SECOS ក្រោយ​កាត់​ភ្លៀង​កាត់​ព្យុះ ៣ ឆ្នាំ ទើប​បាន​ចេញ​រូបរាង​ជា​ផ្លូវការ

  • 2017-12-19 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន ៣ នាក់ ដែល​មាន​ប្រវត្តិ​សិក្សា​ផ្សេងៗ​គ្នា​បាន​​រួម​គ្នា​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ សម្រាប់​ប្រើប្រាស់​​នៅ​ក្នុង​សហគ្រាសអាជីវកម្មខ្នាតតូចនិងមធ្យម និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ ២០១៧ នេះ។

កញ្ញា​តូច ច័ន្ទ​ណារី ជា​សមាជិក​ដ៏​សកម្មមួយរូបក្នុងក្រុម Vteam ដែល​បាន​​ចូលរួម​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ SECOS បាន​ឲ្យ​ដឹង​ថា SECOS អាចជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​គ្រប់គ្រងក្នុងអាជីវកម្ម។

យុវតី​ដែល​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​មក​ពី​អង់គ្លេស​នេះ​បាន​លើក​ឡើង​ពី​​បញ្ហា​ប្រឈម​ ដែល​ម្ចាស់​អាជីវកម្ម​​ភាគច្រើន​ជួប​ការ​ពិបាក​​ ក្នុងការគ្រប់គ្រងដំណេីរការអាជីវកម្ម។ តាម​រយៈ​ប្រព័ន្ធ SECOS នឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​អាច​តាមដាន​​របាយការណ៍លក់​ដូរប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាពការ​គ្រប់គ្រង​បុគ្គលិក ជា​ពិសេស​វា​​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​មាន​មុខ​របរ​ច្រើន​កន្លែង​ អាចតាមដានវាយតម្លៃការលក់​ដូរ​បានពីគ្រប់​ទី​កន្លែង។

បើ​តាម​ស្ថាបនិក​វ័យក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ SECOS ក្រៅ​ពី​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​គ្រប់គ្រងដឹងពីលំហូរ​ការ​លក់​ដូរ​ប្រចាំថ្ងៃយ៉ាង​មាន​ប្រសិទ្ធភាព វា​ក៏​អាច​ជួយ​ម្ចាស់​អាជីវកម្ម​អាច​ស្វែង​យល់​ពី​តម្រូវការ​របស់​អតិថិជន ដើម្បី​អាច​ឆ្លើយតប​បាន​ទាន់​ពេល​វេលា។

មុនពេល​ប្រព័ន្ធ SECOS ​បង្កេីតលេច​រូបរាង​​ក៏​ជួប​បញ្ហា​ច្រើន​​ដែរ និង​មាន​ការ​ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថាបនិក​រូប​​នេះ​។

ណារី​បាន​ឲ្យ​ដឹង​​ថា មុន​សម្រេច​បង្កើត​ប្រព័ន្ធ SECOS ដំបូង​ក្រុម​កញ្ញា​ចង់​ធ្វើ​កម្មវិធី​សម្រាប់​​បំពេញ​ចំណូល​ចិត្ត​អ្នក​ចូលចិត្ត​ដើរ​ញាំ ដែល​អាច​ធ្វើការ​ណែនាំ​ម្ហូប​ប្លែកៗ​ ប៉ុន្តែ​ដោយសារ​​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ណាមួយ​ត្រូវការ​ការ​សហការ​ពី​ហាង​នានា ទើប​សម្រេច​ប្តូរ​អភិវឌ្ឍ​ប្រព័ន្ធ​ SECOS នេះ​វិញ។

ទោះ​បី​​ប្រព័ន្ធ​ SECOS គ្រោង​ធ្វើ​តាំង​ពី​​ឆ្នាំ ២០១៤ ប៉ុន្តែ​ទើប​​តែ​ចាប់ផ្ដើម​ធ្វើ​ពេញ​ដៃ​ពេញ​ជើង​នៅ​ឆ្នាំ ២០១៥។ ក្រោយ​មាន​ការ​តេស្ត​និង​កែសម្រួល​មួយ​ចំនួន ទើប​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អំឡុង​ខែ តុលា ឆ្នាំ​២០១៧​ ។

បើ​តាម​យុវតី​រូប​នេះ SECOS ផ្ដោត​តែ​លើ​អាជីវកម្ម​ខ្នាត​តូច និង​ខ្នាត​មធ្យម​ដែល​មិន​សូវ​មាន​ថវិកាចំណាយច្រេីន។ គោលដៅ​ថ្ងៃ​ខាង​មុខ កញ្ញា​ចង់​អភិវឌ្ឍ​ប្រព័ន្ធ SECOS ដែល​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​និង​អតិថិជន​អាច​បង្កើត​ភាព​ដៃគូលេីការអភិវឌ្ឍជាមួយគ្នា៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី