​ប៉េតង់​កំណត់​ឆ្នាំ​២០២២ ត្រូវ​រក​ឲ្យ​បាន​អ្នក​​ខ្លាំង​​ ៥០០​នាក់

  • 2017-12-15 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ប៉េតង់​កម្ពុជា​លោក អ៊ិន គឹម​ស្រ៊ុន បាន​អះអាង​ថា សហព័ន្ធ​របស់​លោក​​កំណត់​ឆ្នាំ​២០២២ ត្រូវ​តែ​បណ្ដុះ​ឲ្យ​បាន​​ជើង​ខ្លាំង​ផ្នែក​កីឡា​នេះ​ ៥០០​នាក់​ ដើម្បី​​​ទុក​ត្រៀម​សម្រាប់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

អ៊ុន គឹម​ស្រ៊ុន

​​ក្រោយ​ត្រឡប់​ពី​ទឹក​ដី​ថៃ​ដែល​ដឹក​នាំ​ក្រុម​​កីឡា​របស់​ខ្លួន​ដណ្ដើម​បាន​មេដាយ​មាស ៣​និង​សំរឹទ្ធ​ ២​គ្រឿង​ពី​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ី​អគ្គលេខាធិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ផែន​ការ​មេ​របស់​ប៉េតង់​គឺ​ចាប់​​ផ្ដើម​បណ្ដុះ​ក្មេង​នៅ​តាម​សាលា​​វិទ្យាល័យ ​ឬ​អនុវិទ្យាល័យ​ឲ្យ​​លេង​កីឡា​នេះ។ ​​ក្រោយ​មក​ជ្រើស​រើស​អ្នក​ខ្លាំង​ឲ្យ​បាន ៥០០​នាក់​យក​មក​បណ្ដុះ​បណ្ដាល​បន្ថែម​នៅ​ឆ្នាំ​២០២២ ដើម្បី​​ត្រៀម​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣។

​លោក​​បញ្ជាក់​ថា សព្វ​ថ្ងៃ​ប៉េតង់​មាន​បញ្ហា​​កង្វះ​ធនធាន​កីឡាករ​ជម្រើស​ជាតិ​ គឺ​​មាន​ត្រឹម​ជាង ៥០​នាក់​ និង​​អ្នក​ដែល​ចេះ​លេង​ប៉េតង់​ស្ទាត់​ជំនាញ​មាន​ប្រមាណ​​ជាង ១០០ នាក់​ប៉ុណ្ណោះ។ ហេតុ​នេះ​ផែន​ការ​បណ្ដុះ​ថ្នាល​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​បន្ថែម​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ទិស​ដៅ​យូរអង្វែង ដើម្បី​ធានា​ឲ្យ​បាន​ថា ឆ្នាំ​២០២៣​កម្ពុជា​មាន​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ។

​បើ​គិត​មក​ទល់​ពេល​នេះ​ប៉េតង់​មាន​សមិទ្ធផល​ជា​ច្រើន​​ក្នុង​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ​​ ពិសេស​គឺ​​ព្រឹត្តិការណ៍​ធំ​ៗ​​ដែល​មាន​ដូច​ជា​​កម្រិត​ពិភព​លោក​ជា​ដើម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​