រូបថតមួយសន្លឹក បង្ហាញពីក្តីស្រលាញ់ក្នុងគ្រួសារផ្សេងគ្នា កំពុងធ្វើឲ្យគ្រប់គ្នារំជួលចិត្តខ្លាំង
- 2017-12-06 03:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតមួយសន្លឹក បង្ហាញពីក្តីស្រលាញ់ក្នុងគ្រួសារផ្សេងគ្នា កំពុងធ្វើឲ្យគ្រប់គ្នារំជួលចិត្តខ្លាំង
ចន្លោះមិនឃើញ
បណ្ដាញសង្គម បានក្លាយជាវេទិកាមួយ ដែលរូបភាព និងវីដេអូអាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអ្នកប្រើប្រាស់នាំគ្នាចែករំលែកវា។ ខណៈពេលដែលរូបថតមួយចំនួន ត្រូវបានបង្ហោះដើម្បីដៀលត្មះអ្នកដទៃ រូបថតមួយសន្លឹក បានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម រំជួលចិត្តយ៉ាងខ្លាំង ដោយសារតែការពណ៌នា អំពីក្ដីស្រលាញ់ពិតនៅក្នុងគ្រួសារ។
រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដោយអ្នកប្រើប្រាស់ឈ្មោះ Restoris A. Fatiha ហើយទទួលបានការចែករំលែក រហូតដល់ទៅជិត ១ម៉ឺនដង និងមានការបញ្ចេញមតិរាប់ពាន់ដងផងដែរ។
Restoris បានថតរូបមួយសន្លឹកនេះ នៅពេលធ្វើដំណើរតាមរថភ្លើង ត្រលប់ពីខេត្ត Kutuarjo ឆ្ពោះទៅកាន់ Solo ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង ៦ និង ២០នាទីព្រឹក។ បន្ទាប់មក លោកបានប្រទះឃើញ បុរសម្នាក់កំពុងឱបឪពុករបស់គេ ដែលបានដេកកើយលើភ្លៅកូនប្រុស នៅពេលធ្វើដំណើរ ដោយមានទឹកមុខបែបស្រពាប់ស្រពោន។ ជាមួយគ្នានោះដែរ លោកបានមើលឃើញ ប្ដីប្រពន្ធមួយគូទៀត រួមទាំងកូនប្រុសរបស់គេ កំពុងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹមពេញលើផ្ទៃមុខ។
ទិដ្ឋភាពបង្ហាញពីសេចក្ដីស្រលាញ់បែបនេះ ត្រូវបាន លោក Restoris ថតជាប់នៅក្នុងរូបថតដ៏អស្ចារ្យមួយសន្លឹក ដែលបានឆក់យកបេះដូង អ្នកនិយមប្រើប្រាស់អ៊ីនធឺណិតជាច្រើន។
លោក Restoris បានសរសេរសារនៅលើបណ្ដាញសង្គម Facebook ថា «ស្រលាញ់ឪពុកម្ដាយរបស់អ្នក ដូចឪពុកម្ដាយអ្នកបានស្រលាញ់អ្នក, ចិញ្ចឹមអ្នក, អប់រំអ្នក និង ថែរក្សាអ្នកដោយអស់ពីចិត្តរបស់ពួកគាត់។ ខ្ញុំបានឃើញទិដ្ឋភាព ដែលធ្វើឲ្យខ្ញុំនឹកឪពុកម្ដាយរបស់ខ្ញុំណាស់។ វាបានធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង ហើយចង់ស្រក់ទឹកភ្នែកទៀតផង។ វាជាទង្វើមួយ ដែលហាក់ដូចជាធម្មតា ប៉ុន្តែអាចមានអត្ថន័យពិតប្រាកដ សម្រាប់មនុស្សដែលបានឃើញវា»៕
ចុចអាន៖