ដួង ម៉ានិច ប្រែជាញាប់​ញ័រ​ដល់​ថ្នាក់​យំ ពេល​គ្រង​ឈុត​នាង​នាគ (វីដេអូ)

  • 2017-12-15 08:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រាង​ស្រឡូន​ ដួង​ ម៉ានិច ​រំភើប​ខ្លាំង រហូត​ហូរ​ទឹក​ភ្នែក​ ​ឈរមិន​ជាប់ ដល់ថ្នាក់​ទន់​ខ្លួន​ នៅពេល​គ្រង​សម្លៀក​ពាក់​ជា​​នាង​នាគ​ ពេលសម្ដែង​ក្នុងកម្ម​វិធី ព្រះ​គុណ​គ្រូ​ល្ខោន​ខោល​លើក​ទី​២​​​ នៅ​សាកល​វិទ្យាល័យ ភូមិន្ទ​ចិត្រ​សិល្បៈ​កាល​ពី​ល្ងាច​មិញ។

ក្នុងកម្មវិធីខាងលើ កញ្ញា ដួង​ ម៉ា​និច ​តម្រូវឲ្យគ្រង​ឈុត​នាង​នាគ​បង្ហាញ​ម៉ូដ ដែល​តួ​អង្គ​តំណាង​ឲ្យ​ ព្រះនាង​នាគ​ក្សត្រិយ៍​ គ្រប់គ្រង​​ផែន​ដីខ្មែរ​នា​សម័យបុរេប្រវត្តិ គឺឈុត​កន្ទុយ​ត្រី និង​ពាក់​មកុដក្បាល​នាគ​។

ក្នុង​អំឡុងពេល​ដើរ​បង្ហាញ​ម៉ូដ ម៉ានិចក៏​ចាប់​ផ្ដើម​មាន​ទឹក​មុខ​ប្រែប្រួល តែ​នាងនៅ​តែ​ញញឹម​រហូតដល់​បញ្ចប់​ ។ ក្រោយពី​ដើរ​បាន​មួយ​ជុំ​កញ្ញាក៏​ចាប់​ផ្តើម​ញាក់​ញ័រ​ពេញ​ទាំង​ខ្លួន​ហើយ​យំ​តែ​ម្តង។ ក្រោយពី​ចប់​កម្មវិធី ម៉ានិច និយាយ​ទាំង​សម្ដី​ញ័រប្រាប់​ Sabay ថា​ នេះ​មក​ពី​​កញ្ញា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ពេក ពេល​គ្រង​សម្លៀក​នេះ​សម្ដែង​ក្នុង​កម្មវិធី ។ «ពេល​ខ្ញុំ​ដើរ​ ខ្ញុំមាន​អារម្មណ៍ ខ្ញុំ​មិន​មែន​ជា​ខ្ញុំ​ទេ​ អារម្មណ៍​ខ្ញុំដូច​ហើរ​ចេញ​ខ្លួន​បាត់​ទៅ​ហើយ ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​​» ម៉ានិច បញ្ជាក់។

​​គ្រូ​សិល្បៈ​នៅ​ទី​នោះ​អះ​អាង​ថា មូល​ហេតុ​ដែល ម៉ានិច រំភើប​ដល់​ថ្នាក់​យំ គឺ​អាច​គ្រូ​ធំ ឬ​បារមី​នៅ​ទី​នោះ​ធ្វើឲ្យ​នាង​រំភើប​ហើយ។ តាម​គ្រូ​សិល្បៈ​បុរាណ​កន្លងមក​ តែង​សំណាល​ថា គ្រឿង​សម្លៀក​បំពាក់​បុរាណ​នេះ​មានការ​ត្រណមខ្លាំង ដែល​ត្រូវ​សំពះ​សុំ​មុន​នឹង​គ្រង​។ នៅ​ពេល​ដែល​បាន​ស្លៀក​ពាក់​ហើយ​អ្នក​ខ្លះ​មាន​អារម្មណ៍​ខ្លាច និងខ្លះ​ទៀត​មាន​អារម្មណ៍​រំភើប​ខ្លាំង ចង់​សម្ដែង​​ជាដើម៕ ​​​​​​​​​​​​​​​

អត្ថបទៈ ស្រីអូន