាំ និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា(IT) មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ចែក​រំលែក​បទពិសោធន៍​ថា ក្រោយ​បញ្ចប់​ការ​សិក្សា​លោក​បាន​ទៅ​ធ្វើ​ការ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​រយៈពេល​៤​ឆ្នាំ។ បន្ទាប់​មក​ដោយសារ​ចង់​សម្រេច​ក្ដី​ប្រាថ្នា​របស់ខ្លួន លោក​ក៏សម្រេច​ចិត្ត​បើក​អាជីវកម្ម​តូច​មួយ ជាមួយ​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​លោក គឺលោក សេង សុងគីមស៊័ង វ័យ​២៥​ឆ្នាំ បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង។

មុន​នឹង​ឈាន​ដល់​ការ​បើក​ហាង​កាហ្វេ​តូច​មួយ​នេះ​ឡើង យុវជន​សម្បុរ​ស្រអែម​ស្រស់​ខាង​លើ ប្រាប់ថា ក្នុង​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ ៧​ដុល្លារ​ទៅ​លើ​ថ្លៃ​កាហ្វេ​ទាំង​ព្រឹក​ទាំង​ល្ងាច។ ដូច្នេះ​ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​អស់ ២១០ ទៅ​ ២៣០​ដុល្លារ​ ហើយ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​អស់ ២ ០០០​ទៅ ៣ ០០០​ដុល្លារ​ទៅ​ហើយ​គ្រាន់​តែ​ថ្លៃ​កាហ្វេ។ ចុះ​ហេតុអ្វី​ក៏​មិន​យក​លុយ​ពី​ការ​ចំណាយ​ដ៏​ច្រើន​នោះ យក​មក​សន្សំ​ដើម្បី​បើក​ហាង​កាហ្វេ​តែ​ម្ដង​ទៅ? ដោយ​សារ​មាន​គំនិត​បែប​នេះ ទើប​លោក​បបួល​មិត្តភក្ដិ​បង្កើត​ហាង​កាហ្វេ​មួយ​ឈ្មោះ «កាហ្វេភូមិ​» តែ​ម្ដង ហើយ​ម្យ៉ាង​វិញ​ទៀត​ក៏​បាន​ផ្ដល់​ការងារ​ដល់​មនុស្ស​ពីរ​បី​នាក់​ទៀត​ផង។

យុវជន​មក​ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​រូប​នេះ បន្តមួយចំនុចទៀតមុនឈាន​ដល់​ការ​ប្រថុយ​រកស៊ី​ទាំង​វ័យ​ក្មេង​ទៀត​ថា លោក និង​មិត្តភក្ដិ​ធ្លាប់​លក់​កាហ្វេ​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​កាល​ពី​ចូល​ឆ្នាំ​ខ្មែរ ​ដាក់​ឈ្មោះ​ថា «កាហ្វេភូមិ» មាន​ការ​តុបតែង​ជា​លក្ខណៈ​បែប​ខ្មែរ​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​​និង​ចង់​ឲ្យ​មាន​បែប​នោះ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​មួយ។ម្យ៉ាងវិញទៀត​ដោយ​សម្លឹង​ឃើញ​ថា ហាង​កាហ្វេ​ធំៗ​នៅ​ភ្នំពេញ​មាន​តម្លៃ​​ខ្ពស់ ទើប​លោក​ចង់​ធ្វើ​គឺ​ជា​កូន​ហាង​មួយ​តម្លៃ​សមរម្យ រសជាតិ​ឆ្ងាញ់ និង​ងាយ​ស្រួល​មិន​សាំញ៉ាំ​ច្រើន​។ ​

ចំណែក​ឯ​ដើម​ទុន ដើម្បី​បង្កើត​កូន​ហាង​ដ៏​ទាក់ទាញ​នេះ គឺ​អស់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​នោះ​ត្រូវ​ចូលហ៊ុន​គ្នា​ម្នាក់​ជាង ៥ ០០០​ដុល្លារ ហើយ​ដើម​ទុន​ទាំង​នោះ​គឺ​បាន​មក​ពី​ការ​សន្សំ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ឲ្យ​គេ​ជាង​៤​ឆ្នាំ​នោះ​ហើយ។ រីឯ​ការ​ចំណាយ​ទៅ​លើ​ដំណើរ​ការ​បើក​ហាង​កាហ្វេ​នេះ​មាន​ដូច​ជា៖ ម៉ាស៊ីន​កាហ្វេ ការសាងសង់​ហាង សម្ភារៈ​នានា​រួម​មាន តុ កៅអី កែវ និង​ប្រាក់​ខែ​បុគ្គលិក​ចំនួន ៤​នាក់។ល។

បន្ទាប់​ពី​ដំណើរ​ការ​បាន ៤​ខែ «ហាង​កាហ្វេភូមិ» ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​និយម​ទទួល​ទាន​កាហ្វេ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​អស់​ចន្លោះ​ពី ១២០ ទៅ ១៥០​កែវ ក្នុង​មួយ​កែវ​តម្លៃ​ត្រឹម​តែ ៦ ០០០ រៀល​ប៉ុណ្ណោះ។

ចុង​ក្រោយ​យុវជន​វ័យ​ក្មេង​ខាង​លើ បំផុស​គំនិត​ដល់​យុវវ័យ​ដែល​ចង់​រកស៊ី​ថា ពេល​ដែល​រៀន​ចប់​ហើយ បើ​មិន​មែន​ជា​កូន​អ្នក​រកស៊ី​ទេ គួរ​ទៅ​ធ្វើ​ការ​ការ​ឲ្យ​គេ​សិន​ដើម្បី​ប្រមូល​ផ្ដុំ​បទពិសោធន៍ និង​រៀន​សូត្រ​ពី​របៀប​ធ្វើ​អាជីវកម្ម​របស់​គេ។ ជា​គំនិត​របស់​លោក​ផ្ទាល់ មិន​គួរ​ចេញ​រកស៊ី​ភ្លាមៗ​ទាំង​មិន​មាន​បទពិសោធន៍​នោះ​ទេ៕

ទស្សនាកិច្ចសម្ភាសន៍ពិសេសខាងក្រោមនេះ៖

​​​

អត្ថបទ៖ វឌ្ឍនៈ