ព្រាប​អាច​នាំ​សារ​ដោយ​​របៀប​ណា?

  • 2017-12-16 03:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រាប​ត្រូវ​បាន​ប្រើ​សម្រាប់​ផ្ញើ​សារ​មិន​ត្រឹម​តែ​នៅ​សម័យ​បុរាណ​ទេ ប៉ុន្តែ​សូម្បី​​នៅ​ដើម​សតវត្ស​ទី​២០​ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី១ ក៏​ត្រូវ​បាន​គេ​ប្រើ​ដែរ។ ព្រាប​អាច​នាំ​សារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​បាន​ដោយ​សារ ពួក​វា​មាន​សមត្ថភាព​ពិសេស​នៃ​ការ​ហោះ​ហើរ​ត្រលប់​ទៅ​រក​ ​ផ្ទះ​វា​​វិញ​សម្រាប់​រយៈ​ចម្ងាយ​ឆ្ងាយ ហើរ​បាន​ខ្ពស់​ និងលឿន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Times of India ព្រាប​អាច​ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​ហើរ​បាន​ជាង១៦០០ គីឡូម៉ែត្រ​ក្នុង​ល្បឿន៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ អ្នក​វិទ្យាសាស្រ្ត​បាន​សន្និដ្ឋាន​ថា ​សត្វ​ព្រាប​ប្រើ​ប្រភព​ជា​ច្រើន​ដូចជា​ទិសដៅ​ព្រះអាទិត្យ​ ម៉ាញ៉ទិក​របស់​ផែនដី និង ក្លិន​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កន្លែង​ផ្សេងៗ​គ្នា​សម្រាប់​ស្វែង​រក​ទិសដៅ​របស់វា ដែល​​​ជា​អំណោយ​ទាន​ពី​ធម្មជាតិ​នូវ​សមត្ថភាព​​នេះ ដែល​មនុស្ស​​មិន​មាន។

​តាំង​ពី​ជាង ៣ ពាន់​ឆ្នាំ​មុន​ម្ល៉េះ​​​​ដែល​មនុស្ស​បាន​រកឃើញ​សមត្ថភាព​​ពិសេស​នេះ​របស់​ព្រាប ព្រោះ​បើ​ទោះ​ជា​គេ​យក​វា​ទៅ​​ទីកន្លែង​ខុសៗ​គ្នា ឆ្ងាយ​រាប់​​គីឡូម៉ែត្រ ក៏​ព្រាប​អាច​រក​ផ្លូវ​ទៅ​ផ្ទះ​ឃើញ​ដែរ។ ជារួម ក្នុង​សម័យ​បុរាណ​ព្រាប​ត្រូវ​បាន​គេ​ប្រើ​មិន​ថា​ក្នុង​គោលបំណង​បញ្ជូន​ដំណឹង ឬ ប្រើ​ក្នុង​សមរភូមិ គឺ​​ព្រាប​ដែល​ព្រលែង​ទៅ​ក្នុង​លំហ​អាកាស វា​នឹង​ហោះ​ពី​ទីតាំង​ផ្សេងៗ​ទៅ​ផ្ទះ​វិញ។ នេះ​បើ​តាម​វេបសាយ ScienceABC។

ក្នុង​ប្រវត្តិសាស្រ្ត​​អធិរាជ ហ្សង់ហ្ស៊ីខាន់ បាន​ប្រើ​ព្រាប​ ដើម្បី​រក្សា​ទំនាក់ទំនង​នៃ​ចក្រភព​ដ៏​ធំ​របស់​លោក។ នៅ​សតវត្ស​ទី ១២ ប្រទេស​ស៊ីរី​ និង ទីក្រុង​បាកដាដ​​ភ្ជាប់​ទំនាក់​ទំនង​គ្នា​តាម​រយៈ​ព្រាប។ និយាយ​បែប​ផ្សេង បើ​ចង់​ឲ្យ​ព្រាប​​បញ្ជូន​សារ​​ពី​ស៊ីរី​ទៅ​បាកដាដ ផ្ទះ​របស់​ព្រាប​នោះ​ត្រូវ​តែ​​នៅ​ក្នុង​ទីក្រុង​បាកដាដ។ ផ្ទុយ​មក​វិញ​ បើ​ចង់​ឲ្យ​ព្រាប​​បញ្ជូន​សារ​​ពីបាកដាដ​ទៅ​ស៊ីរី​ ​ផ្ទះ​របស់​ព្រាប​នោះ​ត្រូវ​តែ​​នៅ​ក្នុង​​ប្រទេស​ស៊ីរី៕

ប្រភព៖ Times of India   ប្រែ​សម្រួល៖ សុខ លាងហ៊ត